ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖
2«ចូរធ្វើការរាប់ចំនួនប្រុសៗនៅក្នុងពូជពង្សរបស់លោកកេហាត់ ពីក្នុងចំណោមពួកលេវី តាមអំបូរ និងគ្រួសារដូនតារបស់ពួកគេ។
3ចូររាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ប្រុសៗទាំងនេះត្រូវចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។
4ពូជពង្សរបស់កេហាត់ត្រូវទទួលខុសត្រូវលើរបស់ដ៏បរិសុទ្ធបំផុតដែលបានបម្រុងទុកសម្រាប់យើងនៅក្នុងត្រសាលប្រជុំ។
5នៅពេលដែលជំរំរៀបនឹងចេញដំណើរទៅមុខទៀត លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចូលទៅក្នុងព្រះពន្លា ហើយយកវាំងននដែលបែងចែកទីបរិសុទ្ធបំផុតពីទីបរិសុទ្ធចុុះ ហើយគ្របហឹបនៃទីបន្ទាល់ជាមួយនឹងវាំងនននោះ។
6ពួកគេត្រូវគ្របហឹបជាមួយនឹងស្បែកផ្សោត។ ពួកគេត្រូវលាតក្រណាត់ពណ៌ខៀវពីលើវា។ ពួកគេត្រូវស៊កឈើស្នែងដើម្បីសែងវា។
7ពួកគេត្រូវគ្របក្រណាត់ពណ៌ខៀវនៅតុនំប៉័ងដែលនៅចំពោះព្រះអម្ចាស់។ ពួកគេត្រូវដាក់ចាន ស្លាបព្រា ចាន និងថូតសម្រាប់ចាក់។
8នំប៉័ងត្រូវតែរក្សានៅលើតុជានិច្ច។ ពួកគេត្រូវគ្រប់របស់ទាំងនោះដោយក្រណាត់ពណ៌ក្រហម ហើយនិងស្បែកផ្សោតពីលើមួយជាន់ទៀត។ ពួកគេត្រូវស៊កឈើស្នែងសម្រាប់សែងតុនោះ។
9ពួកគេត្រូវយកក្រណាត់ពណ៌ខៀវ ហើយគ្របពីលើជើងចង្កៀង និងពីលើចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ។
10ពួកគេត្រូវដាក់ជើងចង្កៀង និងគ្រឿងបរិក្ខារទាំងអស់ទៅក្នុងស្បែកផ្សោត ហើយពួកគេត្រូវដាក់របស់ទាំងនោះប្រដាប់សម្រាប់សែង។
11ពួកគេត្រូវយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយមាស។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយត្រូវស៊កឈើស្នែងដើម្បីសែងដែរ។
12ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងអស់សម្រាប់បម្រើការនៅក្នុងទីបរិសុទ្ធ ហើយត្រូវបត់វាដាក់នៅក្នុងក្រណាត់ពណ៌ខៀវ។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយដាក់គ្រឿងបរិក្ខារទាំងអស់នោះនៅលើប្រដាប់សែង។
13ពួកគេត្រូវយកផេះចេញពីកន្លែងថ្វាយតង្វាយ ហើយយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយនោះ។
14ពួកគេត្រូវដាក់គ្រឿងបរិក្ខារទាំងអស់ដែលពួកគេប្រើសម្រាប់កិច្ចការនៅកន្លែងថ្វាយតង្វាយនោះនៅនៅលើប្រដាប់សែង។ របស់របរទាំងនោះគឺគឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់កន្លែងថ្វាយតង្វាយ។ ពួកគេត្រូវគ្របកន្លែងថ្វាយតង្វាយដោយ​ស្បែក​ផ្សោត​ ហើយត្រូវ​ស៊ក​ឈើស្នែង​សម្រាប់​សែងផង។
15ពេលលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគ្របរបស់នៅក្នុងទីបរិសុទ្ធ និងគ្រឿងបរិក្ខារអស់ហើយ ហើយពេលជំរំរើទៅមុខទៀត នោះពូជពង្សរបស់កេហាត់ត្រូវចូលមកសែងរបស់នៅក្នុងទីបរិសុទ្ធនោះ។ ប្រសិនបើ ពួកគេបានសម្ភារបរិសុទ្ធ ពួកគេត្រូវស្លាប់។ នេះគឺជាកិច្ចការរបស់ពូជពង្សលោកកេហាត់ គឺសែងគ្រឿងបរិក្ខារនៅក្នុងត្រសាលប្រជុំ។
16លោកអេឡាសារ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​ប្រចាំ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ លោក​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទីបរិសុទ្ធ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទីបរិសុទ្ធដែរ»។
17ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖
18«កុំអនុញ្ញាតឲ្យកុលសម្ព័ន្ធនៃអំបូរកេហាត់រើចេញពីក្នុងចំណោមពួកលេវីឡើយ។
19ចូរការពារពួកគេ ធ្វើបែបនេះ នោះពួកគេនឹងបានរស់ មិនត្រូវស្លាប់ឡើយ។ ពេលពួកគេចូលមកក្នុងទីបរិសុទ្ធបំផុត
20ពួកគេមិនត្រូវចូលទៅក្នុងហើយមើលទីបរិសុទ្ធឡើយ ដ្បិត នៅពេលណាគេមើល​ ពួកគេនឹងស្លាប់មិនខាន។ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចាត់តាំងពួកកេហាត់ឲ្យធ្វើការរបស់ពួកគេ នៅធ្វើការនៅក្នុងភារកិច្ចពិសេសរបស់ពួកគេ»។
21ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
22«ចូររាប់ពូជពង្សរបស់លោក​គើសូនផងដែរ តាមគ្រួសារដូតារបស់ពួកគេ តាមអំបូររបស់ពួកគេ។
23ចូររាប់អស់អ្នកដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ចូររាប់ចំនួនពួកគេដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំទាំងអស់។
24នេះគឺជាកិច្ចការអំបូរ​គើសូន ពេលពួកគេបម្រើ និងអ្វីដែលពួកគេសែង។
25ពួកគេត្រូវសែងវាំងននរបស់ព្រះពន្លា ត្រសាលប្រជុំ គម្របរបស់វា និងគម្របស្បែកផ្សោតដែលនៅលើវា ហើយនិងវាំងននសម្រាប់ច្រកចូលនៅក្នុងត្រសាលប្រជុំ។
26ពួកគេត្រូវសែងវាំងនននៃទីលានដែរ និងវាំងននសម្រាប់ច្រកចូលទ្វារទីលាន ដែលនៅជិតព្រះពន្លា និងជិតកន្លែងថ្វាយតង្វាយ ខ្សែចង និងគ្រឿងបរិក្ខារទាំងអស់សម្រាប់កិច្ចការបម្រើរបស់ពួកគេ។ អ្វីក្តីដែលត្រូវ​ធ្វើជាមួយនឹងការទាំងនេះ ពួកគេត្រូវធ្វើវា។
27លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគឺជាអ្នកចង្អុលបង្ហាញកិច្ចការពូជពង្សរបស់លោកគើសូន និងអ្វីៗដែលត្រូវដឹកជញ្ជូន ព្រមទាំងកិច្ចការទាំងអស់ដែលពួកគេបម្រើ។ អ្នកត្រូវចាត់តាំងពួកគេសម្រាប់ទំនួលខុសត្រូវរបស់ពួកគេទាំងអស់។
28នេះគឺជាកិច្ចការបម្រើអំបូររបស់ពូជពង្ស​គើសូន សម្រាប់ត្រសាលនៃការជួបជុំ។ លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ត្រូវដឹកនាំពួកគេនៅកិច្ចការរបម្រើរបស់ពួកគេ។
29អ្នកត្រូវរាប់អំបូរលោកម្រ៉ារី តាមអំបូររបស់ពួកគេ ហើយចាត់លំដាប់ពួកគេតាមគ្រួសារនៃដូនតារបស់ពួកគេ។
30ត្រូវរាប់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់អាយុហាសិបឆ្នាំ។ រាប់មនុស្សគ្រប់គ្នាដែលនឹងចូលរួម ហើយបម្រើនៅក្នុងត្រសាលប្រជុំ។
31នេះគឺជាទំនួលខុសត្រូវរបស់ពួកគេ និងកិច្ចការរបស់ពួកគេនៅក្នុងការបម្រើនៅត្រសាលប្រជុំ។ ពួកគេត្រូវមើលខុសត្រូវលើបន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើងទ្រ សសរ
32និង​ជើង​ទ្រនៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​សែង។
33នេះគឺជាកិច្ចការបម្រើរបស់អំបូរនៃពូជពង្សលោកម្រ៉ារី និងអ្វីដែលពួកគេធ្វើសម្រាប់ត្រសាលប្រជុំនៅក្រោមការណែនាំរបស់លោកអ៊ីថា‌ម៉ារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន»។
34លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំនៅក្នុងសហគមន៍បានរាប់ពូជពង្សរបស់កេហាត់តាមអំបូរនៃគ្រួសារដូនតារបស់ពួកគេ។
35ពួកគេបានរាប់អំបូរកេហាត់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដេលចូលរួមដើម្បីបម្រើនៅក្នុងត្រសាលប្រជុំ។
36ពួកគេរាប់បានប្រុសៗទាំងអស់មានចំនួន ២, ៧៥០ នាក់ តាមអំបូររបស់ពួកគេ។
37លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់ និងគ្រួសារនៃកេហាត់ដែលបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ ឲ្យធ្វើតាមរយៈលោកម៉ូសេ។
38ពូជពង្សរបស់លោកគើសូនត្រូវបានរាប់តាមអំបូររបស់ពួកគេ តាមគ្រួសារដូនតារបស់ពួកគេដែរ។
39ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅរហូតដល់អាយុហាសិបឆ្នាំ គឺមនុស្សគ្រប់គ្នាដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។
40ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូររបស់ពួកគេ និងតាមគ្រួសារដូនតារបស់ពួកគេ មានចំនួន ២, ៦៣០នាក់។
41លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់អំបូរនៃពូជពង្សរបស់លោកគើសូន ដែលអាចបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។
42ពូជពង្សរបស់លោកម្រ៉ារីត្រូវបានរាប់តាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេដែរ។
43ចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ មនុស្សគ្រប់គ្នាដែលអាចចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។
44ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេមានចំនួន ៣, ២០០ នាក់។
45លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ នៅក្នុងពូជពង្សរបស់ម្រ៉ារី។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។
46ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំរបស់អ៊ីស្រាអែលបានរាប់ពួកគេលេវីទាំងអស់តាមអំបូរ នៅក្នុងគ្រួសារនៃដូនតារបស់ពួកគេ។
47ចាប់ពីអាយុសាមសិបឆ្នាំដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដែលអាចធ្វើការនៅក្នុងព្រះពន្លាបាន និងអ្នកដែលអាចសែង និងមើលថែសម្ភារនៅក្នុងត្រសាលប្រជុំដែរ។
48ពួកគេរាប់បានប្រុសៗចំនួន ៨, ៥៨០នាក់។
49លោកម៉ូសេបានរាប់មនុស្សម្នាក់ៗ ហើយបន្តរាប់តាមប្រភេទនៃការងារដែលតែងតាំងឲ្យពួកគេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់។ គាត់បានរាប់មនុស្សម្នាក់ៗតាមប្រភេទនៃទំនួលខុសត្រូវដែលពួកគេអាចទទួលបាន។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យពួកគេធ្វើតាមរយៈលោកម៉ូសេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។