ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 1

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងត្រសាលប្រជុំនៅទីរហោស្ថានភ្នំស៊ីណាយ។ ការនេះបានកើតឡើងនៅថ្ងៃទីមួយនៃខែទីពីរ នៅក្នុងអំឡុងឆ្នាំទីពីរបន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីប។ ព្រះអម្ចាស់បានមានបន្ទូលថា៖
2«ចូររាប់ចំនួនបុរសជនជាតិអ៊ីស្រាអែលទាំងអស់តាមអំបូរនីមួយៗ និងគ្រួសាររបស់ឪពុកពួកគេ។ ចូររាប់ពួកគេតាមឈ្មោះ។ ចូររាប់ប្រុសៗទាំងអស់ បុរសម្នាក់ៗ។
3គឺអ្នកដែលមានអាយុម្ភៃឆ្នាំ និងចាស់ជាង។ ចូររាប់មនុស្សទាំងអស់ដែលអាចប្រយុទ្ធបាន ដូចជាទាហានរបស់អ៊ីស្រាអែល។ អ្នក និងអ៊ើរ៉ុនត្រូវកត់ត្រាចំនួនបុរសនៅក្នុងអង្គភាពរបស់ពួកគេ។
4ក្នុងអំបូរនីមួយៗត្រូវមានបុរសម្នាក់ ដែលជាមេនៃអំបូរ ត្រូវបម្រើជាមួយអ្នក ក្នុងនាមជាអ្នកដឹកនាំកុលសម្ព័ន្ធរបស់គាត់។ អ្នកដឹកនាំនីមួយៗត្រូវនាំពួកប្រុសៗដែលជាអ្នកប្រយុទ្ធ ដើម្បីកុលសម្ព័ន្ធរបស់ខ្លួន។
5ឈ្មោះទាំងនេះគឺជាឈ្មោះរបស់អ្នកដឹកនាំដែលត្រូវចូលរួមប្រយុទ្ធជាមួយអ្នក។ មកពីកុលសម្ព័ន្ធរូបេន មានលោកអេលី‌ស៊ើរ ជា​កូន​របស់លោក​សេដេ‌អ៊ើរ
6មកពី​កុល‌សម្ព័ន្ធ​លោកស៊ីម្មាន មានលោកស្លូមាល​ជា​កូន​របស់​លោកស៊ូរី‌សាដាយ។
7មកពី​កុល‌សម្ព័ន្ធ​យូដា មានលោកណាសូន​ ជា​កូន​របស់លោក​អមីណា‌ដាប់។
8មកពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មានលោកនេថា‌​នេល​ ជា​កូន​របស់លោក​ស៊ូហារ។
9មកពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មានលោកអេលាប​ ជា​កូន​របស់លោក​ហេឡូន។
10មកពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែលជាកូនប្រុស​របស់​លោកយ៉ូសែប មានលោកអេលី‌សាម៉ា ​ជា​កូនប្រុស​របស់​លោកអាំមី‌ហ៊ូដ មកពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​លោកកាម៉ា‌លាល​ ជា​កូន​របស់​លោកផ្តាស៊ើរ។
11មកពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​លោកអប៊ីដាន​ ជា​កូន​របស់​លោក​គីដា‌ហូនី។
12មកពី​កុល‌សម្ព័ន្ធ​ដាន់ មាន​លោកអហ៊ីយេ‌ស៊ើរ ​ជា​កូន​របស់​​លោកអាំមី‌សាដាយ។
13មកពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មាន​លោកប៉ាគី‌ហ៊ាល​ ជា​កូន​របស់​​លោកអូក្រាន។
14មកពី​កុល‌សម្ព័ន្ធ​កាដ មាន​លោកអេលា‌សាប់ ​ជា​កូន​របស់​​លោកដេហូ‌អែល។
15មកពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​លោកអហ៊ី‌រ៉ា​ ជា​កូន​របស់​​លោកអេណាន់។
16បុរសទាំងនេះគឺជាអ្នកដែលបានជ្រើសរើសពីប្រជាជន។ ពួកគេជាមេដឹកនាំនៃកុលសម្ព័ន្ធបុព្វបុរសរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំរបស់អំបូរនៅក្នុងអ៊ីស្រាអែល។
17លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកបុរសទាំងនេះ ដែលបានកត់ឈ្មោះ
18និងរួមជាមួយពួកប្រុសៗដែលបានប្រមូលពីសហគមន៍អ៊ីស្រាអែលទាំងអស់នៅក្នុងថ្ងៃទីមួយនៃខែទីពីរ។ ពេលនោះ បុរសម្នាក់ៗមានអាយុម្ភៃឆ្នាំឡើងទៅ បានបានបង្ហាញអត្តសញ្ញាណនៃវង្សត្រកូលរបស់ពួកគេ។ ពួកគេបានចុះឈ្មោះអំបូរ និងគ្រួសារ​ ព្រមទាំងតាមពូជពង្ស ដែលពីមកខ្សែស្រឡាយរបស់ពួកគេ។
19នោះ លោកម៉ូសេបានកត់ត្រាចំនួនរបស់ពួកគេនៅក្នុងទីរហោស្ថានស៊ីណាយ ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់ឲ្យធ្វើ។
20មកពីពូជពង្សរបស់​​រូបេន ដែលត្រូវជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ឈ្មោះរៀងខ្លួន និង ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាម​អំបូរដូនតា និងតាម​គ្រួសារ​របស់ពួកគេ។
21មកពីកុលសម្ព័ន្ធរូបេន ពួកគេរាប់បុរសបានចំនួន ៤៦, ៥០០នាក់។
22មកពីពូជពង្សរបស់លោក​ស៊ីម្មាន រាប់​តាម​ឈ្មោះរៀងខ្លួន និង​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាម​អំបូរដូនតា និងតាម​គ្រួសាររបស់ពួកគេ។
23មក​ពីកុល‌សម្ព័ន្ធ​ស៊ីម្មាន​ ពួកគេរាប់បុរសបានចំនួន​ ៥៩, ៣០០ នាក់។
24មកពីពូជពង្សរបស់​លោក​កាដ រាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
25មកពី​កុល‌សម្ព័ន្ធ​​កាដ​ ពួកគេរាប់បុរស​បាន​ចំនួន ៤៥, ៦៥០ នាក់។
26មកពីពូជពង្សរបស់លោក​យូដា រាប់​តាមឈ្មោះរៀងខ្លួន និងបុរស​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
27មកពី​កុល‌សម្ព័ន្ធ​​យូដា​ ពួកគេរាប់​បុរសបានចំនួន ៧៤, ៦០០ នាក់។
28មកពីពូជពង្សរបស់​លោក​អ៊ីសា‌ខារ រាប់​តាម​ឈ្មោះរៀងខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
29មកពី​កុល‌សម្ព័ន្ធ​​អ៊ីសា‌ខារ ពួកគេរាប់បុរសបានចំនួន ៥៤, ៤០០​នាក់។
30មកពីពូជពង្សរបស់​លោក​សាប់យូ‌ឡូន រាប់​តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែល​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
31មកពី​កុល‌សម្ព័ន្ធ​​សាប់យូ‌ឡូន​ ពួកគេរាប់បុរសបានចំនួន ៥៧, ៤០០ នាក់។
32មកពីពូជពង្សរបស់​លោក​អេប្រាអ៊ីម កូនប្រុសរបស់​លោក​យ៉ូសែបរាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន ​គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
33មកពីកុល‌សម្ព័ន្ធ​​អេប្រាអ៊ីម​ ពួកគេរាប់បុរសបានចំនួន ៤០, ៥០០ នាក់។
34មកពីពូជពង្សរបស់លោក​ម៉ាណា‌សេ រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែល​អាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
35មកពី​កុល‌សម្ព័ន្ធ​​ម៉ាណា‌សេ ពួកគេរាប់បុរសបានចំនួន ៣២, ២០០ នាក់។
36មកពីពូជពង្សរបស់លោក​បេន‌យ៉ាមីន រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​ចាស់ជាង ដែលអាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
37មកពី​កុល‌សម្ព័ន្ធ​​លោកបេន‌យ៉ាមីន​ ពួកគេរាប់បុរសបានចំនួន ៣៥, ៤០០ នាក់។
38មកពីពូជពង្សរបស់លោក​ដាន់ រាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​ចាស់ជាង ដែលអាច​ចេញទៅធ្វើសង្គ្រាម​បាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
39មកពី​កុល‌សម្ព័ន្ធ​​ដាន់ ពួកគេរាប់បុរស​បាន​ចំនួន ៦២, ៧០០ នាក់។
40មកពីពូជពង្សរបស់លោក​អេ‌ស៊ើរ រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ចាស់ជាង ដែល​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
41មកពី​កុល‌សម្ព័ន្ធ​​អេ‌ស៊ើរ ពួកគេរាប់បុរស​បាន​ចំនួន ៤១, ៥០០ នាក់។
42មកពីពូជពង្សរបស់​លោក​ណែប‌ថាលី រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន ​គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
43មកពី​កុល‌សម្ព័ន្ធ​​ណែប‌ថាលី ពួកគេរាប់បុរស​បាន​ចំនួន ៥៣, ៤០០ នាក់។
44លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ ជាមួយនឹងបុរសទាំងដប់ពីរ ដែលនឹកនាំកុលសម្ព័ន្ធទាំងដប់ពីរបស់អ៊ីស្រាអែល។
45ដូច្នេះ បុរសទាំងអស់របស់អ៊ីស្រាអែលចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង មនុស្សទាំងអស់អាចចេញទៅធ្វើសង្គ្រាមបាន ត្រូវបានរាប់តាមគ្រួសារនីមួយៗរបស់ពួកគេ។
46ពួកគេរាប់បានបុរសចំនួន ៦០៣, ៥៥០ នាក់។
47ប៉ុន្តែ បុរសដែលមានពីពូជពង្សរបស់លេវីមិនបានរាប់ទេ
48ពីព្រោះព្រះអម្ចាស់បានមានបន្ទូលនឹងលោកម៉ូសេថា៖
49«អ្នកមិនត្រូវរាប់កុលសម្ព័ន្ធលេវី ឬបូកបញ្ចូលពួកគេនៅក្នុងចំនួនសរុបរបស់ប្រជាជនអ៊ីស្រាអែលឡើយ។
50ផ្ទុយទៅវិញ ត្រូវតែងតាំងពួកលេវីឲ្យមើលថែព្រះពន្លានៃសម្ពន្ធមេត្រី និងថែរក្សាគ្រឿងបរិក្ខារ នៅក្នុងព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ ពួកលេវីត្រូវសែងព្រះពន្លា ហើយពួកគេត្រូវសែងគ្រឿងបរិក្ខាររបស់ព្រះពន្លាផងដែរ។ ពួកគេត្រូវថែរក្សាព្រះពន្លា ហើយត្រូវតាំងជំរំនៅជុំវិញព្រះពន្លាដែរ។
51នៅពេលព្រះពន្លាត្រូវរើសចេញទៅកន្លែងផ្សេងទៀត ពួកលេវីត្រូវរើព្រះពន្លាចេញ។ នៅពេលព្រះពន្លាត្រូវដំឡើង ពួកលេវីត្រូវដំឡើងវាវិញ។ អ្នកដទៃដែលចូលមកជិតព្រះពន្លា ត្រូវសម្លាប់ចោល។
52នៅពេលជនជាតិអ៊ីស្រាអែលដំឡើងត្រសាលរបស់ពួកគេ បុរសម្នាក់ៗត្រូវធ្វើធ្វើនៅជិតទង់ជ័យដែលជាកម្មសិទ្ធិរបស់អង្គភាពរបស់ខ្លួន។
53ប៉ុន្តែ ពួកលេវីត្រូវដំឡើងត្រសាលរបស់ពួកគេនៅជុំវិញព្រះពន្លានៃសម្ពន្ធមេត្រី ដើម្បីកុំឲ្យសេចក្តីក្រោធរបស់យើងធ្លាក់មកលើអ៊ីស្រាអែល។ ពួកលេវីត្រូវថែរក្សាព្រះពន្លានៃសម្ពន្ធមេត្រី»។
54ប្រជាជនអ៊ីស្រាអែលធ្វើតាមការនេះទាំងអស់។ ពួកគេធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។