ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 12

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក អ្នក​ស្រី​ម៉ារាម និង​លោក​អើរ៉ុនបាននិយាយប្រឆាំងនឹងលោកម៉ូសេ ដោយសារស្រី្តជនជាតិគូស ដែលលោកបានរៀបការជាមួយ។
2ពួកគេនិយាយថា៖ «តើព្រះអម្ចាស់មានបន្ទូលជាមួយតែលោកម៉ូសេទេឬអី? តើព្រះអង្គមិនបានមានបន្ទូលជាមួយយើងខ្ញុំទេឬ?»
3ពេលនោះ ព្រះអម្ចាស់បានឮអ្វីដែលពួកគេនិយាយគ្នា។ លោកម៉ូសេជាមនុស្សបន្ទាបខ្លួន គឺជាអ្នកដែលបន្ទាបខ្លួនជាងគេបំផុតនៅលើផែនដី។
4រំពេញនោះ ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ លោកអ៊ើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីចេញមក​ឯ​ត្រសាលប្រជុំ»។ ដូច្នេះ ពួកគេ​ទាំងបីនាក់ក៏បានចេញមក។
5នោះ ព្រះអម្ចាស់បានយាងចុះមកនៅក្នុង​បង្គោល​ពពក។ ព្រះអង្គគង់នៅត្រង់ច្រកចូលត្រសាល ហើយបានមានបន្ទូលមកលោកអ៊ើរ៉ុន និងអ្នកស្រីម៉ារាម។ ពួកគេទាំងពីរនាក់ក៏ចេញមកខាងមុខ។
6ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង។ នៅពេលព្យាការីរបស់យើងនៅជាមួយអ្នក យើងនឹងបង្ហាញខ្លួនយើងដល់គាត់នៅក្នុងនិមិត្ត និងមានបន្ទូលទៅគាត់តាមរយៈសុបិន។
7លោកម៉ូសេជាអ្នកបម្រើយើងមិនដូច្នោះទេ។ លោកជាមនុស្សស្មោះត្រង់នៅក្នុងដំណាក់របស់យើង។
8យើងបាននិយាយជាមួយលោកម៉ូសេដោយផ្ទាល់ មិនមែនដោយនិមិត្ត ឬពាក្យប្រៀបធៀបឡើយ។​ លោកបានឃើញយើងទល់មុខ។ ដូច្នេះ ហេតុអ្វីបានជាអ្នកហ៊ាននិយាយប្រឆាំងជាមួយអ្នកបម្រើរបស់យើង គឺប្រឆាំងនឹងលោកម៉ូសេដូច្នេះ?
9ព្រះអម្ចាស់ព្រះពិរោធទាស់នឹងពួកគេ ហើយបន្ទាប់មកព្រះអង្គបានចាកចេញពីពួកគេទៅ។
10ពពកបានអណ្ដែតចេញ​ពី​លើត្រសាល ហើយ​អ្នកស្រី​ម៉ារាម​ក៏កើត​ជំងឺឃ្លង់មួយរំពេច​ ខ្លួនរបស់អ្នកស្រី​សរ​ដូច​ជា​ហិមៈ។ នៅពេល​ដែល​លោក​អើរ៉ុន​បែរ​ទៅ​រក​អ្នកស្រី​ម៉ារាម​ គាត់​ក៏​បាន​ឃើញ​ថា​អ្នកស្រី​មាន​ជំងឺ​ឃ្លង់។
11លោក​អើរ៉ុន​មានប្រសាសន៍ទៅ​លោក​ម៉ូសេថា៖ «ឱ! លោកម្ចាស់របស់ខ្ញុំអើយ! សូម​កុុំ​ប្រកាន់ទោស​ទាស់​នឹង​យើង​​ខ្ញុំអី។ យើងខ្ញុំបាន​និយាយ​បែបឆោតល្ងង់​ ហើយយើង​ក៏​បាន​ធ្វើបាបដែរ។
12សូម​កុំឲ្យនាង​ដូច​ជាទារកទើប​នឹងកើត​ហើយ​ស្លាប់ទៅ​វិញ​ដែល​មាន​រូប​កាយ​រលួយ​ពាក់​កណ្តាល​ចេញ​ពី​ផ្ទៃម្តាយ​របស់​វាឡើយ។​
13ដូច្នេះ លោក​ម៉ូសេ​បាន​អំពាវនាវ​រក​ព្រះអម្ចាស់ ដោយ​លោក​បាន​ពោល​ថា៖ ​«​ឱ!​ ព្រះអម្ចាស់អើយ សូមមេត្តា​​ប្រោសនាង​ឲ្យ​បានជា​ផង»​។
14ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​លោក​​ម៉ូ​សេ​ថា៖​​ «​ប្រសិន​បើ ​ឪពុក​របស់​នាង​ស្ដោះ​ទឹក​មាត់​ដាក់លើ​មុខ​នាង នោះ​នាង​នឹង​ត្រូវ​អាម៉ាស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ​ត្រូវ​បង្ខាំង​នាង​ទុក​នៅ​ខាង​ក្រៅ​ជំរំរយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ដែរ រួច​ចាំនាំ​នាង​មក​វិញ»។
15ដូច្នេះ​ នាង​ម៉ារាម​ត្រូវបានគេបង្ខាំង​នៅ​ខាង​ក្រៅ​ជំរំ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។​ ​ប្រជាជន​មិន​ធ្វើ​ដំណើរ​ឡើយ​ រហូត​ទាល់តែ​នាង​ម៉ារាម​ត្រឡប់​មក​វិញ។​
16បន្ទាប់ពីនោះមក ប្រជាជនបានធ្វើដំណើរពីហាសិរ៉ូត​ ហើយ​ទៅ​បោះ​ជំរំ​នៅ​ទី​រហោស្ថាន​ប៉ារ៉ាន។​
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។