1នៅគ្រានោះ ប្រជាជននាំគ្នារអ៊ូរទាំពីទុក្ខលំបាករបស់ពួកគេ ហើយព្រះអម្ចាស់ក៏ឮ។ ព្រះអម្ចាស់បានឮពីប្រជាជន ហើយព្រះអង្គក៏មានសេចក្តីក្រោធឡើង។ ភ្លើងចេញពីព្រះអម្ចាស់មកបានឆេះនៅក្នុងចំណោមពួកគេ ហើយបានឆាបឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។
2បន្ទាប់មក ប្រជាជនបានស្រែករកលោកម៉ូសេ ដូច្នេះ លោកម៉ូសេបានអធិស្ឋានរកព្រះអម្ចាស់ ហើយភ្លើងក៏លែងឆេះ។
3គេបានហៅកន្លែងនោះថាតាបេរ៉ា ព្រោះភ្លើងរបស់ព្រះអម្ចាស់បានឆេះនៅកណ្តាលចំណោមពួកគេ។
4មានជនបរទេសខ្លះបានបោះជំរំនៅជាមួយកូនចៅអ៊ីស្រាអែល។ ពួកគេចង់បានអាហារដែលប្រសើរជាង ដើម្បីហូប។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមយំ ហើយនិយាយថា៖ «តើអ្នកនរណាឲ្យសាច់ដល់យើងហូប?
5យើងនឹកចាំពីត្រីដែលយើងបានហូបនៅអេស៊ីបដោយសេរី ផ្លែត្រសក់ ឪឡឹក និងស្លឹកខ្ទឹម ខ្ទឹមក្រហម និងខ្ទឹមសដែរ។
6តែឥឡូវនេះ អាហារដែលយើងចង់ហូបលែងមានទៀតហើយ ព្រោះអ្វីដែលយើងឃើញគឺមានតែនំម៉ាណានេះប៉ុណ្ណោះ»។
7នំម៉ាណាមានរាងដូចជាគ្រាប់ល្ង។ មើលទៅរាងដូចជ័រឈើ។ ប្រជាជនដើរ ហើយប្រមូលវា។
8ពួកគេកិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចម្អិនក្នុងឆ្នាំងធ្វើជានំ។ វាមានរសជាតិដូចជានំដែលគេដុតដោយប្រេងអូលីវ។
9នៅពេលទឹកសន្សើមធ្លាក់នៅលើជំរំនៅពេលយប់ នំម៉ានាក៏ធ្លាក់មកដែរ។
10លោកម៉ូសេបានឮប្រជាជនយំនៅក្នុងគ្រួសាររបស់ពួកគេ ហើយបុរសគ្រប់រូបបាននៅត្រង់ច្រកចូលត្រសាលរបស់ពួកគេ។ ព្រះអម្ចាស់មានសេចក្តីក្រោធជាខ្លាំង ហើយនៅក្នុងក្រសែភ្នែករបស់លោកម៉ូសេ ការរអ៊ូរទាំរបស់ពួកគេមិនត្រូវទេ។
11លោកម៉ូសេបានទូលទៅព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គអាក្រក់យ៉ាងនេះ? ហេតុអ្វីបានជាព្រះអង្គមិនគាប់ព្រះហឫទ័យនឹងទូលបង្គំដូច្នេះ? ព្រះអង្គបានធ្វើឲ្យទូលបង្គំទទួលបន្ទុកនៃប្រជាជនទាំងនេះ?
12តើទូលបង្គំជាអ្នកបង្កើតពួកគេមែនទេ បានជាព្រះអង្គមានបន្ទូលមកទូលបង្គំ បីទ្រពួកគេនៅលើទ្រូងរបស់ទូលបង្គំ ប្រៀបដូចជាឪពុកបីទ្រកូនដូច្នេះ?» តើគួរឲ្យទូលបង្គំបីទ្រពួកគេឲ្យទៅដល់ទឹកដីដែលព្រះអង្គបានស្បថជាមួយដូនតារបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ?
13តើឲ្យទូលបង្គំទៅរកសាច់ពីណាមកឲ្យដល់មនុស្សទាំងអស់នេះ? ពួកគេយំនៅចំពោះទូលបង្គំ ហើយនិយាយថា៖ «សូមឲ្យសាច់មកយើងខ្ញុំហូបផង»។
14ទូលបង្គំទ្រាំជាមួយមនុស្សទាំងអស់នេះតែម្នាក់ឯងលែងបានហើយ។ ពួកគេជាបន្ទុករបស់ទូលបង្គំខ្លាំងពេកហើយ។
15ប្រសិនបើ ព្រះអង្គប្រព្រឹត្តជាមួយទូលបង្គំបែបនេះ សូមសម្លាប់ទូលបង្គំចុះ ប្រសិនបើព្រះអង្គមេត្តាដល់ទូលបង្គំ ដូច្នេះ សូមដកយកទុក្ខលំបាកនេះចេញពីទូលបង្គំផង»។
16ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំពួកចាស់ទុំរបស់អ៊ីស្រាអែលចិតសិបនាក់មករកយើង។ ចូរប្រាកដថា ពួកគេគឺជាចាស់ទុំ និងជាអ្នកដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកនៅត្រង់ត្រសាលប្រជុំ ដើម្បីឈរនៅទីនោះជាមួយអ្នក។
17យើងនឹងចុះមក ហើយនិយាយជាមួយអ្នកនៅទីនោះ។ យើងនឹងដកយកវិញ្ញាណខ្លះដែលនៅលើអ្នក ហើយវិញ្ញាណនោះនឹងនៅលើពួកគេ។ ពួកគេនឹងចែករំលែកបន្ទុករបស់ប្រជាជនពីអ្នក។ អ្នកមិនចាំបាច់ទទួលបន្ទុកតែម្នាក់ឯងទេ។
18ចូរប្រាប់ប្រជាជនឲ្យ «ចូរញែកខ្លួនរបស់អ្នករាល់គ្នាជាបរិសុទ្ធ សម្រាប់ថ្ងៃស្អែក ហើយអ្នករាល់គ្នានឹងបានហូបសាច់ពិតប្រាកដមែន ដ្បិត អ្នករាល់គ្នាបានយំ ហើយព្រះអម្ចាស់បានឮ។ អ្នករាល់គ្នានិយាយថា៖ «តើអ្នកណានឹងឲ្យសាច់មកយើងហូប? ដ្បិត ពួកយើងនៅស្រុកអេស៊ីប នោះប្រសើរជាង»។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានសាច់មក ហើយអ្នករាល់គ្នានឹងបានបរិភោគវា។
19អ្នកមិនគ្រាន់តែហូបសាច់តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃឡើយ
20ប៉ុន្តែ អ្នករាល់គ្នានឹងហូបសាច់ពេញមួយខែ រហូតទាល់តែសាច់នោះឡើងដល់ច្រមុះរបស់អ្នករាល់គ្នា។ វានឹងធ្វើឲ្យអ្នករាល់គ្នាធុញទ្រាន់ ដោយសារអ្នករាល់គ្នាបដិសេធព្រះអម្ចាស់ ដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំនៅចំពោះព្រះអង្គ។ អ្នករាល់គ្នានិយាយថា៖ «ហេតុអ្វីបានជាយើងចាកចេញពីអេស៊ីប?»។
21បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ថា៖ «ទូលបង្គំចំនួនប្រាំមួយសែននាក់ ហើយអ្នករាល់គ្នានិយាយថា៖ «យើងនឹងឲ្យសាច់ដល់ពួកគេហូប ពេញមួយខែ»។
22តើគួរឲ្យយើងសម្លាប់ហ្វូងចៀម និងហ្វូងសត្វ ដើម្បីចម្អែតពួកគេមែនទេ? តើយើងគួរចាប់ត្រីនៅក្នុងសមុទ្រ ដើម្បីចម្អែតពួកគេមែនទេ?»
23ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើព្រះហស្តរបស់យើងខ្លីមែនទេ? ឥឡូវនេះ អ្នករាល់គ្នានឹងឃើញ ថាតើពាក្យរបស់យើងពិតឬមិនពិត»។
24លោកម៉ូសេបានចាកចេញ ហើយបាននាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ គាត់បានប្រមូលពួកចាស់ទុំរបស់ប្រជាជនចំនួនចិតសិបនាក់ ហើយដាក់ឲ្យឈរនៅជុំវិញព្រះពន្លា។
25ព្រះអម្ចាស់បានយាងចុះមកនៅលើពពក ហើយមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់បានយកវិញ្ញាណខ្លះដែលនៅលើលោកម៉ូសេ ហើយបានដាក់វិញ្ញាណនោះនៅលើពួកចាស់ទុំទាំងចិតសិបនាក់។ នៅពេលព្រះវិញ្ញាណសណ្ឋិតលើពួកគេ ពួកគេបានថ្លែងទំនាយ ប៉ុន្តែ សម្រាប់តែឱកាសនោះតែប៉ុណ្ណោះ គ្មានម្តងទៀតទេ។
26មានបុរសពីរនាក់ស្ថិតនៅក្នុងជំរំ ឈ្មោះលោកអែលដាដ និងម្នាក់ទៀតឈ្មោះលោកមីដាដ។ ព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ។ ឈ្មោះរបស់ពួកគេបានសរសេរនៅក្នុងបញ្ជី ប៉ុន្តែ ពុំបានទៅពន្លាទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។
27មានយុវជនម្នាក់នៅក្នុងជំរំបានរត់ ហើយប្រាប់លោកម៉ូសេថា៖ «លោកអែលដាដ និងលោកលោកមីដាដកំពុងថ្លែងទំនាយនៅក្នុងជំរំ»។
28លោកយ៉ូសេ្វ កូនប្រុសរបស់លោកនុន ជាអ្នកជំនួយលោកម៉ូសេ ជាម្នាក់នៃបុរសដែលបានជ្រើសរើស ប្រាប់លោកម៉ូសេថា៖ «លោកម្ចាស់របស់ខ្ញុំអើយ សូមឃាត់ពួកគេផង!»។
29លោកម៉ូសេមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំមែនទេ? ខ្ញុំប្រាថ្នាចង់ឲ្យប្រជារាស្រ្តរបស់ព្រះអម្ចាស់ទាំងអស់ជាព្យាការី ហើយព្រះអង្គអាចដាក់វិញ្ញាណរបស់ព្រះអង្គលើពួកគេគ្រប់គ្នា»។
30បន្ទាប់មក លោកម៉ូសេ ហើយពួកចាស់ទុំរបស់អ៊ីស្រាអែលបានត្រឡប់ទៅជំរំវិញ។
31បន្ទាប់មក ខ្យល់បានបក់ពីព្រះអម្ចាស់មក ហើយបាននាំសត្វក្រួចពីសមុទ្រមក។ សត្វក្រួចទាំងនោះបានហើរមកជិតជំរំ ចម្ងាយប្រហែលធ្វើដំណើរមួយថ្ងៃនៅខាងនេះ និងមួយថ្ងៃនៅខាងនោះ។ សត្វក្រួចនៅជុំវិញជំរំកម្ពស់ប្រហែលពីរហត្ថពីដី។
32ប្រជាជនរវល់នឹងចាប់សត្វក្រួចពេញមួយថ្ងៃ និងមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់។ គ្មាននរណាម្នាក់ប្រមូលបានតិចជាដប់បាវនៃសត្វក្រួចឡើយ។ ពួកគេហាលសាច់សត្វក្រួចទាំងនោះ ទុកសម្រាប់ខ្លួនគេនៅជុំវិញជំរំ។
33នៅពេលសាច់នៅក្នុងមាត់របស់ពួកគេ កំឡុងពេលដែលពួកគេកំពុងទំពារនៅនឹងមាត់របស់ពួកគេ ព្រះអម្ចាស់មានសេចក្តីក្រោធជាមួយពួកគេ។ ព្រះអង្គបានប្រហារប្រជាជនជាមួយនឹងគ្រោះកាចមួយយ៉ាងធំ។
34គេហៅឈ្មោះកន្លែងនោះថា គីប្រូត-ហាតាវ៉ា ព្រោះនៅទីនោះ ពួកគេបានបញ្ចុះសពប្រជាជនដែលមានចិត្តលោភលន់។
35ប្រជាជនបានធ្វើដំណើរពី គីប្រូត-ហាតាវ៉ាទៅហាសិរ៉ូត ហើយពួកគេក៏ស្នាក់នៅទីនោះ។