ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 13

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ​ព្រះអម្ចាស់​បាន​មានបន្ទូល​មក​លោក​ម៉ូ​សេ​ថា​៖​ «ចូរ​ចាត់​មនុស្ស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កា​ណាន​ ដែលយើង​បាន​ប្រទាន​ដល់​ប្រជាជន​អ៊ីស្រាអែល​។
2គឺ​ត្រូវ​ចាត់​មនុស្ស​ប្រុស​ម្នាក់​ពីកុលសម្ព័ន្ធនីមួយៗ​នៃ​ដូនតា​របស់ខ្លួន។ ហើយ​បុរស​ទាំងនោះ​ត្រូវ​ជា​មេដឹកនាំ​ក្នុង​ចំណោម​ពួក​គេ។​
3លោក​ម៉ូ​សេ​ក៏​បាន​ចាត់ពួក​គេ​ពី​ទី​រហោស្ថានប៉ារ៉ាន​ ដើម្បីឲ្ុពួកគេអាចធ្វើតាម​បង្គាប់​របស់​ព្រះអម្ចាស់​។ ពួក​គេ​ទាំងអស់​គ្នា​សុទ្ធ​តែ​ជា​មេ​ដឹកនាំ​ក្នុង​ចំណោម​ពួក​កូន​ចៅ​អ៊ីស្រាអែល​។​
4ទាំងនេះ​គឺ​ជា​ឈ្មោះ​របស់​ពួក​គេ​ៈ ពីកុលសម្ព័ន្ធ​រូបេន​ គឺលោក​សាំមួរ ជា​កូនប្រុស​របស់លោកសាគើរ។​
5ពីកុលសម្ព័ន្ធស៊ីម្មាន គឺលោក​សាផាត ជា​កូន​ប្រុស​របស់​លោក​ហូរី។
6ពី​កុលសម្ព័ន្ធយូដា គឺ​លោក​កាលែប ជា​កូន​ប្រុស​របស់​លោក​​យេ​ភូនេ។
7ពី​កុលសម្ព័ន្ធ​អ៊ីសាខា​ គឺលោក​យីកាល់ ជា​កូនប្រុស​របស់​លោក​យ៉ូសែប។
8ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គឺលោក​​ហូសេ ជាកូន​​ប្រុស​របស់លោក​នូន។
9ពីកុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​លោកប៉ាលធី​ ជា​កូនប្រុស​របស់​លោក​រ៉ាភូ។
10ពីកុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​លោក​កាឌាល ជា​កូនប្រុស​របស់​លោក​សូឌី។
11ពីកុល‌សម្ព័ន្ធ​យ៉ូសែប (ដែលហៅថា ពីកុលសម្ព័ន្ធម៉ាណា‌សេ) គឺ​លោក​កាឌី ជា​កូន​ប្រុស​​របស់​លោក​ស៊ូស៊ី។
12ពីកុលសម្ព័ន្ធ​ដាន់ គឺ​លោក​អាំមាល ជា​កូន​ប្រុសរបស់​លោក​កេម៉ា‌លី។
13ពីកុល‌សម្ព័ន្ធ​អេស៊ើ គឺ​លោក​សេធើរ ជា​កូនប្រុស​របស់​លោក​មីកែល។
14ពីកុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​ណាប៊ី ជា​កូនប្រុស​របស់​លោក​វ៉ូប‌ស៊ី។
15ពីកុល‌សម្ព័ន្ធ​កាដ គឺ​លោក​កេ‌អួល ជា​កូន​ប្រុសរបស់​លោក​ម៉ាគី។
16ទាំងនេះ​​គឺជា​ឈ្មោះ​របស់​អស់អ្នក​​ដែល​លោក​ម៉ូ​សេ​បាន​ចាត់​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ហៅ​លោក​ហូ​សេ​ ជា​កូន​ប្រុសរបស់លោក​នូនថា យូ៉ស្វេ​។​
17លោក​ម៉ូ​សេបានចាត់​ពួក​គេ​ឲ្យ​ទៅសង្កេត​មើល​ស្រុក​កាណាន។ លោក​បាន​ប្រាប់​ពួក​គេ​ថា​​៖​ «​ចូរ​ទៅតំបន់ណេកិប​ ហើយ​ឡើង​ទៅតាម​តំបន់ភ្នំ។
18ចូរ​ពិនិត្យ​មើល​ស្រុកនោះ​មាន​លក្ខណ​ដូច​ម្ដេច​។ ចូរសង្កេតមើល​ប្រជាជន​ដែលរស់នៅ​ទី​នោះ​ តើ​ពួក​គេ​ខ្លាំង​ពូកែ ឬក៏​ខ្សោយ​​ ហើយ​តើ​ពួក​គេ​មាន​គ្នា​ច្រើន​ ឬក៏​តិច​។
19ចូរពិ​និត្យ​​មើល​ថា តើស្រុក​ដែល​ពួក​គេ​រស់​នៅនោះ​មានលក្ខណ​ដូចម្ដេច ល្អ​ ឬ​អាក្រក់? តើ​ទី​​ក្រុង​​នៅ​ទីនោះយ៉ាងម៉េច?​ ​ជាជំរំ ​ឬទី​ក្រុងដែល​មានកំពែង​រឹងមាំ?
20ចូរមើល​ថា​តើ ដី​យ៉ាង​ម៉េច​ដែរ តើ​ល្អ​សម្រាប់​ដាំ​ដំណាំ ឬ​ក៏​មិនល្អ? តើ​មាន​ដើម​ឈើច្រើន ឬក៏​អត់? ចូរ​មាន​ចិត្ត​ក្លា​ហាន ហើយ​ត្រូវ​នាំ​ផល​ពី​ស្រុក​នោះ​ខ្លះ​ត្រឡប់មកវិញផង​»។ ពេលនោះ ជា​រដូវ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​ទុំ​ដំបូង​។
21ដូច្នេះ​ បុរស​ទាំងនោះ​បាន​ឡើង​ទៅ​សង្កេត​មើល​ស្រុកនោះ​ចាប់​ពី​ទី​រហោស្ថាន​ស៊ី​ន​រហូត​ដល់​រេហូប​ ដែល​នៅ​ជិត​ក្រុង​​ហាម៉ាត់។​
22ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ពីតំបន់​ណេ​កិប​ទៅ​ដល់ក្រុង​ហេប្រូន។ នៅទី​នោះ​មាន​លោកអហ៊ី‌ម៉ាន ​លោកសេសាយ និង​​លោកតាល់‌ម៉ាយ ជាពូជពង្ស​​របស់​លោក​អណាក់​រស់​នៅ។​ ពេលនោះ ​ក្រុង​ហេប្រូន​បានសង់​ឡើង​មុន​ក្រុង​សូរ​អាន​នៅ​ស្រុក​អេស៊ីប​ប្រាំពីរឆ្នាំ។
23នៅ​ពេល​ដែ​ល​ពួក​គេ​ធ្វើ​ដំណើ​ទៅ​ដល់​ជ្រលង​អែសកុស ពួក​គេ​បាន​កាត់​យក​ផ្លែ​ទំពាំ​បាយជូរ​មួយចង្កោម។​ ពួក​គេយក​ដងរែកសែង​ចង្កោម​ទំពាំង​បាយជូរនោះដោយ​គ្នា​ពីរ​​នាក់។​ ពួកគេ​ក៏​យក​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​​មក​ជាមួយ​ដែរ។​
24​គេ​បាន​ដាក់ឈ្មោះ​កន្លែង​នោះថា​ ជ្រលង​អែស​កុស ដោយ​ព្រោះ​តែចង្កោម​ទំពាំង​បាយជូរ​ដែលពួ​ក​កូ​ន​ចៅ​អ៊ីស្រាអែល​បានកាត់នៅ​ទី​នោះ។​
25សែសិប​ថ្ងៃ​ក្រោយមក​ ពួក​គេ​ក៏​ត្រឡប់មកពី​សង្កេត​ស្រុកនោះ​វិញ។
26ពួគ​គេ​បាន​មក​ជួប​លោកម៉ូសេ​ លោក​អ៊ើរ៉ុន និង​សហគមន៍អ៊ីស្រាអែល​ទាំងមូល​នៅ​​ត្រង់​កាឌែស ក្នុង​ទីរហោស្ថាន​​ប៉ារ៉ាន។ ពួក​គេ​បាន​ប្រាប់ដំណឹង​ដល់ពួក​លោក​​ និង​សហគមន៍ទាំងមូល​ ហើយ​ក៏​បាន​បង្ហាញ​ផល​ផ្លែរបស់​ស្រុក​នោះផងដែរ។
27ពួក​គេ​បាន​ប្រាប់លោក​ម៉ូ​សេ​ថា៖ «ពួក​​យើង​បាន​ទៅ​ដល់​ស្រុក​ដែល​លោកបានចាត់​ពួក​យើង​ឲ្យ​ទៅ​ហើយ​។ ស្រុកនោះ​ពោររពេញ​ទៅ​ដោយ​ទឹក​ដោះ​ និង​ទឹកឃ្មុំ​ ហើយ​នេះ​ជា​ផលខ្លះ ពី​ស្រុក​នោះ។
28ប៉ុន្តែ ​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុកនោះ​ខ្លាំង​ពូកែ​ណាស់។ ទីក្រុង​សុទ្ធ​តែ​មាន​កំពែង​រឹងមាំ ហើយ​ក៏ធំ​ៗ​ណាស់។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​របស់​​លោក​អណាក់នៅទី​នោះ​ដែរ។
29ជនជាតិ​​អាម៉ាឡេក​រស់នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរីសង់លំនៅ​តាម​តំបន់​ភ្នំ។ ចំណែក ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាមបណ្ដោយ​ទន្លេ​យ័រដាន់»។
30ពេលនោះលោកកាលែប​ប្រាប់​បណ្ដាជន​ដែល​​កំពុង​​នៅ​មុខ​លោក​ម៉ូសេឲ្យស្ងាត់​ ហើយ​លោក​​ក៏​និយាយ​ថា​៖ «​ចូរ​ពួ​ក​យើង​ឡើង​ទៅ​ចាប់​យក​ស្រុកនោះ​ទៅ ដ្បិត​ ពួក​យើង​ពិត​ជា​អាច​វាយ​ដណ្ដើម​យក​ស្រុកបាន​»។
31ប៉ុន្តែ​ អ្នកផ្សេងទៀត​ដែល​បាន​ទៅ​ជាមួយ​​លោក​បាននិយាយថា៖ «យើង​មិន​អាចច្បាំង​ជា​មួយពួកមនុស្ស​ទាំង​នោះបាន​​ទេ ពីព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង»។
32ដូច្នេះ​ ពួកគេ​បាន​ចែក​ចាយ​ដំណឹង​ដែល​ធ្វើឲ្យ​កូ​ន​ចៅ​អ៊ីស្រាអែល​បាក់​ទឹកចិត្ត​អំពី​ស្រុកដែល​ពួ​គេ​បានទៅ​សង្កេត​មើល​នោះ។ ពួកគេ​បាន​និយាយ​ថា​៖​ «ស្រុក​ដែល​ពួក​យើង​បាន​សង្កេង​មើល​​នោះ​ គឺជា​ស្រុក​ដែល​ស៊ី​បង្ហិន​បង្ហោច​ប្រជាជនដែល​រស់​នៅ​ក្នុង​នោះ​។ មនុស្ស​ទាំង​អស់​ដែល​ពួកយើ​ង​បាន​ឃើញ​នោះ​សុទ្ធ​តែ​មានឌ​ធំៗ ហើយ​ខ្ពស់ៗ។
33យើង​បាន​ឃើញ​មនុស្សដែល​មាន​មាឌ​ធំ​សម្បើម ពួ​គេ​ជា​កូន​ចៅ​របស់លោក​អណាក់​ ជា​មនុស្ស​ដែល​កើត​ពី​នុស្ស​ដែល​មាន​មាឌ​ធំ​សម្បើម។ បើ​ប្រៀប​ធៀបនឹង​ពួ​គេ ពួកយើង​គឺ​ដូ​ច​ជា​សត្វ​កណ្ដូប​ ហើយ​ពួក​គេ​ក៏​មើល​ឃើញ​ពួក​​យើង​ដូច្នេះ​ដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។