ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
2«ចូរធ្វើត្រែប្រាក់ពីរ។ ធ្វើត្រែនោះពីប្រាក់ដោយមានក្បាច់រចនា។ អ្នកត្រូវប្រើត្រែនោះដើម្បីហៅសហគមន៍អ៊ីស្រាអែលមកជួបជុំជាមួយគ្នា ហើយហៅសហគមន៍ ដើម្បីឲ្យរើជំរំរបស់ពួកគេ។
3ពួកបូជាចារ្យត្រូវផ្លុំត្រែ ដើម្បីហៅ សហគមន៍ទាំងអស់មកជួបជុំគ្នានៅចំពោះអ្នកនៅត្រង់ព្រះពន្លា គឺនៅត្រង់ច្រកចូលត្រសាលប្រជុំ។
4ប្រសិនបើ ពួកបូជាចារ្យផ្លូវត្រែតែម្ដង ដូច្នេះ អ្នកដឹកនាំ មេនៃអំបូររបស់អ៊ីស្រាអែល ត្រូវប្រមូលគ្នាមកចំពោះអ្នក។
5នៅពេលអ្នកផ្លុំសម្លេងខ្លាំង ជំរំដែលនៅផ្នែកខាងកើតត្រូវចាប់ផ្តើមបន្តដំណើររបស់ពួកគេ។
6ពេលអ្នកផ្លុំសម្លេងខ្លាំងលើកទីពីរ អ្នកនៅក្នុងជំរំផ្នែកខាងត្បូង ពួកគេត្រូវចាប់ផ្តើមចេញដំណើរ។ ពួកគេត្រូវផ្លុំសម្លេងខ្លាំង សម្រាប់ការចេញដំណើររបស់ពួកគេ។
7នៅពេលសហគមន៍ប្រមូលផ្តុំជុំគ្នា ត្រូវផ្លុំត្រែ ប៉ុន្តែ​ មិនត្រូវផ្លុំដោយសម្លេងខ្លាំងឡើយ។
8កូនប្រុសៗរបស់លោកអ៊ើរ៉ុន ដែលបូជាចារ្យត្រូវជាអ្នកផ្លុំត្រែ។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅគ្រប់​ជំនាន់ជារៀង​រហូត​តទៅ។
9នៅពេលអ្នករាល់គ្នាចេញទៅធ្វើសង្គ្រាមនៅក្នុងទឹកដីរបស់អ្នករាល់គ្នា ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវដែលបង្កត់សង្កិនអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវផ្លុំដាស់តឿនដោយប្រើត្រែ។ យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា​ នឹងនឹកចាំពីអ្នករាល់គ្នា ហើយនិងសង្គ្រោះអ្នករាល់គ្នាពីខ្មាំងសត្រូវរបស់អ្នករាល់គ្នា។
10នៅពេលអ្នករាល់គ្នាអបអរសាទរ ទោះបើបុណ្យធម្មតា ឬបុណ្យនៅដើមខែ អ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងលើតង្វាយមេត្រីរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ ការទាំងនេះ នឹងត្រូវធ្វើឡើងដើម្បីរំឮកអ្នករាល់គ្នាពីយើង ថាជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់​ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។
11នៅឆ្នាំទីពីរ នៅក្នុងខែទីពីរ នៅថ្ងៃទីម្ភៃនៃខែនោះ ពពកបានហើរឡើងពីព្រះពន្លានៃសម្ពន្ធមេត្រី។
12ប្រជាជនអ៊ីស្រាអែលបានបន្តចេញដំណើរពីទីរហោស្ថានស៊ីណាយ។ ពពកបានឈប់នៅទីរហោស្ថានប៉ារ៉ាន។
13ពួកគេបានចាប់ផ្តើមធ្វើដំណើរលើកដំបូងរបស់ពួកគេ តាមសេចក្តីបង្គាប់ដែលព្រះជាម្ចាស់បានប្រទានមកតាមរយៈលោកម៉ូសេ។
14ជំរំដែលនៅក្រោមទង់ជ័យរបស់កូនចៅរបស់យូដាបានចេញដំណើរមុនគេ តាមអង្គភាពរបស់ពួកគេរៀងៗខ្លួន។ ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់បានដឹកនាំទាហានរបស់យូដា។
15​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារបានដឹកនាំទាហាន​កុល‌​សម្ព័ន្ធ​​អ៊ីសា‌ខារ។
16លោក​អេលាប​ជា​កូន​របស់លោក​ហេឡូនដឹកនាំទាហាន​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។
17កូន​ចៅរបស់លោក​គើសុន និង​កូន​ចៅ​របស់លោកម៉្រារី ជាអ្នកដែលមើលការខុសត្រូវលើព្រះ‌ពន្លា បានសែងព្រះពន្លា ហើយបានចេញ​ដំណើរ​ទៅ។
18បន្ទាប់​មក ទាហានដែលនៅក្រោមទង់​ជ័យនៃជំរំរបស់កុលសម្ព័ន្ធ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន។
19​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជាអ្នកដឹកនាំទាហានកុលសម្ព័ន្ធរូបេន។
20​លោក​ស៊្លូ‌មាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ជាអ្នកដឹកនាំទាហាន​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល ជាអ្នកដឹកនាំទាហានរបស់កុលសម្ព័ន្ធកាដ។
21កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ។ ពួកគេបាន​សែងសម្ភារ​បរិសុទ្ធរបស់ទីសក្ការ​ទៅ​ជា​មួយ។ អ្នក​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​កេហាត់​ទៅ​ដល់នៅជំរំបន្ទាប់។
22ទាហានដែលនៅក្រោមទង់ជ័យរបស់កូនចៅអេប្រាអ៊ីមបានចេញដំណើរបន្ទាប់ដែរ។ លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដបានដឹកនាំទាហានរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។
23លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកម៉ណាសេ។
24​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនីដឹកនាំទាហានកុលសម្ព័ន្ធរបស់កូនចៅលោក បេនយ៉ា​មីន​។
25ពួកទាហានដែលបានបោះជំរំនៅក្រោមទង់ជ័យរបស់កូនចៅលោកដាន់បានចេញដំណើរចុងក្រោយ។ លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ ដឹកនាំទាហានរបស់កុលសម្ព័ន្ធដាន់។
26លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រានដឹកនាំទាហានកុល‌សម្ព័ន្ធ​អេ‌ស៊ើរ។
27លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន់ដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកណែប‌ថាលី។
28នេះគឺជារបៀបដែលទាហានរបស់ប្រជាជនអ៊ីស្រាអែលចេញដំណើរ។
29លោកម៉ូសេបានបង្គាប់ដល់លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន‌ជាតិ​ម៉ាឌាន។ លោករេហួល​ជា​ឪពុក​ប្រពន្ធ​របស់​លោកម៉ូសេ។ លោកម៉ូសេមានប្រសាសន៍ ហើយពោល​ថា៖ «ពួក​យើង​កំពុងធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​បានប្រាប់ដល់​ពួក​យើង។ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រគល់វាដល់អ្នករាល់គ្នា»។ ចូរមកជាមួយយើង ហើយយើងនឹង​ផ្ដល់​​សុភមង្គលដល់អ្នក។ ព្រះអម្ចាស់បានសន្យាប្រទានសុភមង្គលដល់អ៊ីស្រាអែល»។
30ប៉ុន្តែ លោករេហួលមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «យើងមិនទៅជាមួយលោកទេ។ យើងនឹងទៅទឹកដីរបស់យើង​ និងប្រជាជនរបស់យើងវិញ។
31បន្ទាប់មក លោកម៉ូសេបានឆ្លើយថា៖ «សូមកុំទៅចោលពួកយើងឡើង។ លោកដឹងពីរបៀបនៃការបោះជំរំនៅក្នុងទីរហោស្ថាន។ លោកត្រូវមើលខុសលើពួកយើង។
32ប្រសិនបើ លោកទៅជាយើង យើងនឹងផ្តល់សុភមង្គលដល់លោកដូចព្រះអម្ចាស់បានផ្តល់សុភមង្គលដល់យើងដែរ។
33ពួកគេបានចេញដំណើរពីភ្នំរបស់ព្រះអម្ចាស់អស់រយៈពេលបីថ្ងៃ។ ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានចេញមុខពួកគេអស់រយៈពេលបីថ្ងៃ ដើម្បីស្វែងរកកន្លែងសម្រាប់ពួកគេក្នុងការសម្រាក។
34ពពករបស់ព្រះអម្ចាស់ស្ថិតនៅចំពីលើពួកគេ នៅពេលថ្ងៃ នៅពេលពួកគេធ្វើដំណើរ។
35នៅពេលណាគេសែងហឹបចេញដំណើរ លោកម៉ូសេពោលថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង។ សូម​កម្ចាត់កម្ចាយ​ខ្មាំង‌សត្រូវ​របស់​ព្រះ‌អង្គ​។ ចូរធ្វើឲ្យអ្នកដែលស្អប់ព្រះអង្គ ​រត់​ចេញ​ពីព្រះ‌អង្គ»។
36នៅពេលណាហឹបឈប់ លោកម៉ូសេពោលថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។