1លុះដល់ថ្ងៃម្ភៃបួនក្នុងខែដដែលនោះ ប្រជាជនអុីស្រាអែលបានជួបប្រជុំគ្នា ទាំងតមអាហារ ដោយស្លៀកសំពត់ធ្វើពីថង់ ហើយយកដីរោយលើក្បាល។
2អស់អ្នកដែលជាពូជពង្សអុីស្រាអែល បានញែកខ្លួនចេញពីជនជាតិដទៃទាំងអស់។ ពួកគេបានឈរឡើង លន់តួអំពើបាបរបស់ខ្លួន និងអំពើទុច្ចរិតនៃបុព្វបុរសរបស់គេផងដែរ។
3ពួកគេឈរតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ហើយអានក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ សម្រាប់បួនភាគបួននៅថ្ងៃនោះ ពួកគេលន់តួអំពើបាប និងថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
4ពេលនោះ លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី ឈរលើថ្នាក់ជណ្តើររបស់ពួកលេវី ហើយបន្លឺសំឡេងអំពាវនាវដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ។
5បន្ទាប់មក ពួកលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា មានប្រសាសន៍ថា៖ «ចូរក្រោលឈរឡើង ហើយសរសើព្រះនាមព្រះអម្ចាស់ជារៀងដរាបតទៅ»។ «សូមឲ្យពួកគេលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរគ្រប់ទាំងអស់»។
6ព្រះអង្គគឺជាព្រះអម្ចាស់។ ព្រះអង្គតែមួយ។ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពិភពទាំងមូល ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ។ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។
7ព្រះអង្គគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់ដែលបានជ្រើសរើសលោកអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកជនជាតិខាល់ដេ ហើយប្រទានឲ្យលោកមាននាមថា អ័ប្រាហាំ។
8ព្រះអង្គបានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គ ហើយព្រះអង្គក៏បានតាំងសញ្ញានឹងលោក ថានឹងប្រទានស្រុករបស់ពួកជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស និងជនជាតិគើកាស៊ីពូជពង្សរបស់លោក។ ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គសុចរិត។
9ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីប ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម។
10ព្រះអង្គបានប្រទានទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ហើយពួកមហាតលិក និងប្រជាជននៃស្រុកនោះទាំងអស់ ដ្បិតព្រះអង្គជ្រាបថា គេបានប្រព្រឹត្តនឹងបុព្វបុរសរបស់យើងដោយចិត្តព្រហើន។ ប៉ុន្តែព្រះអង្គបានធ្វើឲ្យព្រះនាមព្រះអង្គល្បីល្បាញ រហូតដល់សព្វថ្ងៃ។
11ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក ហើយព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ។
12ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពកនៅពេលថ្ងៃ ហើយនៅពេលយប់ ដោយបង្គោលភ្លើងដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។
13ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានបញ្ញត្តិដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងទៀត។
14ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ញត្តិ និងច្បាស់តាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
15ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកទឹកដី ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។
16ប៉ុន្តែ ពួកគេ គឺដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តដោយចិត្តព្រហើន និងរឹងរូស ហើយមិនស្តាប់តាមបញ្ញត្តិរបស់ព្រះអង្គទេ។
17គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិនខ្វល់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេទេ គឺពួកគេមានចិត្តរឹងរូស ហើយបះបោរ គេបានតែងតាំងមេដឹកនាំ ដើម្បីវិលទៅរកភាពជាទាសករវិញ។ ប៉ុន្តែតែព្រះអង្គជាព្រះដែលមានពេញទៅដោយការអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ។ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
18ទោះជាពេលដែលពួកគេបានសូនធ្វើរូបកូនគោមាសមួយ ហើយនិយាយថា នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីទឹកដីអេស៊ីប ហើយគេបានប្រមាថព្រះអង្គយ៉ាងខ្លាំង
19ដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ។ បង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។
20ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកបង្រៀនពួកគេ ហើយប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេផឹកមិនដែលខកខានឡើយ។
21ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ។ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនធ្លាប់ហើមដែរ។
22ព្រះអង្គបានប្រទាននគរ និងជនជាតិនានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
23ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើងដួងដារាដែលនៅលើមេឃ ហើយព្រះអង្គបាននាំពួកគេចូលទៅក្នុងទឹកដីដែលព្រះអង្គបានមានបន្ទូលទៅកាន់បុព្វបុរសរបស់ពួកគេ ឲ្យពួកគេចូលទៅហើយគ្រប់គ្រង។
24ដូច្នេះ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីនោះ ហើយព្រះអង្គបានបង្ក្រាបជនជាតិកាណាន។ ព្រះអង្គបានប្រគល់ជនជាតិនោះទៅក្នុងដៃរបស់ពួកគេ ព្រមទាំងស្តេចរបស់គេ និងប្រជាជននៃទឹកដីនោះ ដើម្បីជនជាតិអ៊ីស្រាអែលធ្វើអ្វីទៅចិត្តរបស់ពួកគេចង់។
25ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនមុខបរិបូរ។ ដូច្នេះហើយ ពួកគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ឈាម ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។
26បន្ទាប់មកពួកគេក៏មានចិត្តរឹងចចេស ហើយបះបោរនឹងព្រះអង្គ។ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គទៅក្រោយខ្នង ។ ពួកគេបានសម្លាប់ព្យាការីរបស់ព្រះអង្គ ដែលបានទូន្មានឲ្យគេវិលមករកព្រះអង្គវិញ។ ហើយពួកគេបាននាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
27ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ដែលញាំញីសង្កត់សង្កិនគេ។ តែកាលពួកគេកើតមានសេចក្ដីវេទនា ពួកគេក៏ស្រែករកព្រះអង្គ ហើយព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយព្រះអង្គប្រទានឲ្យពួកគេមានពួកអ្នកសង្គ្រោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសត្រូវ ដោយព្រះហឫទ័យមេត្តាករុណាដ៏ធំក្រៃលែងរបស់ព្រះអង្គ។
28ប៉ុន្ដែ ក្រោយពីពួកគេមានសេចក្ដីស្រាកស្រាន្តហើយ ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះអង្គទៀត ហើយព្រះអង្គក៏បោះបង់ចោលពួកគេ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យខ្មាំងសត្រូវមានអំណាចលើពួកគេ។ ប៉ុន្តែ កាលពួកគេបានងាកបែរ ហើយស្រែកអំពាវនាវរកព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយប្រោសឲ្យពួកគេរួចជាច្រើនដង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
29ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ។ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ។ ពួកគេបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ អ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ។ហើយពួកគេបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។
30ព្រះអង្គបានទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ហើយបានទូន្មានពួកគេ ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គតាមរយៈព្យាការីរបស់ព្រះអង្គ។ ប៉ុន្តែពួកគេមិនព្រមយកត្រចៀកស្តាប់នោះទេ។ ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលរស់នៅស្រុកទាំងនោះ។
31ប៉ុន្តែ ដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ក្រៃលែងរបស់ព្រះអង្គ ព្រះអង្គមិនបានធ្វើឲ្យពួកគេវិនាសសាបសូន្យ ឬបោះបង់ចោលពួកគេឡើយ ដ្បិតព្រះអង្គគឺជាព្រះជាម្ចាស់ដ៏មានព្រះហឫទ័យប្រណីសន្តោស ហើយមេត្តាករុណា។
32ដូច្នេះ ព្រះជាម្ចាស់នៃយើង ជាព្រះដ៏ធំ ហើយមានឫទ្ធានុភាព គួរឲ្យស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសអើយ សូមកុំឲ្យសេចក្ដីទេវនាទាំងប៉ុន្មាន ដែលបានកើតមានដល់យើងខ្ញុំ ព្រមទាំងស្តេច ម្ចាស់ក្សត្រី ពួកសង្ឃ ពួកបូជាចារ្យ បុព្វបុរសរបស់យើងខ្ញុំ និងប្រជារាស្ត្រទាំងប៉ុន្មានរបស់ព្រះអង្គ ចាប់ពីគ្រារបស់ពួកស្តេចស្រុកអាសស៊ើរ រហូតដល់សព្វថ្ងៃនេះ ។
33ប៉ុន្តែ ព្រះអង្គសុចរិតក្នុងគ្រប់ទាំងការទាំងអស់ដែលបានកើតមានដល់យើងខ្ញុំ ដ្បិតព្រះអង្គបានប្រព្រឹត្តដោយស្មោះត្រង់ តែឯយើងខ្ញុំវិញ បានប្រព្រឹត្តយ៉ាងទុច្ចរិត
34ពួកស្តេចរបស់យើងខ្ញុំ ពួកមេរបស់យើងខ្ញុំ ពួកសង្ឃរបស់យើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ មិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គទេ ក៏មិនបានយកចិត្តទុកដាក់នឹងបទបញ្ជា ព្រមទាំងការព្រមានដែលព្រះអង្គបានប្រទានដល់ពួកគេឡើយ។
35ទោះជាពេលដែលគេរស់នៅក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យគេមានអស់ទាំងសេចក្ដីល្អក្រៃលែង ហើយនៅក្នុងស្រុកដ៏ធំទូលាយ មានជីជាតិ ដែលព្រះអង្គបានដាក់នៅមុខគេ ក៏គេមិនបានគោរពប្រតិបត្តិដល់ព្រះអង្គ ឬងាកបែរចេញពីអំពើទុច្ចរិតរបស់ពួកគេទេ។
36ឥឡូវនេះពួកយើងខ្ញុំបានក្លាយជាបាវបម្រើនៅក្នុងទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើងខ្ញុំដើម្បីរីករាយ និងបរិភោគផលផ្លែ និងសេចក្ដីល្អនៅក្នុងស្រុកនោះ។
37ភោគផលដ៏សម្បូរហូរហៀររបស់ស្រុកនេះ បែរជាទុកសម្រាប់ពួកស្តេច ដែលព្រះអង្គបានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ។ ស្តេចទាំងនោះត្រួតត្រាលើរាងកាយយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ។ ហើយយើងខ្ញុំមានទុក្ខវេទនាជាខ្លាំង។
38ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ។ ហើយមានពួកម្ចាស់ក្សត្រី ពួកលេវី និងពួកបូជាចារ្យរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ»។