ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នេហេមា 8

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រជា‌ជន​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ។ ហើយ​គេ​សុំ​ឲ្យ​លោកបូជាចារ្យ​អែសរ៉ា​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​ពួក​អីុស្រា‌អែល។
2នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទី​ប្រាំពីរ លោកបូជាចារ្យ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​ក្រុម​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​អាចស្ដាប់​យល់​បាន។
3លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។
4បន្ទាប់មកលោកបូជាចារ្យ​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ។ លោក​ម៉ាធិធា លោកសេម៉ា លោកអ័ណា‌យ៉ា លោកអ៊ូរី‌យ៉ា លោកហ៊ីល‌គីយ៉ា និងលោក​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយលោកពេដាយ៉ា លោកមីសា‌អែល លោកម៉ាលគា លោកហាស៊ូម លោកហាសបា‌ដាណា លោកសាការី និងលោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។
5លោកបូជាចារ្យ​អែសរ៉ា​បើក​គម្ពីរ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​ទាំង‌អស់ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ ហើយ​ពេល​លោក​បើក​គម្ពីរ​ឡើង ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ។
6លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​អស្ចារ្យ ហើយ​ប្រជា‌ជន​ក៏​ឆ្លើយថា "អាម៉ែន! អាម៉ែន!" ទាំង​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។
7ចំណែក លោក​យេសួរ លោកបានី លោកសេរេ‌ប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម្អា‌សេ‌យ៉ា លោកកេលីថា លោកអ័សារា លោកយ៉ូសា‌បាឌ លោកហាណាន លោកពេឡាយ៉ា ជា​ពួកលេវី ជួយ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន នៅ​ពេល​ប្រជា‌ជន​កំពុង​ឈរ​តាម​​កន្លែង​របស់​គេ។
8ពួក‌គេ​អាន​គម្ពីរ ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះជាម្ចាស់ យ៉ាង​ច្បាស់ៗ ហើយ​គេ​បក​ស្រាយ​ន័យ ដើម្បី​ឲ្យ​ប្រជា‌ជន​យល់​សេចក្ដី​ដែល​បាន​អាន។
9​លោក​នេហេមា​ដែល​ជាទេសា​ភិបាល និង​អែសរ៉ា​ដែល​ជា​បូជាចារ្យ​ និងពណ្ឌិតខាងច្បាប់ ព្រម​ទាំង​ពួក​លេវី​ដែល​បង្រៀន​ប្រជា‌ជន ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង‌មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​ព្រះ‌អម្ចាស់ដែលជា​ព្រះរបស់​អ្នក​គ្រប់គ្នា។ មិន​ត្រូវកាន់​ទុក្ខ ឬ​យំ‌សោក​អ្វីឡើយ»។ ដ្បិតប្រជា‌ជន​ទាំង​ឡាយ​យំ ពេល​គេ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ។
10បន្ទាប់​មក លោកនេហេមា​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​រកអ្វីដែលផ្អែមៗផឹក​ទៅ សូម​យក​មួយចំណែក​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធសម្រាប់​ព្រះ‌ជាម្ចាស់​នៃ​យើង។ មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌អម្ចាស់ ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។
11ដូច្នេះ ពួក​លេវី​បាន​លួង​លោម​ប្រជា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពាក្យ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្ងាត់​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ មិន​ត្រូវ​កើត​ទុក្ខ​ឡើយ»។
12បន្ទាប់មកប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ និង​ស្រា ព្រម​ទាំង​ជូន​អាហារ​ដល់​គ្នា ហើយ​នាំ​គ្នា​សប្បាយ​រីក​រាយ​ជា​ខ្លាំង ព្រោះ​គេ​បាន​យល់​ព្រះ‌បន្ទូល​ដែល​បាន​ប្រកាស​ប្រាប់​ពួក‌គេ។
13នៅ​ថ្ងៃ​ទីពីរ ពួក​អ្នក​ដឹកនាំនៃបុព្វបុរសក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ពួក​បូជាចារ្យ និង​ពួក​លេវី បាន​នាំ​គ្នា​មក​អែសរ៉ា ដើម្បី​សិក្សា​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ។
14ពួក‌គេ​ឃើញ​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​តាមរយៈ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អុីស្រា‌អែល​ត្រូវ​នៅ​ក្នុង​ជំរុំនៅក្នុង​វេលា​បុណ្យនៃ​ខែ​ទីប្រាំពីរ
15ពួលគេ​ត្រូវ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​ប្រាប់​នៅ​គ្រប់​ទាំង​ក្រុង​រប​ស់​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា៖ «ចូរ​ចេញ​ទៅ​ឯ​ភ្នំ ហើយ​កាប់​យក​មែក​អូលីវ​ស្រុក និង​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន មក​ធ្វើ​ក្រសាលតាម​សេចក្ដី​ដែល​បាន​ចែង​ទុក»។
16ដូច្នេះ ប្រជា‌ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​ក្រសាល នៅ​លើ​ដំបូល​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន នៅ​ទី​ធ្លា​ផ្ទះ​របស់​គេ នៅ​ទី​លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ទី​ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី​ធ្លា​ត្រង់​ទ្វារ​អេប្រាអិម។
17គឺ​អស់​អ្នក​ដែល​បាន​វិល​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ បាន​ធ្វើ​ក្រសាលគ្រប់ៗ​គ្នា ហើយ​គេ​ស្នាក់​នៅ​ក្នុង​ក្រសាលទាំង​នោះ។ ដ្បិត​តាំង​ពី​គ្រា​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន រហូត​ដល់​ថ្ងៃ​នោះ ប្រជា‌ជន​អីុស្រា‌អែល​មិន​ដែល​បាន​ធ្វើពិធីអបអរអ្វី​ឡើយ ដូច្នេះ ពួកគេមាសេចក្ដី​រីក‌រាយ​​ជា​ខ្លាំង។
18ដូច្នេះរៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​ចុង​បំផុត លោកបូជាចារ្យអែសរ៉ា​ក៏​អាន​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះជាម្ចាស់។ ពួកគេ​ប្រារព្ធ​ពិធី​បុណ្យ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក តាម​បញ្ញត្តិ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។