1កាលលោកសានបាឡាត លោកថូប៊ីយ៉ា និងលោកកេសែម ជាសាសន៍អារ៉ាប់ ព្រមទាំងខ្មាំងសត្រូវរបស់យើងបានឮថា ខ្ញុំបានសង់កំផែងឡើង ហើយគ្មានកន្លែងបាក់បែកណានៅសល់ទៀត ទោះជាពេលនោះ ខ្ញុំមិនទាន់បានដាក់សន្លឹកទ្វារ តាមទ្វារនៅឡើយក៏ដោយ។
2លោកសានបាឡាត និងលោកកេសែម ចាត់គេមកជួបខ្ញុំ និយាយថា៖ «សូមមក យើងនឹងជួបគ្នានៅភូមិណាមួយ ក្នុងជ្រលងភ្នំអូណូរ»។ ប៉ុន្ដែ ពួកគេមានបំណងនឹងធ្វើបាបខ្ញុំ។
3ខ្ញុំក៏បានចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ហើយខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកការងារនេះចោល ហើយចុះទៅជួបលោកដូច្នេះ?»
4ពួកគេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។
5លោកសានបាឡាតចាត់អ្នកបម្រើម្នាក់ឲ្យមកជួបខ្ញុំ តាមបែបដដែល ជាលើកទីប្រាំ មានទាំងកាន់សំបុត្រដែលបើកចំហនៅដៃផង។
6ក្នុងសំបុត្រនោះបានសរសេរថា៖ «មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែម ជាសាក្សីថា លោក និងពួកយូដាមានបំណងនឹងបះបោរ ហេតុនេះហើយបានជាលោកសង់កំផែងនេះឡើង។ តាមពាក្យដែលគេនិយាយនេះ លោកចង់ឡើងធ្វើជាស្តេចរបស់គេ។
7លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា មានស្តេចមួយអង្គនៅស្រុកយូដាហើយ ដំណឹងនេះនឹងឮដល់ស្តេចមិនខាន។ ដូច្នេះ សូមមក យើងនឹងនិយាយជាមួយគ្នា»។
8ខ្ញុំតបទៅគាត់វិញថា៖ «គ្មានការបែបនេះកើតឡើងដូចជាលោករៀបរាប់ទេ គឺលោកបានប្រឌិតរឿងទាំងនេះ ដោយគំនិតខ្លួនឯងប៉ុណ្ណោះ»។
9ដ្បិតពួកគេមានបំណងនឹងគំរាមពួកយើង ដោយគិតថា «ពួកគេនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត»។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។
10គ្រានោះ កាលខ្ញុំចូលទៅផ្ទះរបស់លោកសេម៉ាយ៉ា ជាកូនលោកដេឡាយ៉ា ដែលជាកូនលោកមហេថាបែល គាត់មិនអាចចេញពីផ្ទះបានទេ គាត់បានមានប្រសាសន៍ថា៖ «សូមយើងទៅជួបគ្នាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅក្នុងព្រះវិហា ហើយបិទទ្វារឲ្យជិតទៅ ដ្បិតគេនឹងមកសម្លាប់លោក ។ ពួកគេនឹងមកសម្លាប់លោក នៅពេលយប់»។
11ខ្ញុំឆ្លើយថា៖ «តើគួរឲ្យមនុស្សដូចខ្ញុំរត់គេចឬ? តើមនុស្សដូចខ្ញុំនេះ អាចចូលទៅក្នុងព្រះវិហារ ឲ្យរួចជីវិតឬ? ខ្ញុំមិនចូលទៅក្នុងព្រះវិហារទេ!»
12ខ្ញុំយល់ឃើញថា ព្រះអម្ចាស់មិនបានចាត់គាត់ឲ្យធ្វើដូច្នោះឡើយ ប៉ុន្តែគាត់បានថ្លែងទំនាយនេះទាស់នឹងខ្ញុំ។ ព្រោះលោកថូប៊ីយ៉ា និងលោកសានបាឡាតបានជួលគាត់។
13ដ្បិតគេបានជួលគាត់ឲ្យធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំភ័យខ្លាច ឲ្យខ្ញុំធ្វើតាម ហើយប្រព្រឹត្តអំពើបាប ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលខ្ញុំ។
14ព្រះអម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំពីលោកថូប៊ីយ៉ា និងលោកសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ។ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។
15ដូច្នេះ កំផែងបានសង់ចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺក្នុងរយៈពេលហាសិបពីរថ្ងៃ។
16កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន។ ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះជាម្ចាស់នៃយើង។
17ក្នុងគ្រានោះ ពួកអភិជនក្នុងជនជាតិយូដា បានផ្ញើសំបុត្រជាច្រើនទៅលោកថូប៊ីយ៉ា ក៏មានសំបុត្ររបស់លោកថូប៊ីយ៉ា ផ្ញើមកពួកគេវិញដែរ។
18ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា ជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បថ ព្រោះគាត់ជាកូនប្រសារបស់លោកសេកានា ជាកូនរបស់លោកអើរ៉ាស។ លោកយ៉ូហាណានជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា ធ្វើជាប្រពន្ធ។
19ពួកគេក៏បាននិយាយពីអំពើល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យរបស់ខ្ញុំទៅប្រាប់គាត់ដែរ។ លោកថូប៊ីយ៉ាបានផ្ញើសំបុត្រជាច្រើដើម្បីមកបំភ័យខ្ញុំ។