ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នេហេមា 5

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​គ្រា​នោះ ពួកបរុស​ និង​ប្រពន្ធ​របស់​ពួក‌គេ​​បានស្រែកជា​ខ្លាំងឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។
2ដ្បិត​មាន​អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ មាន​គ្នា​ជា​ច្រើន។ សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅផង»។
3មាន​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ និង​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ​អស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ​ទទួល​ទាន នៅ​គ្រា​គ្រោះទុរ្ភិក្សនេះ​ផង»។
4មាន​អ្នក​ខ្លះទៀតក៏បាននិយាយ​ថា៖ «យើង​ខ្ញុំ​បាន​ខ្ចីប្រាក់គេ ដើម្បី​បង់​ពន្ធ​ថ្វាយ​ស្តេចសម្រាប់ស្រែចម្ការរបស់យើង ។
5ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ មាន​សាច់​ឈាម​ដូច​គ្នា កូន​ចៅ​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​ពួក‌គេ​ដែរ។ យើង​ខ្ញុំ​ត្រូវបង្ខំ​ចិត្តលក់​​កូន​ប្រុស ​កូន​ស្រី​របស់​យើង​ខ្ញុំឲ្យទៅ​ធ្វើ​ជា​ទាសកររបស់​គេ។ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ទាសករ​របស់​គេរួចទៅហើយ។ យើង​ខ្ញុំ​ទាល់​ច្រក​ហើយ ដ្បិត​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នកដទៃ​ដែរ»។
6ខ្ញុំ​មានខឹង​ខ្លាំងណាស់ នៅពេលដែល​ខ្ញុំ​បាន​ឮ​សម្រែករបស់ពួកគេ និង​ពាក្យ​ទាំងអស់នេះ ។
7ខ្ញុំ​ក៏​បានគិត​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​អ្នកគ្រប់​គ្រង។ ខ្ញុំ​បាននិយាយ​ទៅពួក‌គេ​ថា៖ «អ្នករាល់គ្នាកំពុងតែទារ​យក​ការប្រាក់ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំទាស់​នឹងពួក‌គេ​
8ហើយខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​គេត្រូវបានលក់មក​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។
9ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា៖ «អ្វីដែលអ្នកបាន​ធ្វើ​នេះ​មិន​ល្អ​ទេ។ តើ​អស់​លោក​មិន​គួរ​ដើរ ដោយការ​គោរព​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់​នៃ​យើង ដើម្បី​ទប់ស្កាត់កុំ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ត្មះ‌តិះ‌ដៀល​យើង​ទេឬ?
10ខ្ញុំ និងបង‌ប្អូនរបស់​ខ្ញុំ ព្រមទាំងពួក​អ្នក​បម្រើ​របស់​ខ្ញុំ ក៏​បានឲ្យ​ប្រាក់ និង​ស្រូវទៅ​ពួក‌គេ​ខ្ចី​ដែរ។ ប៉ុន្តែយើង​គូរតែឈប់​យក​ការ​ពី​ពួក‌គេ​។
11សូម​ប្រគល់​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ ចម្ការ​អូលីវ និង​ផ្ទះ​សំបែង​របស់​គេ ទៅ​គេ​វិញ​នៅ​ថ្ងៃ​នេះ​ទៅ ព្រម​ទាំង​កុំ​ទារ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដែល​អស់​លោក​បាន​យក​ការ​ពី​គេ​នោះ​ផង»។
12ពេលនោះ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ប្រគល់​អ្វីដែលយើងបានយកពីពួកគេឲ្យទៅ​ពួក‌គេ​វិញ ហើយយើងក៏មិនទាមទាអ្វីពី​ពួក‌គេ​ទៀត​ដែរ។ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍»។ បន្ទាប់មកខ្ញុំ​ក៏​ហៅ​ពួក​បូជា‌ចារ្យ​​មកហើយ​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា ពួក‌គេ​នឹង​ធ្វើ​តាម​ពាក្យ​សន្យា។
13ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​របស់​ខ្ញុំ ហើយ​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សន្យា​នេះ សូម​ឲ្យ​ព្រះ​រលាស់​គ្រួសារ និងទ្រព្យសម្បតិ្ត​របស់អ្នកណាដែលមិនធ្វើតាមសន្យា។ ដូច្នេះ សូម​ឲ្យ​គេ​រលាស់ចេញ ហើយ​នៅ​ទទេ​»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​ឆ្លើយ​ឡើង​ថា "អាម៉ែន" ហើយ​សរ‌សើរ​តម្កើង​ព្រះ‌អម្ចាស់ ហើយប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ពួកគេ​បាន​សន្យា។
14ដូច្នេះ ចាប់​តាំង​ពីពេល​ដែលខ្ញុំត្រូវ​​បាន​តែង​តាំងឲ្យ​ធ្វើ​ជា​ទេសា​ភិបាល​របស់​ពួក‌គេ​នៅ​ស្រុក​យូដា គឺចាប់តាំង​ពី​ឆ្នាំ​ទីម្ភៃ រហូត​ដល់​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​រយៈ​ពេល​ដប់ពីរ​ឆ្នាំ នោះ​ខ្ញុំ និង​បង‌ប្អូនរបស់​ខ្ញុំ មិន​បាន​ទទួល​ទាន​របប​អាហារ​ជា​ទេសា‌ភិបាល​ឡើយ។
15តែពួក​ទេសា‌ភិបាល​ដែល​កាន់​​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ប្រាក់ពី​ប្រជា‌ជន ​សែសិប​សេកែល​សម្រាប់អាហារ និងស្រាប្រចាំថ្ងៃរបស់ពួកគេទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ។ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយសារតែ​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់។
16ខ្ញុំ​ក៏​នៅតែបន្ត​កិច្ច​ការ​សង់​កំផែង ហើយយើងក៏​មិន​បាន​ទិញ​ដី​ឯ​ណា​ដែរ ហើយ​ពួក​អ្នក​បម្រើ​របស់​ខ្ញុំទាំង​ប៉ុន្មានសុទ្ធ​តែ​បាន​រួមគ្នា​មក​ជួយ​ធ្វើ​កិច្ច​ការ​នេះ។
17នៅតុរបស់ខ្ញុំមាន​ពួក​យូដា និង​ពួក​មន្ត្រី​១៥០នាក់ និងអ្នកដែលមកជាមួយ​​យើងជាច្រើនទៀត ពី​ពួក​ជនជាតិដទៃ​នៅ​ជុំ‌វិញ​យើង។
18ពេលនេះអ្វី​ដែល​ត្រូវ​រៀប​ចំ​ក្នុង​មួយ​ថ្ងៃៗ គឺ​គោ​មួយ ចៀម​សម្រាំង​ប្រាំមួយ ព្រម​ទាំង​សត្វ​ស្លាប​ដែរ ដែល​គេ​រៀបចំ​ឲ្យ​ខ្ញុំ ហើយ​ដប់​ថ្ងៃ​ម្ដង មាន​ស្រា​ទំពាំង‌បាយ‌ជូរ​គ្រប់​ប្រភេទ​ជា​បរិបូរ​ទៀត​ផង ប៉ុន្តែ ទោះ​បើ​ច្រើន​ដល់​ម្លេះ ក៏​ខ្ញុំ​មិន​បាន​ទាម​ទារ​របប​អាហារ ដោយ​អាង​សិទ្ធិ​ជា​ទេសា‌ភិបាល​ឡើយ ព្រោះ​បន្ទុក​ដ៏ធ្ងន់ដល់​ប្រជា‌ជន​។
19ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ល្អ​របស់​ទូល​បង្គំ​ផង គឺ​ការ​ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំបាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។