1នៅពេលដែើលោកសានបាឡាតបានឮថា ពួកយើងកំពុងសង់កំផែងឡើងវិញដូច្នេះ គាត់បានខឹងក្រេវក្រោធជាខ្លាំង ហើយគាត់ក៏បានចំអកឲ្យពួកយូដា។
2នៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារី គាត់និយាយថា៖ «តើពួកយូដាដែលទន់ខ្សោយទាំងនេះកំពុងធ្វើអ្វី? តើគេសង់កំផែងនេះឡើងវិញសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ?
3លោកថូប៊ីយ៉ាសាសន៍អាំម៉ូន ដែលឈរក្បែរគាត់ហើយលោកក៏មានប្រសាសន៍ថា៖ «បើគ្រាន់តែមានកញ្ជ្រោងមួយឡើងពីលើសំណង់ដែលពួកគេកំពុងសង់នេះ កំផែងនោះមុខជារលំមិនខាន!»
4ព្រះជាម្ចាស់នៃយើងអើយ សូមស្តាប់ចុះ ដ្បិតយើងខ្ញុំត្រូវបានគេមើលងាយណាស់។ សូមបង្វែរពាក្យតិះដៀលរបស់គេទៅលើក្បាលពួកគេវិញ ហើយសូមប្រគល់គេឲ្យសត្រូវរឹបអូសនៅក្នុងស្រុកដែលគេជាប់ជាឈ្លើយនោះទៅ។
5សូមកុំគ្របបាំងភាពទុច្ចរិតរបស់គេ ហើយកុំលុបអំពើបាបរបស់គេចេញពីព្រះនេត្ររបស់ព្រះអង្គឡើយ ដ្បិតគេបានបណ្ដាលឲ្យព្រះអង្គមានសេចក្ដីក្រោធ នៅចំពោះពួកអ្នកសង់កំផែងនេះឡើងវិញ។
6ដូច្នេះ ពួកយើងនាំគ្នាសង់កំផែងឡើង ហើយកំផែងក៏បានតភ្ជាប់គ្នាជុំវិញរហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនបានធ្វើការយ៉ាងស្វាហាប់។
7ប៉ុន្ដែ កាលលោកសានបាឡាត និងលោកថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូនហើយ ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។
8ពួកគេទាំងអស់គ្នាក៏បឃុបឃិតគ្នាដើម្បីមកវាយក្រុងយេរូសាឡិម ហើយបង្កឲ្យមានការច្របូកច្របល់។
9ប៉ុន្តែ យើងក៏បានអធិស្ឋានដល់ព្រះជាម្ចាស់នៃយើង ហើយចាត់ចែងឲ្យមានអ្នកយាមល្បាត ដើម្បីការពារទាំងយប់ទាំងថ្ងៃដោយព្រោះការគំរាមកំហែងរបស់ពួកគេ។
10ពេលនោះ ជនជាតិយូដាបាននិយាយថា៖ «កម្លាំងរបស់អស់អ្នកដែលលីសែងចេះតែចុះខ្សោយ។ មានគំនរបែកបាក់ច្រើនពេក យើងពុំអាចសង់កំផែងឡើងវិញបានទេ»។
11ខ្មាំងសត្រូវរបស់យើងនិយាយថា៖ «ពួកគេនិងមិនដឹង ឬឃើញអ្វីដែលកើតឡើងទេ រហូតទាល់តែយើងចូលទៅក្នុងចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការនោះ»។
12នៅគ្រានោះជនជាតិយូដាដែលរស់នៅក្បែរពួកគេនាំគ្នាធ្វើដំណើរមកពីគ្រប់ទិសទី ហើយបាននិយាយដល់ទៅដប់ដង ដោយព្រមានយើងអំពីគំរោងការដែលពួកគេកំពុងប្រឆាំងនឹងយើង។
13ដូច្នេះ ខ្ញុំក៏ដាក់ប្រជាជននៅកន្លែងទាបៗពីក្រោយកំផែង នៅកន្លែងដែលមើលឃើញច្បាស់។ ខ្ញុំក៏ដាក់ពួកគេតាមអំបូររបស់ពួកគេរៀងៗខ្លួនទាំងកាន់ដាវ កាន់លំពែង និងធ្នូរបស់គេ។
14កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយនិយាយទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ។ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយដែលគួរឲ្យស្ញប់ស្ញែង។ ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងលំនៅដ្ឋានរបស់អ្នករាល់គ្នា»។
15កាលខ្មាំងសត្រូវរបស់យើងបានដឹង ពីផែនការរបស់គេត្រូវបានយើងដឹង ហើយព្រះអង្គបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅកំផែងក្រុង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។
16ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាល បានធ្វើការសង់សាងកំផែងក្រុង ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងពាក់អាវក្រោះ កំឡុងពេលដែលមេដឹកនាំ ក៏ឈរនៅពីក្រោយពួកយូដាទាំងអស់គ្នាដែរ។
17ពួកក្រុមជាងដដែលនោះ ដែលកំពុងសង់កំផែងក្រុង ហើយត្រូវលីសែង ហើយដឹកជញ្ជូនទៅដល់គោលដៅរបស់គេ។ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ។
18ចំណែកពួកជាងសង់ម្នាក់ៗ សុទ្ធតែស្ពាយដាវជាប់នឹងខ្លួន ហើយនេះជារបៀបដែរពួកគេធ្វើការ។ ចំណែកឯអ្នកដែលផ្លុំត្រែ គឺឈរនៅក្បែរខ្ញុំ។
19ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កិច្ចការនេះធំ ហើយនៅសល់កិច្ចការជាច្រើនទៀត យើងក៏នៅដាច់ពីគ្នានៅលើកំផែងទៀត។
20អ្នករាល់គ្នាគួរតែរុះរាន់ទៅកន្លែងដែលអ្នកឮសូរត្រែ ហើយប្រមូលគ្នានៅទីនោះ។ ព្រះជាម្ចាស់នៃយើងនឹងប្រយុទ្ធជំនួសយើង»។
21ដូច្នេះ យើងក៏បានខំប្រឹងធ្វើការ។ ពួកគេពាក់កណ្ដាលកាន់លំពែង ចាប់តាំងពីថ្ងៃរះ រហូតដល់ផ្កាយលេចចេញមក។
22នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងពួកអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។
23ដូច្នេះ ទោះជាខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើរបស់ខ្ញុំ ឬពួកអ្នកការពារដែលមកតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ ហើយម្នាក់ៗនៃពួកយើងកាន់អាវុធជាប់ ទោះបីពួកគេទៅផឹកទឹកក៏ដោយ។