ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នេហេមា 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក អេលី‌យ៉ាស៊ីប ជា​នាយកបូជាចារ្យ និង​ពួក​បូជាចារ្យ​ដែល​ជា​បង‌ប្អូន​របស់​លោកបាន​ក្រោក​ឡើង ហើយ​ពួកគេបាននាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​​ទ្វារ​នោះឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម ហា‌ណា‌នាល។
2នៅជិត​លោក មាន​ពួក​អ្នក​ក្រុង​យេរីខូរបាន​សង់ ហើយ​នៅជិតពួកគេមាន​សាគើរ ជា​កូនប្រុសរបស់​អ៊ីមរី​បាន​សង់។
3កូន​ចៅ​របស់​សេណាអា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួកគេ​បាន​ដាក់​ធ្នឹមខ្លោងទ្វារ និង​ដាក់​សន្លឹក​ទ្វារ និងគន្លឹះទ្វារ ព្រមទាំង​រនុកទ្វារទៀតផង។
4លោកម្រេម៉ូតជាអ្នកដែលសាងសង់ផ្នែកបន្ទាប់។ លោកគឺ​ជា​ចៅ​របស់​ហាកូស។ ហើយនៅជិតគាត់ មាន​មស៊ូ‌ឡាម បានជួសជុល។ គាត់ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល។ ហើយនៅជិតគាត់មាន​សាដុក បានជួសជុល។ គាត់ជា​កូន​របស់​ប្អាណា។
5ហើយនៅជិតពួកគេមាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។
6យ៉ូយ៉ាដា ជា​កូន​របស់​ផាសេហា និង​មស៊ូ‌ឡាម ជា​កូន​របស់​បេសូឌា បាន​ជួស‌ជុល​ទ្វារ​ចាស់។ គេ​ដាក់​ធ្នឹមខ្លោងទ្វារ និង​សន្លឹក​ទ្វារ ​គន្លឹះទ្វារ ​ព្រម​ទាំងរនុកទ្វារផងដែរ។
7នៅ​ជិត​នឹងពួកគេ​ទាំង​នោះ មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​អភិបាលខេត្តនានា នៅ​ខាង​នាយ​ទន្លេ បាន​ជួស‌ជុល។
8នៅ​ជាប់​នឹងពួកគេ មាន​លោកអ៊ូស៊ាល ជា​កូនរបស់លោក​ហារ‌ហាយ៉ា ដែលជា​ពួក​ជាង​មាស បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មានលោក​ហាណានា ជា​​អ្នក​លាយ​គ្រឿង​ក្រអូប។ ពួក‌គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​ឡើង​វិញ រហូត​ដល់​កំផែង​ធំ។
9នៅ​ជាប់​នឹង​ពួកគេ មានលោក​រេផា‌យ៉ា ជា​កូន​របស់​លោកហ៊ើរ បានជួសជុល។ គាត់​ជា​អ្នកគ្រប់គ្រង​​មួយ​ចំហៀង​នៃក្រុង​យេរូ‌សាឡិម ។
10នៅ​ជាប់​នឹង​ពួកគេមានលោកយេដា‌យ៉ា ជា​កូន​របស់​លោកហារូ‌ម៉ាប បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ ហើយ​នៅ​ជាប់​នឹង​គាត់ នោះ​មានលោក​ហាធូស ជា​កូន​របស់លោក​ហា‌សាប‌នា បាន​ជួស‌ជុល។
11ម៉ាលគា ជា​កូន​របស់លោក​ហារីម និង​លោកហាស៊ូម ជា​កូនរបស់លោក​ផាហាត ម៉ូអាប់ បាន​ជួស‌ជុល​​ផ្នែកផ្សេង​ទៀត ហើយនិងប៉ម​ឡ​ភ្លើង។
12នៅជិតពួកគេមានលោក​សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជាអ្នកគ្រប់គ្រង​មួយ​ចំហៀង​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់ បាន​ជួស‌ជុល។
13លោកហានូន និង​អ្នក​ស្រុក​សាណូអា បាន​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួកគេ​បាន​សង់​ទ្វារ​នោះឡើងវិញ ហើយ​ដាក់​សន្លឹក​ទ្វារ គន្លឹះទ្វារ និង​រនុកទ្វារ។ពួកគេ ក៏​បាន​ជួស​ជុល​កំពែង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​អាចម៍សត្វ។
14លោកម៉ាលគា កូន​របស់លោក​រេកាប ជា​អ្នកគ្រប់គ្រង​លើស្រុក​បេត ហា‌កេរែម បាន​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ​គន្លឹះទ្វារ និង​រនុកទ្វារផងដែរ។
15លោកសាលូនជាកូនលោក​កុល ហូសេ ជា​អ្នកគ្រប់គ្រងលើស្រុក​មីសប៉ា បាន​ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ​គន្លឹះទ្វារ និង​រនុកទ្វារផងដែរ។ រួច​គាត់​សង់កំផែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ស្តេច រហូត​ដល់​ជណ្តើរ​ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ។
16​លោកនេហេមា ជា​កូន​របស់លោក​អាសប៊ូក និង​ជា​អ្នកគ្រប់គ្រង​លើ​សង្កាត់​បេតស៊ើរ​មួយ​ចំហៀង បាន​ជួស‌ជុល​រហូត​ដល់​ចំណុច​មួយ​ទល់​មុខ​ផ្នូរ​ព្រះ​បាទ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​របស់ពួក​ខ្លាំង​ពូកែ។
17នៅពីក្រោយគាត់ មាន​ពួក​លេវីបានជួសជុល រួមទាំងលោក​រេហ៊ូម ជា​កូន​របស់លោក​បានី ហើយ​នៅ​ជាប់​នឹង​គាត់ មានលោក​ហា‌សាប‌យ៉ា ជា​អ្នកគ្រប់គ្រង​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែលធ្វើការដើម្បីសង្កាត់របស់​គាត់។
18បន្ទាប់​ពី​គាត់ មាន​ពួក​បង‌ប្អូន​របស់​គេ​បាន​ជួស‌ជុល រួមទាំងលោក​បាវ៉ាយ ជា​កូន​របស់លោក​ហេណាដាឌ និង​ជា​អ្នកគ្រប់គ្រង​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង។
19នៅ​ជាប់​នឹង​គាត់ មានលោក​អេស៊ើរ កូន​របស់លោក​យេសួរ ជាអ្នកគ្រប់គ្រង​លើ​ស្រុក​មីសប៉ា បាន​ជួស‌ជុល​មួយផ្នែក​ទៀត ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​ជ្រុងកំផែង។
20បន្ទាប់​ពី​គាត់ មានលោក​បារូក ជា​កូន​របស់​សាប់បាយ បាន​ជួស​ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ជ្រុងកំផែង រហូត​ដល់​ទ្វារ​ផ្ទះលោក​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ។
21បន្ទាប់​ពី​គាត់ មានលោក​ម្រេម៉ូត កូនរបស់លោក​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​លោកហាកូស បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​របស់លោក​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​របស់​លោក។
22បន្ទាប់​ពី​គាត់ មាន​ពួក​សង្ឃ គឺ​ពួក​សង្ឃ​ដែល​នៅ​តំបន់​ជុំ​វិញ បាន​ជួស‌ជុល។
23បន្ទាប់​ពី​អ្នក​ទាំង​នោះ មានលោក​បេនយ៉ាមីន និងលោក​ហាស៊ូប​បាន​ជួស‌ជុល​នៅ​មុខ​ផ្ទះ​របស់​ពួក‌គេ។ ​បន្ទាប់​មក​ទៀត មាន​លោកអ័សារា ជា​កូន​របស់លោក​ម្អាសេយ៉ា និង​ជា​ចៅរបស់លោក​អ័ណានា បាន​ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន។
24បន្ទាប់​ពី​គាត់ មានលោក​ប៊ីនុយ ជា​កូនរបស់លោក​ហេណាដាឌ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​របស់លោក​អ័សារា រហូត​ដល់ជ្រុង​ និងរហូត​ដល់​កាច់​ជ្រុងកំផែង។
25លោកប៉ាឡាល ជា​កូន​របស់លោក​អ៊ូសាយ បាន​ជួស​ជុល​នៅ​មុខជ្រុង​កំផែង និង​ប៉ម​ដែល​សន្ធឹង​ចេញ​ពីព្រះរាជ​ដំណាក់​ស្តេច​ខាង​លើ នៅ​ទី​ធ្លា​របស់​ក្រុម​អង្គរក្ស​ស្ដេច។ ​បន្ទាប់​ពី​គាត់ មានលោក​ពេដាយ៉ា ជា​កូន​របស់លោក​ប៉ារ៉ូសបានជួសជុល
26​ពួក​អ្នក​បម្រើ​ព្រះ​វិហារ ដែល​រស់​នៅ​លើ​អូផែល បាន​ជួស​ជុល​ចំណុច​មួយ​នៅ​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត និង​ប៉ម​ដែល​សន្ធឺង​ចេញ​នោះ។
27បន្ទាប់​ពីគាត់ មាន​ពួកអ្នកស្រុក​ត្កូអា បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត នៅ​ទល់​មុខ​នឹង​ប៉ម​ធំ​ដែល​សន្ធឹង​ចេញរហូត​ដល់​កំផែង​អូផែល។
28ពួក​សង្ឃ​បាន​ជួស​ជុល​នៅខាង​លើ​ទ្វារ​សេះ ​នៅខាង​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន។
29បន្ទាប់​ពី​អ្នក​ទាំង​នោះ មានលោក​សាដុក ជា​កូន​របស់​លោកអ៊ីមមើរ បាន​ជួស‌ជុលនៅ​ខាង​មុខ​ផ្ទះ​របស់​គាត់។ បន្ទាប់​ពី​គាត់ មានលោក​សេម៉ាយ៉ា កូន​របស់លោក​សេកានា ជា​ឆ្មាំ​ទ្វារ​ខាង​កើត បាន​ជួស‌ជុល។
30បន្ទាប់​ពីគាត់ មាន​លោក​ហាណានា ជា​កូនរបស់លោក​សេលេមា និងលោក​ហានូន ជា​កូន​ទី​ប្រាំមួយ​របស់លោក​សាឡាប បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត។ បន្ទាប់​ពី​គាត់ មានលោក​មស៊ូ‌ឡាម ជា​កូន​របស់លោក​បេរេគា បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់ដេក​របស់​គាត់។
31បន្ទាប់​ពី​គាត់ មានលោក​ម៉ាលគា ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ជាង​មាស បាន​ជួស​ជុល រហូត​ដល់​ផ្ទះ​របស់​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​ផ្ទះ​របស់​ពួក​អ្នក​ជំនួញ ទល់​មុខ​នឹង​ ទ្វារ​មីប​កាឌ ហើយ​រហូត​ដល់​បន្ទប់​ខាង​លើ ត្រង់​ជ្រុង​កំផែង។
32ពួកជាងមាស និងពួកអ្នកជំនួញបានជួសជុលមួយ​ផ្នែក​នៅ​ចន្លោះបន្ទប់​ខាង​លើ​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។