ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នេហេមា 2

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។
2ប៉ុន្តែ ស្ដេច​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ដូច្នេះ? អ្នក​ឥត​មាន​ឈឺអ្វី​សោះ។ នេះ​គ្មាន​អ្វី​ក្រៅ​ពី​មាន​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ឡើយ»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ណាស់។
3ខ្ញុំ​ថ្លែងទៅកាន់​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន? បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវបំផ្លាញដោយ​ភ្លើង​ដែរ»។
4បន្ទាប់មកព្រះរាជាមាន​រាជ​ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់ឲ្យយើងធ្វើ​អ្វី?» ដូច្នេះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។
5ខ្ញុំក៏តបនឹងស្តេចថា «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​ទូល‌បង្គំ នោះ​សូម​ព្រះ​ករុណា​ចាត់​ទូល‌បង្គំឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ទី​ក្រុង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​​សង់កំផែង​នោះ​ឡើង​វិញ»។
6ព្រះរាជាមាន​រាជ​ឱង្ការ​មក​ខ្ញុំ​ (ទាំង​មាន​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ផង​) «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ហើយ​ពេល​ណា​ទើប​លោក​ត្រឡប់​មក​វិញ?» ដូច្នេះ កាល​ខ្ញុំ​បាន​កំណត់​ពេល​រួច​ហើយ ស្ដេច​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចាត់​ខ្ញុំ​ឲ្យ​ទៅ។
7បន្ទាប់មក ខ្ញុំ​បាន​ទូល​ទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រទាន​រាជ​សារ​ឲ្យ​ទូល‌បង្គំ យក​ទៅ​ជូនអស់​លោក​អភិបាល​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ រហូត​ដល់​ស្រុក​យូដា។
8នោះគឺជា​រាជ‌សារ​មួយ​ច្បាប់ទៀត​ជូន​លោក​អេសាភ ដែលជា​មេ​ព្រៃ​របស់​ព្រះ​ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូល‌បង្គំ​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរព្រះ‌វិហារ និង​សម្រាប់​ធ្វើ​កំផែងទី​ក្រុង ហើយ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​ស្នាក់​នៅ​ផង»។ ដោយព្រោះតែព្រះហស្តដ៌ល្អរបស់ព្រះបានសណ្ឋិតលើខ្ញុំ ស្តេច​ក៏​អនុ‌ញ្ញាត​ឲ្យ តាម​សំណូមពររបស់ខ្ញុំ។
9ខ្ញុំ​បាន​ទៅ​ជួបអស់​លោក​អភិបាល​ខេត្ត​នានានៅ​ខាង​នាយ​ទន្លេ ហើយ​ជូន​រាជ‌សាររបស់​ស្ដេច​ដល់​ពួក​លោក។ គ្រា​នោះ ស្ដេច​បាន​ចាត់​ពួក​មេ‌ទ័ព និង​ពល​សេះ ឲ្យ​ទៅ​ជា​មួយ​ខ្ញុំ​ដែរ។
10នៅពេលលោក​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន បាន​ឮដំណឹង​នេះ ពួកគេ​មិន​ពេញ​ចិត្តយ៉ាងខ្លាំងដែលមាន​អ្នកណា​ម្នាក់​មករក​ផល​ប្រយោជន៍ជួយដល់​​ជនជាតិ​អុីស្រា‌អែល។
11ដូច្នេះ ខ្ញុំ​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នោះ​រយៈ​ពេល​បី​ថ្ងៃ។
12ខ្ញុំ​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយខ្ញុំបាន​នាំមនុស្សមួយចំនួនទៅ​ជា​មួយ​ខ្ញុំ។ ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ណា​ម្នាក់​​ពី​អ្វី​ដែល​ព្រះជាម្ចាស់​របស់​ខ្ញុំ បាន​ដាក់​ក្នុង​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សម្រាប់​ក្រុង​យេរូ‌សាឡិម​ឡើយ។ គ្មាន​សត្វ​ណា​នៅ​ជា​មួយ​ខ្ញុំឡើយ គឺមាន​តែ​សត្វ​មួយ​ដែល​ខ្ញុំ​កំពុងជិះតែប៉ុណ្ណោះ​។
13ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ជ្រលង​ភ្នំ ឆ្ពោះ​ទៅ​អណ្តូង​នាគ និង​ទ្វារ​អាចម៍សត្វ ហើយ​បាន​ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម​ដែល​បាក់​បែកនិងបើកចំហរ ហើយនិង​ទ្វារ​ក្រុងដែលធ្វើពីឈឺ ​គឺត្រូវបានបំផ្លាញដោយភ្លើង​ឆេះ។
14បន្ទាប់​មក ខ្ញុំបាន​បន្ត​ដំណើរ​ទៅ​ដល់​ទ្វារនៃប្រភព​ទឹក ហើយនិង​ស្រះ​របស់ស្តេច។ ប៉ុន្តែកន្លែងនោះតូចចង្អៀតធ្វើឲ្យសត្វ​ដែល​ខ្ញុំ​ជិះ​ពិបាកដើរ​ឆ្លងកាត់។
15ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទាំង​យប់ ហើយ​ពិនិត្យ​មើល​កំផែង រួច​ខ្ញុំ​ត្រឡប់​ក្រោយ ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ ហើយ​ក៏​វិល​មក​វិញ។
16ចំណែកពួក​អ្នក​គ្រប់​គ្រង​ទី​ក្រុងពុំ​បាន​ដឹង​ថា​ខ្ញុំ​ទៅ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ហើយខ្ញុំ​មិន​បាន​ប្រាប់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង ឬ​ពួក​អ្នក​ឯ​ទៀតដែល​ត្រូវ​បំពេញ​កិច្ច​ការ​នោះ​ឡើយ។
17ខ្ញុំ​និយាយ​ទៅ​ពួក‌គេ​ថា៖ «អ្នក​រាល់​គ្នា​ឃើញបញ្ហា​អា‌ក្រក់​របស់​ពួក​យើង​ស្រាប់ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែបែក​បាក់ ហើយ​ទ្វារ​ក្រុង​ត្រូវ​ភ្លើង​ឆេះ​អស់ដែរ។ ចូរយើង​នាំ​គ្នា​មក ​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដូច្នេះ យើងនឹងមិនមានភាពអាម៉ាស់ទៀតឡើយ»។
18រួច​ខ្ញុំ​បានប្រាប់​គេ​ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះជាម្ចាស់​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ និង​​ពាក្យ​ដែល​ស្តេច​មាន​រាជ​ឱង្ការ​មក​កាន់​ខ្ញុំ។ ពួក‌គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើងក្រោក​ឡើង ហើយ​នាំ​គ្នា​សង់» ដូច្នេះ គេ​ក៏​ចម្រើន​កម្លាំង​គ្នាសម្រាប់​កិច្ច​ការ​ដ៏​ប្រពៃ​នោះ។
19ប៉ុន្ដែ ពេលដែល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ​ដំណឹងនេះ ពួកគេ​នាំ​គ្នា​សើច​ចំអក ហើយរិះគន់​យើង​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើអ្វីហ្នឹង? តើ​អ្នក​រាល់​គ្នាចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះរាជា​ឬ?»
20បន្ទាប់មកខ្ញុំ​ក៏​ឆ្លើយតប​ទៅ​គេ​ថា៖ «ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​ផ្ដល់ឲ្យ​ពួក​យើង​ឲ្យនូវជ័យជម្នះ។ ​ពួក​យើង​ជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ហើយយើងនឹង​ក្រោក​ឡើងនាំ​គ្នាសាង​សង់។ ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​គុណ​បំណាច់​អ្វី​នៅ​ក្រុង​យេរូ‌សាឡិម​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។