ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ណាហ៊ូម 2

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នកដែលកម្ចាត់កម្ចាយ​បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ។ ចូរ​ការពារ​បន្ទាយ ត្រូវ​យាម​ផ្លូវ ចូរ​ក្រវាត់​ចង្កេះ​ឲ្យ​ខែង‌រ៉ែង ហើយ​ចម្រើន​កម្លាំងទព័​យ៉ាង​សន្ធឹក​ចុះ។
2ដ្បិតព្រះ‌អម្ចាស់​កំពុងកសាង​សេចក្ដី​រុង​រឿង របស់​យ៉ាកុប​ឡើង​វិញ ដូច​ជារាជ្យ​អុីស្រា‌អែល​ដែរ ដ្បិត​ពួកចោរ​ប្លន់​បាន​បំផ្លាញ​ខ្នែង ទំពាំង‌បាយ‌ជូរ​របស់​គេ​អស់។
3ខែល​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​គេ ពណ៌​ក្រហម ទា​ហានរបស់​គេ​ស្លៀក‌ពាក់​ពណ៌​ក្រហម​ឆ្អៅ ចំណែក ឯ​រទេះ​ចម្បាំង​ភ្លឺ​ផ្លេកៗ​នៅ​ថ្ងៃ​ដែល​គេ​ប្រមូល​ផ្ដុំ​ទ័ព ទាំង​គ្រវី​លំពែង​ដង​កកោះ។
4រទេះ​ចម្បាំង​រត់​យ៉ាង​សម្បើម​ទៅ​តាម​ផ្លូវ រត់​ចុះ​ឡើង​តាម​ផ្លូវ មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ។
5ម្នាក់ដែលនឹងមកបំផ្លាញអ្នកទៅជាចំណែកតូចៗ បានហៅជា​មេទ័ព តែពួកគេភ័យញ័រនៅក្នុងចំណោមគេទាំងញ័រជើងផង ពួកគេ​ប្រញាប់‌ប្រញាល់ដើម្បីវាយ​កំផែង​ក្រុង។ ខែលធំទាំងនេះគឺធ្វើសម្រាប់ការពារទ័ពប្រយុទ្ធទាំងនោះ។
6ទ្វារ​ខាងទន្លេ​បានបង្ខំឲ្យ​របើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏រលំចុះក្រោម។
7ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​យកសំលៀកបំពាក់​និងចាប់​ជា​ឈ្លើយ ពួក​បាវ​បម្រើ​ស្រី​របស់​ព្រះ‌នាង​ក៏​យំថ្ងូរ​ដូច​ជា​សត្វព្រាបទាំង​គក់​ទ្រូងផង។
8ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​អាងទឹកដែលធ្លាយ គឺមនុស្ស​បានរត់ភៀសខ្លួន ដូចជាទឹកបុកគំហុក។ គេ​ឯទៀតស្រែក​ថា «ឈប់​សិន ឈប់​សិន» តែ​គ្មាន​នរណា​មួយ​បែរ​ក្រោយ​ឡើយ។
9ចូរ​​យក​ប្រាក់ជាជ័យភ័ណ្ឌ យកមាសជាជ័យភ័ណ្ឌ​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជាប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស។
10ទី​ក្រុង​នីនីវេនៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ទាំងទន់ជង្គង់​​ ញ័រខ្លួន​ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។
11តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ណា​ហើយ ប្រៀប​ដូច​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ឲ្យ​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ​ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ?
12ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចម្អែត​កូនក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​ពាំ​សាច់​សត្វមក​ដាក់ពេញ​ក្នុង​រូង​វាទៀតផង។
13«មើល៍! យើង​ទាស់​នឹង​ឯង នេះគឺជាការប្រកាសរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើង​នឹង​ដុត​អស់​ទាំង​រទេះ​ចម្បាំង​របស់​ឯង ឲ្យ​ទៅ​ជា​ផេះ ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង យើង​នឹង​បំបាត់​ជ័យភ័ណ្ឌចេញពីទឹកដីរបស់​ឯង​ ហើយ​គេនឹងលែងឭសំឡេង​របស់​អ្នកនាំសារ​ទៀត​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។