ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ណាហ៊ូម 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះជាសេចក្ដី​ប្រកាស​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ណាហ៊ូម​ជា​អ្នក​ភូមិ​អែល‌កូស។
2ព្រះ‌អម្ចាស់គឺ​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ក៏​សង‌សឹក ព្រះ‌ អម្ចាស់ សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធព្រះ‌អម្ចាស់សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌ អង្គ​រក្សា​សេចក្ដី​ក្រោធ សម្រាប់​ពួក​ខ្មាំង​សត្រូវ។
3ព្រះ‌ អម្ចាស់យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំងព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​ខ្មាំងសត្រូវ​ឡើយ។ ផ្លូវ​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពកទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។
4ព្រះ‌អង្គ​គំរាម​សមុទ្រ ឲ្យ​ទៅជាដីគោក​ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ។ ចំណែក​ទឹកដី​បាសាន ទៅជាខ្សោយរូមទាំង​ទឹកដី​កើមែល​ដែរ ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។
5ភ្នំ​ធំៗទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ព្រះ‌វត្តមានទ្រង់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​រលាយ ផែន​ដី និងពិភព​‌លោក​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ និងដួលរលំ​នៅ​ចំពោះ​ព្រះ‌វត្តមានទ្រង់។
6តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​​ក្រោធ​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។
7ព្រះ‌អម្ចាស់​ល្អ ហើយ​ជា​ទី​ពឹង​មាំ‌មួន​នៅ​ថ្ងៃ​ដ៏លំបាក ព្រះអង្គក៏ស្មោះត្រង់ដល់​អស់​អ្នក​ដែល​ជ្រកកោនក្នុងទ្រង់។
8ប៉ុន្តែ ព្រះ‌អង្គ​នឹង​បំផ្លាញ​ពួក​បច្ចា​មិត្តរបស់​សត្រូវ ឲ្យ​វិនាស​សាប​សូន្យ ដោយ​ទឹក​ជំនន់ ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គទៅ​ក្នុង​ទី​ងងឹត។
9តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ ទាស់​នឹង​ព្រះ‌អម្ចាស់? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​វា​វិនាសទៅ​ មិន​ឲ្យ​វាធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។
10ដ្បិតពួក​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ចំបើង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ ពួកគេ​ត្រូវបានលេបត្របាកដោយភ្លើង ដូចភ្លើងឆេះគំនរចំបើង។
11មាន​ម្នាក់​ដែលនឹងងើបឡើងចេញ​ពី​ចំណោមអ្នក​ គឺនីនីវេ ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹងព្រះ‌អម្ចាស់ គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់។
12នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់៖ «ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ។ ប៉ុន្តែអ្នកវិញយូដាអើយ យើង​បាន​បន្ទាប​អ្នកម្តងហើយ តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។
13ឥឡូវ​នេះ យើង​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្ដាច់​ចំណង​ឯង​ផង»។
14ព្រះ‌អម្ចាស់​បាន​ផ្តល់សេចក្តីបង្គាប់អំពីអ្នក​ ក្រុងនីនីវេ «អ្នក​នឹង​មិន​មានកូនចៅដើម្បីបន្ត​វេន​ឈ្មោះ​ទៀត​ឡើយ​។ យើង​នឹង​ដក​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញពីរបស់ឯង។ យើង​នឹង​ជីករណ្តៅដីហើយរៀបចំ​ផ្នូរ​សម្រាប់ឯង ដ្បិត​ឯង​គម្រក់​ណាស់»។
15មើល៍! នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ​យូដាចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​ពាលនឹង​មិន​ដែល ធ្វើទុក្ខឯង​ទៀត​ឡើយ គេ​ត្រូវ​វិនាសអស់ទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។