1វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម! វាមានពេញដោយការកុហក និងការលួចប្លន់មិនឈប់ឈរ អំពើឃោរឃៅ គឺតែងតែកើតឡើងនៅក្នុងទីក្រុងនេះ។
2ប៉ុន្តែពេលនេះ មានតែសូរសម្លេងយំសោក ហើយនិងសម្លេងសូរសន្ធឹកកង់ សូរសេះបោល និងសូររឃុករឃាក់នៃរទេះចម្បាំងវិញ។
3មានកងទ័ពប្រយុទ្ធសេះបានសំរុកចូល ជាមួយដាវដែលភ្លឺចាំង ហើយលំពែងផ្លេកៗ មានសាកសពគរលើគ្នាយ៉ាងច្រើន មានមនុស្សស្លាប់យ៉ាងសន្ធឹក វាគ្មានទីបព្ចាប់ឡើយ អ្នកដែលវាយប្រហារគេបានជំពប់ដួលលើសាកសពនោះ។
4នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់ជនជាតិទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសារអំពើអាបធ្មប់របស់វា។
5«មើល៍! យើងទាស់ប្រឆាំងនិងឯង នេះព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា យើងនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកជនជាតិទាំងប៉ុន្មាន ឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរ ឃើញកេរ្តិ៍ខ្មាសរបស់ឯង។
6ហើយយើងនឹងបោះសេចក្តីកខ្វក់ គួរខ្ពើមទៅលើឯង ឲ្យឯងទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង។
7នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា «ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក» តើនឹងរកអ្នកណាអាចជួយរំលែកទុក្ខអ្នកបាន?»
8នីនីវេ! តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី?
9ទឹកដីអេត្យូពី និងទឹកដីអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកទឹកដីពូថ និងអ្នកទឹកដីលីប៊ី ក៏ជាពួកសម្ព័ន្ឋមិត្តរបស់គេដែរ។
10ទោះបីបោះបង់យ៉ាងនេះក្ដី នាងក៏ទៅជាឈ្លើយដែរ ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
11ឯងនិងត្រូវស្រវឹងដូច្នោះដែរ អ្នកនឹងព្យាយាមលាក់ខ្លួន ហើយនឹងស្វែងរកទីកន្លែងពួន ឲ្យរួចផុតពីខ្មាំងសត្រូវ។
12អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី។
13មើល៍ នៅក្នុងចំណោមពួកស្រីៗរបស់ពួកអ្នក ទ្វារនៃទឹកដីឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកអ្នកអស់ទៅហើយ។
14ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងជុំជិត ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅលាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន។
15ភ្លើងនឹងឆេះបន្សុសអ្នកគ្មានសល់ ហើយនឹងមានដាវកាត់អ្នកផងដែរ។ គឺវានឹងស៊ីបង្ហិនអ្នកដូចជាកណ្តូប។ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចកណ្តូបទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង។
16អ្នកបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែពួកគេដូចជាកណ្តូបតូចៗ ក៏ត្រូវបានដង្កូវស៊ីបង្ហិននៅលើដី រួចទៅបាត់ហើយ។
17ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាកណ្តូប ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំក្នុងរបងនៅពេលថ្ងៃរងា។ ប៉ុន្តែ កាលណាថ្ងៃរះឡើង នោះវាហើរទៅបាត់ ទៅកន្លែងណាក៏មិនដឹងដែរ។
18ស្តេចជនជាតិអាស្សុីរី ពួកគង្វាលរបស់អ្នក គេដេកលក់អស់ហើយ ការគ្រប់គ្រង់ដែលពេញដោយកុហកនិងដួលទៅ ប្រជាជនរបស់អ្នកត្រូវកំចាត់កំចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ។
19គ្មានអ្វីអាចព្យាបាលអ្នកឲ្យបាត់របួសឡើយ ព្រោះរបួសអ្នកធ្ងន់ណាស់។ គ្រប់គ្នាដែលឮដំណឹងពីអ្នក គេទះដៃអរសប្បាយដាក់អ្នកដែរ។ តើមានអ្នកណាដែលបានគេចពីអំពើកំណាច របស់អ្នកបាននោះ?