ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាដកថា នឹងមានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានឹងមិនដែរស្គាល់សេចក្តីស្លាប់ឡើយ គេនឹងឃើញព្រះរាជ្យនៃព្រះជាម្ចាស់យាងចុះមកជាមួយនឹងអំណាចព្រះចេស្តា»។
2ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូបានយកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅលើភ្នំជាមួយព្រះអង្គ ដាច់ដោយឡែកតែពួកគេ។ ក្រោយមកព្រះអង្គក៏មានរូបរាងប្លែកនៅពីមុខពួកគេ។
3សម្លៀកបំពាក់របស់ព្រះអង្គប្រែជាសភ្លឺចាំងយ៉ាងអស្ចារ្យ គ្មាន​មនុស្សណា​នៅ​ផែន​ដី​នេះ ​អាច​នឹងធ្វើ​ឲ្យ​សដូចជាសម្លៀកបំពាក់នោះឡើយ។​
4ក្រោយមក ​លោក​អេលី​យ៉ា​ និង​លោក​ម៉ូសេ​បាន​លេច​មកនៅចំពោះពួកគេ ហើយអ្នកទាំងពីរបានជជែកជាមួយព្រះយេស៊ូ។
5លោកពេត្រុស បានឆ្លើយដោយនិយាយទៅកាន់ព្រះយេស៊ូថា៖ «លោកគ្រូ គឺជាការល្អដែលយើងនៅទីនេះ ដូច្នេះ សូមឲ្យយើងសង់ផ្ទះបី មួយសម្រាប់លោកគ្រូ និងមួយសម្រាប់លោកម៉ូសេ ហើយ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។
6(ដ្បិត គាត់មិនដឹងជាត្រូវនិយាយអ្វីទេ ដោយព្រោះពួកគេកំពុងភ័យ)។
7​មាន​ពពក​មួយលេច​មក​គ្រប​បាំង​ពួក​គាត់ទាំងបី។​ ក្រោយមកមាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖ «នេះ​គឺជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ សូមស្ដាប់​តាម​ព្រះអង្គ​ចុះ»​។
8រំពេចនោះ ពេលដែលពួកគេមើលជុំវិញ គឺមិនឃើញមានអ្នកណានៅទីនោះទៀតហើយ ប៉ុន្តែគឺឃើញតែព្រះយេស៊ូមួយព្រះអង្គគត់។
9គ្រាដែលពួកគេចុះពីលើភ្នំមកវិញ ព្រះជាម្ចាស់បានបង្គាប់ហាមមិនឲ្យប្រាប់ការអ្វីដែលពួកគេបានឃើញដល់អ្នកណាឲ្យសោះ ដរាបដល់កូនមនុស្សបានរស់ឡើងវិញពីសេចក្តីស្លាប់សិន។
10ដូច្នេះ ហើយពួកគេក៏បានរក្សារឿងនោះ នៅក្នុងពួកគេ ប៉ុន្តែ ពួកគេបានជជែកគ្នានៅក្នុងចំណោមពួកគេអំពី «រស់់ចេញពីសេចក្តីស្លាប់ឡើងវិញ» មានន័យយ៉ាងម៉េច។
11ពួកគេទូលសួរព្រះអង្គថា៖ «ហេតុអ្វីពួកអាចារ្យនិយាយថាលោកអេលីយ៉ាត្រូវមកជាមុន»?
12ព្រះអង្គតបទៅពួកគេថា៖ «លោកអេលីយ៉ាបានមកមុនមែន គឺដើម្បីស្តារអ្វីទាំងគ្រប់យ៉ាងឡើងវិញ។ ហេតុអ្វី​ បានជាមាន​សេចក្ដី​ចែង​ទុក​មកថា កូន​មនុស្ស​​ ត្រូវ​តែ​រង​ទុក្ខ​លំបាក​ជា​ច្រើនដង​ និង​ត្រូវ​គេ​ប្រព្រឹត្តឹដូចអ្នកគ្មានតម្លៃ?
13ប៉ុន្ដែ ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​​ ហើយពួកគេ​បាន​ប្រព្រឹត្ដ​ចំពោះ​គាត់​តាម​តែ​ចិត្ដគេចង់​ ដូច​ដែល​មាន​ចែង​ទុក​អំពី​គាត់​»។
14ពេលពួកគេ​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ ហើយពួក​អាចារ្យ​នៅ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​តែប្រកែកគ្នា។
15ពេលពួកបណ្តាជនឃើញព្រះយេស៊ូភ្លាមក៏​អស្ចារ្យ​ ហើយពួកគេនាំគ្នា​រត់​ទៅស្វាគមន៍ព្រះអង្គ​។
16ព្រះអង្គក៏សួរទៅពួកសិស្សថា៖ «តើអ្នកទាំងគ្នាកំពុងប្រកែកជាមួយពួកគេអំពីរឿងអ្វី»?
17មានម្នាក់ដែលនៅក្នុងបណ្តាជន បានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបាននាំយកកូនប្រុសមករកលោក។ គឺគាត់មានវិញ្ញាណនៅក្នុងខ្លួនដែលមិនអាចធ្វើឲ្យគាត់អាចនិយាយបាន។
18​នៅ​ពេល​​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​ ហើយវា​ផ្ដួល​កូនខ្ញុំឲ្យដួល​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​ធ្មេញ​ ហើយនិង​រឹង​ខ្លួន​។​ ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញពីកូនរបស់ខ្ញុំដែរ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បានទេ​»។
19ព្រះជាម្ចាស់​មាន​បន្ទូល​តប​ទៅពួក​គេ​ថា៖​ «​តំណ​មនុស្ស​ដែលគ្មាន​ជំនឿ​អើយ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណាទៀត?​ តើ​ឲ្យ​ខ្ញុំអត់ទ្រាំ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណាទៀត?​ ចូរ​នាំ​ក្មេង​នោះ​មក​កាន់​ខ្ញុំចុះ»។​
20ពួកគេក៏នាំយកក្មេងនោះទៅរកព្រះអង្គ។ ពេលវិញ្ញាណនោះឃើញព្រះយេស៊ូ វាក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផងដែរ។
21ព្រះយេស៊ូបានសួរទៅកាន់ឪពុករបស់កូនថា៖ «តើការនេះបានកើតឡើងក្មេងនេះយូរប៉ុណ្ណាហើយ?» ឪពុកបានឆ្លើយថា៖ «តាំងតែពីតូចមក»
22វាជារឿយៗធ្វើឲ្យកូនខ្ញុំដួលទៅលើភ្លើងឬទៅក្នុងទឹក ដើម្បីនឹងសម្លាប់កូនរបស់ខ្ញុំ។ ប្រសិនបើ លោកគ្រូអាចធ្វើអ្វីម៉្យាង សូមមេត្តាអាណិតយើង និងជួយពួកយើងផង»។
23ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ លោកអាចជួយបានឬ? អ្វីៗទាំងអស់នឹងកើតឡើងសម្រាប់អ្នកណាដែលជឿ»។
24ភ្លាមនោះឪពុករបស់កូននោះក៏ស្រែកឡើងដោយនិយាយថា៖ «ខ្ញុំជឿហើយ សូមជួយការមិនមានជឿរបស់ខ្ញុំផង»!
25ពេលព្រះយេស៊ូបានឃើញបណ្តាលជនកំពុងរត់ទៅរកពួកគេ នោះព្រះអង្គក៏ដេញវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «វិញ្ញាណ​គថ្​លង់​ យើង​បង្គាប់​ឯង​ ចូរចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»។
26វា​បាន​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួចហើយ​ក៏​ចេញ​ទៅ។​ ​ក្មេងប្រុស​នោះ​មើលទៅដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​ ​មនុស្ស​ជា​ច្រើនបាន​និយាយ​ថា​៖ «គាត់​ស្លាប់​ហើយ»។
27ប៉ុន្តែ ព្រះយេស៊ូបានលើកគាត់ឡើងដោយព្រះហស្ត ហើយក្មេងប្រុសក៏ឈរឡើង។
28ពេលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្សបានសួរព្រះអង្គស្ងាត់ៗថា៖ «ហេតុអ្វីបានជាយើងមិនដេញវាចេញបាន»?
29ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «វិញ្ញាណប្រភេទនេះមិនអាចដេញបានទេ លើកលែងតែតាមរយៈពាក្យអធិស្ឋាន»។
30ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ ឆ្លង​កាត់​ស្រុក​កាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹង ថាពួកគេនៅទីណានោះទេ
31ដោយសារព្រះអង្គកំពុងតែបង្រៀនពួកសិស្ស​របស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូន​មនុស្ស​នឹងត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក។​ កាល​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញម្តងទៀត»។
32ប៉ុន្តែ ពួកគេមិនយល់ពីអ្វីដែលព្រះអង្គមានបន្ទូលឡើយ ហើយពួកគេក៏មិនហ៊ានសួរព្រះអង្គដែរ។
33ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​។ បន្ទាប់ពីព្រះអង្គយាងចូលក្នុងផ្ទះ ព្រះអង្គសួរទៅពួកគេថា៖ «តើពួកអ្នកបានជជែកគ្នាពីអ្វីនៅតាមផ្លូវ»?
34ប៉ុន្តែ ពួកគេនៅស្ងៀម។ ដ្បិត ពួកគេបានប្រកែកគ្នានៅតាមផ្លូវ ក្នុងចំណោមពួកគេ អំពីអ្នកណានឹងក្លាយជាធំជាងគេ។
35ព្រះអង្គ​ក៏​គង់ចុះ ព្រះជាម្ចាស់ក៏​ហៅ​ពួកសិស្សទាំង​ដប់​ពីរ​មក​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ អ្នក​នោះនឹងទៅក្រោយគេបង្អស់ និងជាអ្នកបម្រើដល់មនុស្សគ្រប់គ្នាដែរ»​។
36ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួកគេ។ ព្រះជាម្ចាស់បានលើកក្មេងឡើង ដោយបន្ទូលថា
37«អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​ម្នាក់​​នេះ គឺ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​បានទទួល​ខ្ញុំ​ ហើយ​បើមានអ្នក​ណា​ទទួល​ខ្ញុំ​ នោះ​មិន​មែន​ទទួលតែ​ខ្ញុំ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​
38លោកយ៉ូហានបានទូលព្រះអង្គថា៖ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់ដែរ​ តែគាត់​មិន​​តាម​យើងសោះ»។
39ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «សូមកុំហាមគាត់អី ដ្បិត គ្មានអ្នកណាដែលនឹងធ្វើការដ៏អស្ចារ្យ នៅក្នុងឈ្មោះខ្ញុំ ហើយបន្ទាប់មក និយាយអាក្រក់ពីខ្ញុំនោះទេ។
40អស់អ្នកណាដែលមិនប្រឆាំងនឹងយើងគឺនៅជាមួយពួកយើងហើយ។
41អ្នកណាដែលឲ្យទឹកអ្នករាល់គ្នាផឹក ទឹកមួយកែវដោយសារតែអ្នកជាកម្មសិទ្ធិរបស់ព្រះគ្រិស្ត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នោះនឹងមិនបាត់រង្វន់របស់គាត់ឡើយ។
42​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែលជឿ​ក្នុងខ្ញុំ​ ទាំង​ឲ្យ​ជំពប់​ដួល​ វាគួរឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​កិន​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រនោះ​ប្រសើរ​ជាង​។ ប្រសិនបើ ដៃរបស់អ្នកបានធ្វើឲ្យជំពប់ សូមកាត់វាចោលចុះ។
43ប្រសើរជាងឲ្យ​អ្នក​នោះចូល​ទៅ​ក្នុង​ជីវិត​ ដោយ​ពិការ​តែបើមាន​ដៃ​ទាំង​ពីរ​ បែបជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក​ដែល​មាន​ភ្លើង​មិន​ចេះ​រលត់។​
44ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់។
45ប្រសិនបើ ជើងរបស់អ្នកធ្វើឲ្យអ្នកជំពប់ សូមកាត់វាចេញទៅ។ គួរ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ​ ហើយ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។
46​ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់។
47ប្រសិនបើភ្នែករបស់អ្នកធ្វើឲ្យអ្នកជំពប់ សូមខ្វេះវាចោលចុះ។ គួរ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មាន​ភ្នែក​តែ​ម្ខាង​ ប្រសើរ​ជាង​មាន​ភ្នែក​មួយ​គូ​ ហើយ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក​។
48គឺជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់។
49ដ្បិត ​មនុស្ស​គ្រប់ៗ​គ្នា ​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។
50អំបិលជារបស់ល្អ ប៉ុន្ដែ ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃឡើង​វិញ​បាន? សូមឲ្យមានជាតិប្រៃនៅក្នុងចំណោមអ្នករាល់គ្នា ហើយរស់នៅជាមួយគ្នាដោយសុខសាន្តចុះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។