1ព្រះយេស៊ូបានចាកចេញពីទីនោះ ហើយក៏យាងទៅដល់ស្រុកយូដា ហើយនិងទៅតាមតំបន់ទន្លេយ័រដាន់ ពួកបណ្តាលជនក៏មករកព្រះអង្គម្តងទៀត។ ព្រះអង្គក៏បង្រៀនពួកគេថែមទៀត ដូចដែលព្រះអង្គធ្លាប់ធ្វើកន្លងមក។
2ពួកផារីស៊ីបានមកដល់ព្រះអង្គដើម្បីល្បងហើយទូលសួរថា៖ «តើប្តីលែងប្រពន្ធរបស់គាត់ត្រូវច្បាប់ទេ?»
3ព្រះអង្គក៏ឆ្លើយថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?»
4ពួកគេបាននិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចហើយលែងប្រពន្ធបាន»។
5ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្តអ្នករាល់គ្នារឹងបានជាគាត់សរសេរច្បាប់បែបនេះឲ្យអ្នករាល់គ្នា»។
6ប៉ុន្តែ «ព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុសជាស្រី តាំងពីដើមកំណើតនៃពិភពលោកមេ្ល៉ះ»។
7«ហេតុនេះហើយបានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន
8ហើយអ្នកទាំងពីរត្រឡប់ទៅជាសាច់តែមួយ។ ដូច្នេះ ពួកគេលែងពីរនាក់ទៀតហើយ គឺសាច់តែមួយវិញ។
9ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំឡើយ»។
10ពេលពួកគេមកដល់ក្នុងផ្ទះ ពួកសិស្សសួរព្រះអង្គម្តងទៀតអំពីការនេះ។
11ព្រះអង្គមានបន្ទូលតបថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការជាមយយស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ។
12ប្រសិនបើប្រពន្ធលែងប្ដីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។
13ក្រោយមក មានគេនាំក្មេងៗមករកព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ពួកគេ ប៉ុន្តែ ពួកសិស្សបានស្ដីបន្ទោសដល់ពួកគេ។
14ប៉ុន្តែ ពេលព្រះយេស៊ូទតឃើញ ព្រះអង្គមិនគាប់ព្រះហឫទ័យនឹងពួកគេមានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមករកខ្ញុំចុះ ដ្បិត ព្រះរាជ្យនៃព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះដែរ។
15ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យនៃព្រះជាម្ចាស់ដូចជាក្មេងៗតូចនេះទេ នឹងប្រាកដជាមិនអាចចូលក្នុងព្រះរាជ្យនៃព្រះជាម្ចាស់បានទេ»។
16ក្រោយមក ព្រះអង្គបានលើកពួកក្មេងៗមកក្នុងព្រះហស្តព្រះអង្គ ហើយឲ្យពរដល់ពួកគេ នៅពេលដែលព្រះអង្គដាក់ព្រះហស្តលើពួកគេ។
17ពេលព្រះអង្គកំពុងបន្តដំណើរតាមផ្លូវ មានបុរសបានរត់មករកព្រះអង្គហើយលុតជង្គង់នៅចំពោះព្រះជាម្ចាស់ ហើយទូលថា៖ «លោកគ្រូដ៏ល្អអើយ តើធ្វើដូចម្តេច ដើម្បីឲ្យបានទទួលបានជីវិតអស់កល្បជានិច្ច»?
18ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំគ្រូល្អដូច្នេះ? គ្មាននរណាល្អទេ លើកលែងតែព្រះមួយព្រះជាម្ចាស់តែមួយអង្គគត់។
19អ្នកបានស្គាល់ពីបញ្ញត្តិហើយ៖ មិនត្រូវសម្លាប់ឲ្យសោះ មិនត្រូវផិតក្បត់ឲ្យសោះ មិនត្រូវលួច មិនត្រូវធ្វើសាក្សីក្លែងក្លាយ មិនត្រូវកេងបន្លំ ហើយត្រូវគោរពឪពុកម្ដាយរបស់អ្នកឡើយ»។
20បុរសនោះឆ្លើយថា៖ «លោកគ្រូ ខ្ញុំបានស្តាប់បង្គាប់តាមបញ្ញត្តិ តាំងតែពីក្មេងមកមេ៉្លះ»។
21ព្រះយេស៊ូបានមើលទៅគាត់ដោយសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ការមួយទៀតដែលអ្នកមិនទាន់ធ្វើ។ អ្នកត្រូវលក់របស់ទ្រព្យសម្បត្តិទាំងអស់ហើយចែកដល់អ្នកក្រចុះ នោះអ្នកនឹងទទួលសម្បត្តិនៃស្ថានសួគ៌វិញ។ រួចហើយដើតាមខ្ញុំចុះ»។
22ប៉ុន្តែ ដោយព្រោះប្រយោគនេះ ធ្វើឲ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង ហើយចេញទៅទាំងសោកសៅ ដោយព្រោះគាត់មានសម្បតិ្តច្រើនពេក។
23ព្រះយេស៊ូទតមើលជុំវិញហើយមានបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ពិបាកណាស់»!
24ពួកសិស្សបានងឿងឆ្ងល់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «កូនអើយ តើអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ពិបាកយ៉ាងណាទៅ!
25គឺសត្វអូដ្ឋដែលចូលតាមប្រហោងម្ជុល ងាយជាងដែលអ្នកមានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅទៀត»។
26ពួកសិស្សកាន់តែងឿងឆ្ងល់ខ្លាំងឡើង ហើយក៏ជជែកគ្នាទៅវិញទៅមកថា៖ «តើអ្នកណាទៅដែលអាចបានសង្គ្រោះទៅ»?
27ព្រះយេស៊ូទតទៅពួកគេហើយបន្ទូលថា៖ «មនុស្សមិនអាចធ្វើបានទេ ប៉ុន្តែព្រះជាម្ចាស់អាចធ្វើបាន។ ដ្បិត ព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន»។
28លោកពេត្រុសក៏ចាប់ផ្តើមទូលទៅព្រះអង្គថា៖ «មើល៍! ពួកយើងបានលះចោលគ្រប់យ៉ាងហើយមកតាមលោកគ្រូ»។
29ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានមានអ្នកណាចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬឪពុកម្តាយ ឬដីស្រែចម្ការ ដោយព្រោះខ្ញុំ និងដើម្បីដំណឹងល្អ
30អ្នកនោះនឹងបានទទួលមួយជាមួយរយដងវិញគឺផ្ទះសម្បែង ហើយបងប្អូនប្រុសស្រី ហើយនិងឪពុកម្តាយ និងដីស្រែចម្ការនៅក្នុងលោកនេះ ជាមួយនឹងការបៀតបៀនដែលនឹងកើតឡើងក្នុងពិភពលោកខាងមុខ ហើយនិងជីវិតអស់កល្បជានិច្ច។
31ប៉ុន្តែ នឹងមានអ្នកខ្លះដែលមកមុន នឹងទៅជាក្រោយ ហើយអ្នកដែលក្រោយនឹងទៅជាមុនវិញ»។
32ពួកគេកំពុងធ្វើដំណើនៅតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូបានយាងទៅមុនពួកគេ។ ពួកសិស្សមានការអស្ចារ្យ ហើយនិងអ្នកដែលមកតាមក្រោយក៏មានការភ័យខ្លាច។ ក្រោយមក ព្រះយេស៊ូបាននាំពួកសិស្សទៅដោយឡែក ហើយក៏ចាប់ផ្តើមមានបន្ទូលប្រាប់អំពីអ្វីដែលនឹងត្រូវកើតឡើងមកលើព្រះអង្គនៅពេលឆាប់ៗនេះ។
33«មើល៍! ពួកយើងកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅដល់ក្រុមនាយកបូជាចារ្យ និងពួកអាចារ្យ។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ។
34ពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
35លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេបានចូលទៅជិតព្រះអង្គហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»។
36ព្រះអង្គមានបន្ទូលតបទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នក?
37ពួកគេបានទូលឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកគ្រូផង»។
38ប៉ុន្តែ ព្រះយេស៊ូបានតបទៅពួកគេថា៖ «អ្នកមិនដឹងពីអ្វីដែលពួកអ្នកកំពុងសុំនោះទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ»?
39ពួកគេបានទូលទៅព្រះអង្គថា៖ «ពួកយើងអាចធ្វើបាន»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំបានទទួលដែរ។
40ប៉ុន្តែ សម្រាប់អ្នកដែលត្រូវអង្គុយនៅខាងស្តាំ ឬនៅខាងឆ្វេងព្រះហសត្តរបស់ព្រះអង្គនោះមិនមែនខ្ញុំទេជាអ្នកសម្រេចនោះទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យតែប៉ុណ្ណោះ»។
41ពេលពួកសិស្សដប់អ្នកទៀតបានឮពីការនេះ គេចាប់ផ្តើមខឹងយ៉ាងខ្លាំងជាមួយនឹងលោកយ៉ាកុប ហើយនិងលោកយ៉ូហាន។
42ព្រះយេស៊ូបានហៅពួកគេមករកព្រះអង្គហើយមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើពួកគេ ហើយពួកអ្នកដែលមានតួនាទីធំរបស់គេ ក៏ប្រើសិទ្ធិអំណាចគ្រប់គ្រងលើពួកគេផងដែរ។
43ប៉ុន្តែ ការនេះមិនគួរមាននៅក្នុងអ្នករាល់គ្នានោះទេ។ អ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ
44ហើយអ្នកណាប្រាថ្នាចង់ធ្វើជាទីមួយក្នុងចំណោមអ្នក គឺត្រូវធ្វើជាអ្នកបម្រើដល់មនុស្សគ្រប់គ្នាវិញ។
45ដ្បិត កូនមនុស្សមិនបានមកដើម្បីឲ្យគេបម្រើនោះទេ ប៉ុន្តែ ដើម្បីបម្រើវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។
46ពួកគេបានមកដល់ក្រុងយេរីខូរ។ គឺនៅពេលព្រះអង្គ និងពួកសិស្សព្រមទាំងបណ្តាជនជាច្រើន បានចាកចេញពីក្រុងយេរីខូរ ហើយមានអ្នកសុំទានម្នាក់ ពិការភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយតាមដងផ្លូវ។
47ពេលគាត់បានឮថាព្រះយេស៊ូនៅស្រុកណាសារ៉ែត គាត់ក៏ចាប់ផ្តើមស្រែកឡើងដោយនិយាយថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ សូមមេត្ដាខ្ញុំផង»!
48មានមនុស្សជាច្រើនបានស្តីបន្ទោសដល់គាត់ ដោយប្រាប់ឲ្យគាត់នៅស្ងៀម។ ប៉ុន្តែ គាត់នៅតែស្រែកខ្លាំងឡើងថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាខ្ញុំផង»!
49ព្រះយេស៊ូក៏ឈប់ ហើយមានបន្ទូលថា៖ «ចូរហៅគាត់មក!»។ ពួកគេក៏បានហៅបុរសពិការភ្នែកនោះមក ដោយនិយាយថា៖ «ចូរក្លាហាន! ហើយងើបឡើង! លោកគ្រូហៅអ្នកហើយ»។
50គាត់ក៏បោះអាវរបស់គាត់ចោល រួចលោតឡើង ហើយក៏ចូលមករកព្រះយេស៊ូ។
51ព្រះយេស៊ូបានតបទៅគាត់ដោយមានបន្ទូលថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យដល់អ្នក?» បុរសពិការភ្នែកនោះបានទូលថា៖ «រ៉ាប៊ី ខ្ញុំចង់មើលឃើញ»។
52បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «ទៅចុះ! ជំនឿបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ រំពេចនោះ គាត់ក៏បានមើលឃើញ ហើយគាត់ក៏រួមដំណើរជាមួយព្រះអង្គទៅ។