1នៅថ្ងៃនោះ បណ្ដាជនបានមកជុំគ្នាយ៉ាងច្រើនកុះករជាថ្មីម្ដងទៀត ហើយពួកគេមិនមានអ្វីហូបឡើយ។ ព្រះយេស៊ូបានហៅពួកសិស្ស ហើយមានបន្ទូលទៅគេថា៖
2«ខ្ញុំមានចិត្តអាណិតអាសូរចំពោះបណ្ដាជនទាំងនេះណាស់ ពួកគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃហើយ ហើយពេលនេះពួកគេគ្មានអ្វីសម្រាប់ហូបសោះ។
3បើខ្ញុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញទាំងអត់អាហារដូច្នេះ ពួកគេប្រាកដជាហេវហត់តាមផ្លូវហើយ ដ្បិត មានមនុស្សខ្លះមកពីឆ្ងាយ»
4ពួកសិស្សព្រះអង្គក៏ទូលទៅព្រះអង្គថា៖ «តើឲ្យយើងខ្ញុំទៅរកអាហារដើម្បីមកចម្អែតបណ្ដាជននៅក្នុងទីរហោស្ថានយ៉ាងនេះដូចម្តេចទៅ»?
5ព្រះអង្គក៏តបទៅគេវិញថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកគេទូលថា៖ «មានប្រាំពីរដុំ»។
6ព្រះអង្គក៏បង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី។ ព្រះអង្គយកនំប៉័ងទាំងប្រាំពីរនោះមកអរព្រះគុណហើយ កាច់ឲ្យពួកសិស្ស ហើយឲ្យចែកដល់បណ្តាជន។
7ពួកគេក៏មានត្រីតូចៗខ្លះដែរ ហើយកាលព្រះអង្គបានអរព្រះគុណហើយ ទ្រង់ក៏បង្គាប់ឲ្យលើកទៅឲ្យគេទៀត។
8ពួកគេហូបឆ្អែតគ្រប់គ្នា រួចគេប្រមូលបាននំប៉័ង និងត្រីដែលនៅសល់បានប្រាំពីរកន្រ្តក់។
9នៅគ្រានោះបណ្ដាជនទាំងអស់ប្រមាណជាបួនពាន់នាក់។ រួចព្រះអង្គបានឲ្យពួកគេត្រឡប់ទៅវិញ។
10រំពេចនោះស្រាប់តែព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅស្រុក ដាល់ម៉ានូថាទៅ។
11នោះពួកផារីស៊ីចេញមក ជជែកវែកញែកដើម្បីល្បងលព្រះអង្គ ដោយសុំឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អសា្ចរ្យពីស្ថានសួគ៌ឲ្យគេបានឃើញផង។
12ព្រះយេស៊ូដកដង្ហើមក្នុងវិញ្ញាណរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញតែទីសម្គាល់ដូច្នេះ? ប្រាកដណាស់ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថានឹងគ្មានទីសម្គាល់ណាបានប្រទានមកមនុស្សជំនាន់នេះឡើយ»។
13រួចព្រះអង្គក៏យាងចេញពីពួកគេ ហើយចុះទូកឆ្លងទៅឯត្រើយម្ខាងទៀតវិញ។
14ឯពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ។ ពួកគេមាននំប៉័ងតែមួយដុំប៉ុណ្ណោះនៅលើទូក។
15ព្រះយេស៊ូមានបន្ទូលរំលឹកដាស់តឿនពួកគេថា៖ «ចូរប្រុងប្រយ័ត្នមើល ហើយក៏ប្រយ័ត្ននឹងមេដំបែររបស់ពួកផារីស៊ី និងស្តេចហេរ៉ូដឲ្យមែនទែន»។
16ពួកសិស្សនាំគ្នារិះគិតពិចារណាថា៖ «នេះមកពីយើងគ្មាននំប៉័ងទេដឹង»។
17ព្រះយេស៊ូជ្រាបពីការនេះ នោះទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នានៅរិះគិតពីការដែលគ្មាននំប៉័ង? តើអ្នករាល់គ្នាមិនទាន់គិតឃើញ? មិនទាន់យល់ទេឬអី? តើអ្នកមានចិត្តរឹងចចេសឬ?
18អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញឬ? អ្នករាល់គ្នាក៏មានត្រចៀកតែស្តាប់មិនឮឬ? អ្នកមិនចាំទេឬអី?
19ពីកាលខ្ញុំបានកាច់នំប៉័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ ហើយពីរបៀបដែលអ្នករាល់គ្នាបានប្រមូលចំណិតដែលសល់បានប៉ុន្មានកន្ត្រក»? ពួកគេឆ្លើយថា៖ «បានដប់ពីរ»។
20ហើយកាលដែលខ្ញុំបានកាច់នំប៉័ង៧ដុំ ឲ្យទៅមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលទុកបានប៉ុន្មាន? ពួកគេឆ្លើយ៖ «បានប្រាំពីរ»
21ព្រះអង្គទូលសួរថា៖ «តើអ្នកនៅមិនយល់ទៀតមែនទេ»?
22ព្រះយេស៊ូ និងពួកសិស្សក៏បានធ្វើដំណើរដល់ភូមិបេតសៃដា។ ពេលនោះមានគេនាំអ្នកពិកាភ្នែកមកឯងព្រះអង្គហើយសុំឲ្យព្រះអង្គពាល់គាត់។
23ព្រះយេស៊ូបានដឹកដៃអ្នកពិកាភ្នែកនោះចេញទៅក្រៅភូមិ។ រួចព្រះអង្គបានស្តោះព្រះឱស្ឋលើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ដោយសួរថា៖ «តើលោកបានឃើញអ្វីខ្លះ»?
24គាត់ក៏បើកភ្នែកឡើងហើយនិយាយថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើអ៊ីចឹង»។
25រួចព្រះអង្គក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ហើយពេលនោះបុរសនោះក៏បានបើកភ្នែកមើល ហើយស្រាប់តែ បានភ្លឺឡើង ហើយមើលឃើញអ្វីៗច្បាស់ទាំងអស់។
26ព្រះយេស៊ូបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយផ្តាំថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។
27ព្រះយេស៊ូ និងពួកសិស្សបានចេញពីទីនោះ ឆ្ពោះទៅភូមិទាំងប៉ុន្មាននៃក្រុងសេសារា-ភីលីព។ នៅតាមផ្លូវព្រះអង្គក៏មានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សគ្រប់គ្នាគេនាំគ្នាថាខ្ញុំជានណា»?
28ពួកគេក៏បានតូលទៅព្រះអង្គថា៖ «ព្រះអង្គជាលោកយ៉ូហានបាទីស្ត ខ្លះថា ជាព្យាការី អេលីយ៉ា ហើយខ្លះទៀតថា ព្រះអង្គជាព្យាការីមួយរូបដែរ»។
29ព្រះអង្គក៏សួរពួកគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើគិតថាខ្ញុំជានណា»? នោះពេត្រុសក៏ឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រិស្ដ»
30ព្រះយេស៊ូក៏ហាមពួកគេមិនឲ្យប្រាប់ការនេះទៅនណាម្នាក់ឡើយ។
31រួចព្រះអង្គក៏ចាប់ផ្តើមបង្រៀនពួកគេពីកូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយ ត្រូវពួកចាស់ទុំ នាយកបូជាចារ្យ និងពួកអាចារ្យបដិសេធ ហើយព្រះអង្គត្រូវគេធ្វើគុតទៀត តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គក៏បានមានបន្ទូលបញ្ជាក់ពីការនេះយ៉ាងច្បាស់។
32នោះលោកពេត្រុសក៏នាំព្រះអង្គទៅក្រៅបន្តិច ហើយជំទាស់នឹងព្រះអង្គ។
33ប៉ុន្តែព្រះយេស៊ូក៏បែរមកទតពួកសិស្សរបស់ព្រះអង្គផ្សេងទៀត ហើយព្រះអង្គក៏បន្ទោសលោកពេត្រុសថា៖ «សាតាំងអើយ! ថយទៅក្រោយអញទៅ ដ្បិត គំនិតឯងមិនមែនជាគំនិតដែលមកពីព្រះជាម្ចាស់ទេ តែជាគំនិតរបស់មនុស្សលោកវិញ»។
34រួចព្រះអង្គក៏ត្រាស់ហៅមនុស្សម្នា និងពួកសិស្សមកប្រជុំគ្នា ហើយមានបន្ទូលថា៖ «ប្រសិនបើ អ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះកាត់ចិត្តខ្លួនចោល ហើយលីឈើឆ្កាងមកតាមខ្ញុំចុះ»។
35ដ្បិត អ្នកណាដែលចង់បានជីវិត នោះនឹងបាត់ជីវិតទៅ ហើយបើអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អនោះនឹងបានសង្គ្រោះវិញ។
36ដ្បិត បើអ្នកណាបានលោកីយ៍ទាំងមូល តែបាត់ជីវិតទៅ នោះមានប្រយោជន៍អ្វីដល់អ្នកនោះ?
37តើឲ្យមនុស្សនឹងយកអ្វីទៅដូរ ដើម្បីឲ្យបានជីវិត?
38អស់អ្នកណាដែលមានភាពអាម៉ាស់ដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ និងមនុស្សបាបនេះ នោះកាលដែលបុត្រមនុស្សយាងមកនឹងមានសេចក្តីខ្មាសនឹងអ្នកនោះដូចគ្នាដែរ ដែលព្រះអង្គនឹងយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា និងពួកទេវតាវិសុទ្ធផង»។