ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 7

Read Scripture freely. Divine Threads study for this chapter is coming later.

1ពួកខាងគណៈផារីស៊ី និងពួកអាចារ្យដែលបានមកពីក្រុងយេរូសាឡឹម នាំគ្នាទៅជួបព្រះយេស៊ូ។
2ពួកគេបានឃើញពួកសិស្សរបស់ព្រះអង្គមួយចំនួនហូបអាហារដោយដៃមិនស្អាតដែលមិនបានលាងជាមុនឡើយ។
3ដ្បិត ពួកផារីស៊ី និងសាសន៍យូដាមិនហូបឡើយ ទាល់តែបានសម្អាតដៃជាមុនសិន ដោយសារពួកគេកាន់តាមទំនៀមទម្លាប់ពីចាស់បុរាណ។
4នៅពេលដែលពួកផារីស៊ីត្រឡប់មកពីផ្សារវិញ ពួកគេមិនហូបទេ ទាល់តែពួកគេបានងូតទឹកជាមុនសិន ពួកគេកាន់ខ្ជាប់នូវទំនៀមទម្លាប់ផ្សេងៗដូចជា ពិធីលាងពែង លាងឆ្នាំង លាងថូ និងតុជាដើម ជាអ្វីៗដែលត្រូវប្រើសម្រាប់ហូបអាហារ។
5ពួកផារីស៊ី និងពួកអាចារ្យបានទូលសួរព្រះយេស៊ូថា៖ «តើហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ ដោយនាំគ្នាហូបអាហាររបស់ពួកគេដោយដៃមិនស្អាតយ៉ាងដូច្នេះ?»។
6ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលតបទៅពួកគេវិញថា៖​ «ព្យាការីអេសាយបានថ្លែងទុកថា៖ «អ្នករាល់គ្នាជាមនុស្សមានពុត»​។
7លោកបានថ្លែងថា៖ «ប្រជាជននេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ តែចិត្តគំនិតគេនៅឆ្ងាយពីយើងណាស់»។
8ដ្បិត អ្នករាល់គ្នាបានលះចោលបញ្ញតិ្តរបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ។
9ព្រះអង្គក៏មានបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបោះបង់បទបញ្ញតិ្តរបស់ព្រះជាម្ចាស់ចោល ហើយបែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!
10ដ្បិត លោកម៉ូសេបានផ្តាំថា៖ «ចូរគោរពប្រតិបត្តិឪពុកម្តាយខ្លួន ហើយបើអស់អ្នកណាដែលនិយាយពាក្យអាក្រក់់ពីឪពុកម្តាយខ្លួន អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន»។
11ប៉ុន្តែ អ្នករាល់គ្នានិយាយថា៖ «បើអ្នករាល់គ្នានិយាយទៅកាន់ឪពុកម្តាយខ្លួននូវអ្វីៗដែលខ្ញុំអាចជួយឪពុកម្តាយបាន គឺពាក្យ គ័របាន់» «ដែលមានន័យថា ជាតង្វាយថ្វាយទៅព្រះជាម្ចាស់។
12នោះអ្នករាល់គ្នាមិនឲ្យគាត់ជួយឪពុកម្តាយ ក្នុងការធ្វើអ្វីទៀតសោះ។
13ហើយអ្នករាល់គ្នាក៏លើកព្រះបន្ទូលព្រះជាម្ចាស់ចោល ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយអ្នករាល់គ្នាក៏ធ្វើកិច្ចការផ្សេងៗទៀតដូចការនេះដែរ»។
14រួចព្រះអង្គបានហៅបណ្ដាជនដោយមានបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាសូមស្តាប់ខ្ញុំ ហើយឲ្យយល់ចុះ!។
15គ្មានអ្វីពីខាងក្រៅ ដែលចូលទៅក្នុងខ្លួនមនុស្សអាចធ្វើឲ្យស្មោកគ្រោកទេ តែអ្វីដែលចេញមកពីខ្លួនមនុស្សទេតើដែលធ្វើឲ្យស្មោកគ្រោកវិញ»។
16បើអ្នកណាមានត្រចៀកស្តាប់ ចូរឲ្យស្តាប់ចុះ។
17កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ហើយចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គនាំគ្នាទូលសួរព្រះអង្គពីពាក្យប្រៀបធៀបនោះ។
18ព្រះយេស៊ូមានបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនទាន់យល់ទេឬអី? តើអ្នករាល់គ្នាមិនបានឃើញទេថា របស់អ្វីពីខាងក្រៅ ដែលចូលទៅក្នុងខ្លួនមនុស្សមិនបានធ្វើឲ្យស្មោកគ្រោកទេ
19ដ្បិត អ្វីៗទាំងនោះមិនចូលដល់ក្នុងចិត្តទេ គឺវាចូលទៅក្នុងពោះហើយចេញមកវិញធ្លាក់ចូលទៅក្នុងបង្គន់»។ ព្រះយេស៊ូមានបន្ទូលបញ្ជាក់ប្រាប់គេថា គ្រប់ទាំងអាហារទាំងអស់សុទ្ធតែជារបស់ស្អាត។
20ព្រះអង្គបានមានបន្ទូលថា៖​ «គឺជាអ្វីដែលចេញពីខ្លួនមនុស្សទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ។
21ដ្បិត អ្វីដែលនៅខាងក្នុងមនុស្សគឺចេញពីចិត្តគេ គឺមានគំនិតស្នោកគ្រោក ដែលនាំឲ្យប្រព្រឹត្តិអំពើអាក្រក់ផ្សេងៗដូចជា អាសអាភាស លួចប្លន់ កាប់សម្លាប់គ្នា
22អំពើកំផិតសហាយស្មន់ លោភលន់ចង់បានទ្រព្យអ្នកដទៃ កាចឃោឃៅ បោកបញ្ឆោតគេ កាមតុណ្ហា ច្រណែន មួលបង្កាច់ អំនួត និងសេចក្តីចម្កួត។
23សេចក្តីអាក្រក់ទាំងនេះហើយចេញពីខាងក្នុង ដែលធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»។
24ព្រះអង្គក្រោកឡើង ហើយយាងចេញពីទីនោះឆ្ពោះទៅក្រុងទីរ៉ុស និងក្រុងស៊ីដូន។ រួចព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ដោយទ្រង់មិនចង់ឲ្យនណារម្នាក់ដឹងថាទ្រង់គង់នៅទីនោះឡើយ តែមិនអាចលាក់ជិតបានឡើយ។
25ភ្លាមនោះ មានស្រី្តម្នាក់ដែលមានកូនស្រីត្រូវវិញ្ញាណអារក្សចូលបានឮគេនិយាយពីព្រះអង្គ ស្រ្តីនោះក៏មករកព្រះអង្គហើយលុតជង្គង់ក្រាមនៅទៀបព្រះបាទព្រះអង្គ។
26ស្រ្តីនោះជាសាសន៍ក្រិក កូនកាត់ស៊ីរ៉ុសភេនីស។ ស្រ្តីនោះទទូចអង្វរព្រះអង្គសុំឲ្យដេញវិញ្ញាណអាក្រក់នោះចេញពីកូនស្រីនាង។
27ព្រះអង្គមានបន្ទូលតបទៅនាងថា៖ «ចូរទុកឲ្យកូនៗហូបអាហារឆ្អែតជាមុនសិន ដ្បិត មិនគួរយកនំប៉័ងរបស់កូនទៅឲ្យឆ្កែស៊ីទេ»។
28ប៉ុន្តែនាងទូលព្រះអង្គថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ ឆ្កែដែលនៅក្រោមតុនោះវាស៊ីតែកម្ទេចដែលជ្រុះពីកូនក្មេងប៉ុណ្ណោះ»។
29នោះព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយនាងបាននិយាយដូច្នោះហើយ ចូរនាងទៅវិញចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។
30ពេលនាងត្រឡប់ទៅផ្ទះវិញក៏បានដឹងថាកូននាងកំពុងតែដេកសម្រាកនៅលើគ្រែ ហើយអារក្សនោះក៏បានចេញពីកូនមែន។
31បន្ទាប់មក ព្រះអង្គក៏យាងចេញពីក្រុងទីរ៉ុសកាត់តាមក្រុងស៊ីដូន និងស្រុកដេកាប៉ូល ឆ្ពោះទៅកាន់សមុទ្រកាលីឡេ។
32មានគេនាំមនុស្សថ្លង់ម្នាក់ ដែលពិបាកនិយាយមកឯព្រះអង្គ ហើយអង្វរឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។
33ព្រះអង្គក៏នាំគាត់ចេញពីបណ្តាជនទៅដោយឡែកពីពួកគេ ហើយព្រះអង្គក៏យកព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចបន្ទាប់ពីស្តោះទឹកព្រះឱស្ឋ ព្រះអង្គក៏ពាល់អណ្តាតគាត់។
34ព្រះអង្គបានងើបទតទៅលើមេឃ ហើយមានបន្ទូលថា៖ «អិបផាថា» ដែលមានន័យថា «ចូរបើកឡើង»!
35ភ្លាមនោះត្រចៀកគាត់ក៏បានបើក អណ្តាតក៏គ្រលាស់បាន​ ហើយគាត់ក៏ចាប់ផ្តើមនិយាយយ៉ាងច្បាស់។
36ព្រះយេស៊ូមានព្រះបន្ទូលហាមពួកគេមិនឲ្យប្រាប់រឿងរ៉ាវដែលពួកគេបានដឹងដល់អ្នកណាម្នាក់ឡើយ ប៉ុន្តែ ពួកគេនៅតែប្រាប់រឿងរ៉ាវទាំងនោះដល់បណ្ដាជនដទៃ។
37ពួកគេងឿងឆ្ងល់យ៉ាងខ្លាំងហើយ និយាយថា៖ «លោកធ្វើគ្រប់កិច្ចការបានយ៉ាងល្អ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើបានស្ដាប់ឮ ហើយមនុស្សគក៏និយាយបាន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។