ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះយេស៊ូបានយាងចេញពីទីនោះត្រឡប់ទៅស្រុកកំណើតរបស់ព្រះអង្គវិញ ហើយពួកសាវក​ក៏បានទៅតាមព្រះអង្គដែរ។​
2នៅថ្ងៃសប្ប័ទមកដល់ ព្រះអង្គបានបង្រៀន​ បណ្ដាជននៅក្នុងសាលាប្រជុំ។ មានមនុស្សជាច្រើនបានស្តាប់ព្រះអង្គបង្រៀន ហើយពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំង។ ពួកគេបាននិយាយថា៖ «តើគាត់បានសេចក្ដីបង្រៀនទាំងនេះមកពីណា?» «តើប្រាជ្ញាអ្វីដែលបានប្រទានឲ្យគាត់?» «តើគាត់អាចធ្វើការអស្ចារ្យទាំងអស់នេះបានដោយរបៀបណា?»​
3«តើគាត់មិនមែនជាកូនជាងឈើ ដែលត្រូវជាកូនប្រុសរបស់នាងម៉ារី ហើយត្រូវជាបងប្រុសរបស់លោកយ៉ាកុប លោកយ៉ូសែប លោកយូដាស​ និងលោកសុីម៉ូនទេឬអី?» «​តើបងប្អូនស្រីរបស់គាត់មិនបានរស់នៅក្នុងភូមិជាមួយយើងទេឬអី?» ពួកគេបានរវាតចិត្តដោយសារព្រះយេស៊ូ។
4បន្ទាប់មក ព្រះយេស៊ូបានមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ព្យាការីត្រូវបានគេគោរពនៅគ្រប់កន្លែង លើកលែងតែនៅក្នុងស្រុកកំណើត នៅក្នុងចំណោមសាច់ញាតិបងប្អូន និងនៅក្នុងផ្ទះរបស់គាត់តែប៉ុណ្ណោះ»
5ព្រះអង្គមិនអាចធ្វើកិច្ចការអស្ចារ្យអ្វីបានទេ ទ្រង់គ្រាន់តែអាចដាក់ដៃលើអ្នកឈឺមួយចំនួន ហើយប្រោសគេឲ្យបានជាប៉ុណ្ណើ។
6ព្រះអង្គពិតជាមានការងឿងឆ្ងល់ចំពោះការមិនជឿរបស់ពួកគេ។ ហើយទ្រង់ក៏បានយាងចេញទៅបង្រៀននៅទៅជុំវិញ តាមភូមិនានា។
7ហើយទ្រង់បានហៅពួកសិស្សទាំងដប់ពីរមក ហើយឱ្យពួកគេចេញទៅពីរៗនាក់ ព្រមទាំងប្រទានអំណាចដល់ពួកគេឲ្យឈ្នះលើវិញ្ញាណអាក្រក់នានា​
8ហើយព្រះអង្គបានបង្គាប់ដល់ពួកគេ មិនឲ្យយកអ្វីទាំងអស់ទៅជាមួយ​សម្រាប់កាធ្វើដំណើររបស់ពួកគេឡើយ លើកលែងតែដំបង មិនត្រូវយកនំបុ័ង ថង់យាម និងមិនត្រូវយកលុយកាក់ មាសប្រាក់ជាប់នឹងខ្លួនឡើយ។
9ប៉ុន្តែ ត្រូវពាក់ស្បែកជើង និងមិនឲ្យពាក់អាវពីរបន្លាស់ឡើយ។
10ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា​៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅទីនោះរហូតដល់អ្នកចេញពីទីនោះ។
11ប្រសិនបើ នៅទីក្រុងណាមិនទទួល ឬក៏មិនស្ដាប់អ្នក ចូរចេញពីទីនោះ ហើយរលាស់ធូរលីដីចេញពីជើងរបស់អ្នកឲ្យអស់ដើម្បីជាបន្ទាល់ទាស់នឹងពួកគេវិញ»។
12ពួកសិស្សបានចេញទៅ ហើយប្រកាសឲ្យមនុស្ស​ងាកបែរចេញពីបាបរបស់ពួកគេ។
13ពួកគេដេញវិញ្ញាណអាក្រក់ជាច្រើន ព្រមទាំងចាក់ប្រេងលាបលើអ្នកជំងឺជាច្រើន ហើយប្រោសពួកគេឲ្យបានជាសះស្បើយ។
14ព្រះបាទហេរ៉ូដបានឮពីកិច្ចការទាំងអស់នេះ ព្រោះព្រះនាមរបស់ព្រះយេស៊ូល្បីល្បាញ។ អ្នកខ្លះបាននិយាយថា៖ «លោកយូ៉ហានបាទីស្តបានរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចធ្វើការអស្ចារ្យបានយ៉ាងនេះ»
15ហើយមានអ្នកខ្លះនិយាយថា៖ «លោកគឺជាព្យាការីអេលីយ៉ា»​ នៅមានអ្នកខ្លះនិយាយថា៖​ «លោកដូចជាព្យាការីកាលពីជំនាន់ដើម»
16ប៉ុន្តែ នៅពេលស្ដេចហេរ៉ូដបានឮពីរឿងនេះ ទ្រង់មានបន្ទូលថា៖ «លោកនេះគឺជាយ៉ូហានដែលយើងបានបញ្ជាឲ្យគេកាត់ក្បាល ពេលនេះគាត់បានរស់ឡើងវិញ»។
17ស្ដេចហេរ៉ូដបានបញ្ចូនគេឲ្យចាប់លោកយ៉ូហានហើយឃុំឃាំងគាត់នៅក្នុងពន្ធធនាគារ ដោយសាតែទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស (ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព) ដោយសាតែទ្រង់បានរៀបអភិសេកជាមួយនាង។
18លោកយ៉ូហានទូលទៅស្ដេចហេរ៉ូដថា៖ «ទ្រង់គ្មានសិទ្ធិក្នុងការយកមហេសីរបស់អនុជទ្រង់ធ្វើជាមហេសីឡើយ»
19ប៉ុន្តែ ព្រះនាងហេរ៉ូដាសបានខឹងនឹងលោក ហើយចង់សម្លាប់លោក ប៉ុន្តែ ព្រះនាងសម្លាប់មិនកើត។
20ព្រះបាទហេរ៉ូដកោតខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថាលោកជាមនុស្សសុចរិត និងបរិសុទ្ធ ហើយទ្រង់ចង់ការពារលោក។ ស្ដេចសព្វព្រះហឫទ័យនឹងពាក្យលោកយូហានជាខ្លាំងតែទ្រង់ក៏ពិបាកព្រះហឫទ័យជាខ្លាំងដែរ។
21នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ស្តេចហេរ៉ូដបានមកដល់ ទ្រង់ក៏បានរៀបចំពីធីជប់លៀងអាហារពេលល្ងាចជាមួយពួកមន្រ្តី ពួកមេទ័ព​ និងពួកអ្នកដឹកនាំនៅក្នុងស្រុកកាលីឡេ។
22បុត្រីរបស់ព្រះនាងហេរ៉ូដាសបានចេញមករាំ នៅមុខស្ដេច​ និងភ្ញៀវរបស់គាត់ ស្ដេច ព្រមទាំងភ្ញៀវទាំងអស់ពេញចិត្តជាខ្លាំង។ ស្ដេចបានមានបន្ទូលទៅនាងថា៖ «ចូរសុំនូវអ្វីដែលនាងចង់បានចុះ យើងនឹងឲ្យទៅនាង»។
23ស្ដេចបានស្បថនឹងនាងថា៖ «អ្វីក្តីដែលនាងសុំយើង យើងនឹងឲ្យនាង ទោះបីជាមួយនគរពាក់កណ្តាលក៏ដោយ»។
24នាងបានចេញទៅក្រៅហើយសួរមាតានាងថា៖ «តើគួរឲ្យខ្ញុំម្ចាស់ទូលសុំអ្វីពីព្រះអង្គ?» មាតារបស់នាងបង្គាប់ថា៖ «ចូរសុំក្បាលរបស់យ៉ូហានបាទីស្តមក» ។
25នាងក៏បានប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ស្ដេចវិញ ហើយនាងក៏បានទូលទៅស្ដេចថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហានបាទីស្តដាក់នៅលើថាសឥឡូវនេះ។
26ស្ដេចពិតជាព្រួយព្រះទ័យជាខ្លាំង តែព្រះអង្គមិនអាចបដិសេដនូវសំណើររបស់នាងបានឡើយ ព្រោះព្រះអង្គបានស្បថនៅចំពោះមុខភ្ញៀវទាំងអស់ដែលបានចូលរួមរួចហើយ។
27រួចស្ដេចក៏បានបញ្ចូនទាហាន ហើយបញ្ជាឲ្យគេនាំយកក្បាលរបស់លោកយ៉ូហានមក។ ទាហានបានចេញទៅ ហើយកាត់ក្បាលរបស់លោកយ៉ូហាននៅក្នុងពន្ធធនាគា។
28ទាហានបាននាំយកក្បាលរបស់លោកយ៉ូហានដោយដាក់នៅលើថាស ហើយឲ្យនាង ហើយនាងក៏យកទៅថ្វាយមាតារបស់នាង។
29កាលពួកសិស្សរបស់លោកយ៉ូហានបានឮរឿងនេះ ពួកគេបាននាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
30ពួកសាវកបានមក ហើយប្រាប់ព្រះយេស៊ូអំពីកិច្ចការទាំងអស់ដែលគេបានធ្វើ និងបានបង្រៀន។
31បន្ទាប់មកព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេថា៖ «ចូរនាំគ្នារកកន្លែងស្ងាត់សម្រាកសិនចុុះ»។ មានមនុស្សបានធ្វើដំណើរចេញចូលច្រើនពេក ធ្វើឲ្យព្រះយេស៊ូ និងពួកសាវ័កពុំអាចរកពេល សូម្បីតែហូបបាយក៏មិនបានផង។
32ព្រះយេស៊ូ និងពួកសាវ័កបានយាងចុះទូកទៅរកកន្លែងស្ងាត់ដាច់ដោយឡែកពីបណ្ដាជន ដើម្បីសម្រាក។
33ប៉ុន្តែ បណ្តាជនបានឃើញពួកគេ ហើយមានមនុស្សជាច្រើនបានចំណាំពួកសិស្ស ពួកគេបានរត់ទៅទីនោះទាំងអស់គ្នា ចេញពីទីក្រុងទៅដល់មុនពួកសិស្សផង។
34ពេលដែលព្រះយេស៊ូ និងពួកសិស្សបានចុះទូក ទ្រង់បានឃើញបណ្ដាជនជាច្រើន ហើយទ្រង់មានសេចក្ដីអាណិតអាសូរពន់ពេកព្រោះពួកគេប្រៀបបាននឹងចៀមដែលគ្មានអ្នកគង្វាល។ ដូចនេះព្រះអង្គក៏បង្រៀនពួកគេពីរឿងជាច្រើន។
35នៅពេលនោះថ្ងៃកាន់តែជ្រេណាស់ទៅហើយ ពួកសាវកបាននាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ទីកន្លែងនេះស្ងាត់ ហើយថ្ងៃកាន់តែជ្រេណាស់ទៅហើយ»
36ព្រះយេស៊ូមានបន្ទូលទៅកាន់គេថា៖ «សូមឲ្យពួកគេត្រឡប់ទៅវិញ ហើយរកទិញអាហារនៅតាមភូមិជិតៗនេះសម្រាប់ពួកគេរៀងៗខ្លួន»។
37ប៉ុន្តែ ព្រះយេស៊ូបានឆ្លើយ ហើយមានព្រះបន្ទូលកាន់ទៅគេវិញថា៖ «ចូរ អ្នករាល់គ្នាកឲ្យអាហារពួកគេហូបផង»។ ពួកគេបានទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួងទៅទិញនំប័ុង ហើយឲ្យពួកគេហូបមែនទេ?»។​​
38ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖​ «ទៅមើល មើល៍! តើអ្នករាល់គ្នាមាននំប័ុងប៉ុន្មានដុំ?»។ កាលបានដឹងហើយពួកគេទូលទៅព្រះអង្គវិញថា៖ «យើងមាននំប័ុងប្រាំដុំ និងត្រីពីកន្ទុយ»។
39ព្រះយេស៊ូបានបង្គាប់ឲ្យមនុស្សទាំងអស់អង្គុយចុះជាក្រុមនៅលើស្មៅ។
40ពួកគេបានអង្គុយចុះជាក្រុម ក្រុមខ្លះមានមួយរយនាក់ ក្រុមខ្លះមានហាសិបនាក់។
41ព្រះយេស៊ូបានយកនំប័ុងប្រាំដុំ និងត្រីពីរកន្ទុយមក ហើយព្រះអង្គងើបព្រះភ័ក្ត្រឡើង សសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឲ្យដល់ពួកសិស្សចែកបណ្ដាជនហូប។ ព្រះអង្គក៏បានប្រទានត្រីពីរកន្ទុយដល់ពួកគេដែរ។
42ពួកគេគ្រប់គ្នាហូបរហូតដល់ពួកគេបានឆ្អែត។
43ពួកសិស្សបានប្រមូលនំប័ុង និងត្រីដែលនៅសល់ដាក់បានពេញដប់ពីរល្អី។
44មានមនុស្សប្រុសចំនួនប្រាំពាន់នាក់ដែលបានហូបនំប័ុងនេះ។
45នៅរំពេចនោះព្រះយេស៊ូបានបង្គាប់ឲ្យពួកសិស្សចុះទូកឆ្លងទៅត្រើយម្ខាង ដើម្បីឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ខណៈនោះព្រះអង្គបានប្រាប់ឲ្យបណ្ដាជនត្រឡប់ទៅវិញ។
46កាលបណ្ដាជនបានចេញទៅអស់ហើយ ព្រះយេស៊ូបានយាងទៅលើភ្នំ ដើម្បីអធិស្ឋាន។
47លុះពេលយប់មកដល់ទូកបានទៅដល់កណ្ដាលសមុទ្រ ​រីឯព្រះយេស៊ូគង់នៅលើគោកតែមួយព្រះអង្គឯង។
48ព្រះអង្គទតឃើញពួកគេប្រឹងអ៊ុំទូកយ៉ាងលំបាក ព្រោះពួកគេអ៊ុំបញ្ច្រាសខ្យល់។ នៅពេលជិតភ្លឺព្រះអង្គបានយាងនៅលើទឹកឆ្ពោះទៅកាន់ពួកគេ ហើយព្រះអង្គធ្វើដូចជាទៅហួសពួកគេ។
49ប៉ុន្តែ កាលពួកសិស្សបានឃើញព្រះអង្គយាងនៅលើទឹកដូច្នេះ ពួកគេស្មានថាជាខ្មោចលង ហើយនាំគ្នាស្រែកជាខ្លាំង។
50ដ្បតិ ពួកគេបានឃើញព្រះអង្គហើយពួកគេមានការភ័យរន្ធត់ជាខ្លាំង។ ពេលនោះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា៖​ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»
51បន្ទាប់មកព្រះយេស៊ូយាងទៅលើទូកជាមួយពួកគេ ហើយខ្យល់ក៏បានស្ងប់។
52ពួកគេពិតជាឆ្ងល់ជាខ្លាំងពន់ពេកណាស់។ ដ្បិត ពួកគេមិនទាន់បានយល់អំពីរឿងនំប័ុងថាមានន័យយ៉ាងដូចម្តេចទេ មកពីពួកគេមានចិត្តរឹងរូស។
53កាលព្រះយេស៊ូ និងពួកសិស្សបានឆ្លងទៅដល់ទឹកដីនៃស្រុកគេនេសារ៉ែតហើយ ក៏ចតទូក។
54ពេលពួកគេចេញពីទូក​​មក មនុស្សម្នាបានស្គាល់ព្រះយេស៊ូភ្លាម
55ហើយពួកគេបានរត់ទៅគ្រប់ច្រកល្ហកនៅក្នុងតំបន់ ហើយបានសែងអ្នកឈឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។
56គ្រប់ទីកន្លែងដែលព្រះយេស៊ូយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬក៏នៅតាមទីជនបទក្តី ពួកគេបាននាំអ្នកជំងឺមកតាមផ្សារ។ ពួកគេទទូចអង្វរសុំគ្រាន់តែអនុញ្ញាតឲ្យពួកគេបានប៉ះជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ហើយនៅពេលដែលពួកគេបានពាល់ព្រះអង្គ សុទ្ធតែបានជាសះស្បើយគ្រប់គ្នា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។