ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ពួកគេបានឆ្លងទៅត្រើយម្ខាងនៃសមុទ្រ គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​។
2នៅពេលព្រះយេស៊ូកំពុងឈានជើងចេញពីទូក រំពេចនោះស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រ់ ដែលចេញពីផ្នូរបានមករកព្រះអង្គ។
3បុរសម្នាក់បានរស់ក្នុងផ្នូរខ្មោច គ្មានអ្នកណាអាចចាប់ចងគាត់បានឡើយ ទោះដាក់ច្រវាក់ក៏មិនជាប់ដែរ។
4ពួកគេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។
5គាត់នៅតាមភ្នំ និងផ្នូរខ្មោច ជារៀងរាល់យប់ និងថៃ្ង ហើយគាត់ចេះតែស្រែក ព្រមទាំងយកថ្មមកអារដៃរបស់ខ្លួនឯង។
6នៅពេលដែលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់រកព្រះអង្គ ហើយក្រាបចុះនៅចំពោះព្រះអង្គ។
7គាត់បានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ដ៏ខ្ពង់‌ខ្ពស់​បំផុតអើយ តើឲ្យទូលបង្គំធ្វើអ្វីជាមួយព្រះអង្គ? ទូលបង្គំ​សុំ​ព្រះអង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើទារុណកម្ម​ទូលបង្គំ​អី»។
8នោះ ព្រះអង្គក៏បានមានបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចេញពីបុរសនេះភ្លាម!»។
9ព្រះអង្គបានសួរវាថា «តើឯងឈ្មោះអី?» វាក៏ទូលឆ្លើយជាមួយព្រះអង្គថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​យើង​មាន​គ្នា​ច្រើន»។
10វា​បានទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះឡើយ។
11គ្រានោះ មាន​ជ្រូក​មួយ​ហ្វូង​ធំដែល​កំពុង​រក​ស៊ី​នៅ​តាម​ជម្រាល​ភ្នំ។
12ហើយពួកវាបានអង្វរព្រះអង្គថា៖ «សូមបញ្ជូនពួកយើងទៅក្នុងហ្វូងជ្រូកទាំងនោះទៅ សូមឲ្យពួកយើងចូលទៅក្នុងហ្វូងជ្រូកទៅ»។
13ព្រះ‌អង្គ​ក៏អនុញ្ញាត ពេលនោះពួកវិញ្ញាណអាក្រក់ក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ ពួកវាក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ ហើយជ្រូកទាំងអស់នោះប្រហែលពីរពាន់ក្បាល បានលង់ទឹកអស់ទៅ។
14ក្រោយមក ពួក​អ្នក​ចិញ្ចឹម​ជ្រូក ក៏​យក​រឿង​នេះ​រត់​ទៅរក​​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ ហើយរាយការណ៍ពីអ្វីដែលបានកើតឡើង មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ ដូច្នេះហើយ អ្នកទាំងនោះក៏នាំគ្នាទៅមើលអំពីអ្វីដែលបានកើតឡើង។
15បន្ទាប់មក ពួកគេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយនៅទីនោះ ទាំងមាន​សម្លៀក‌បំពាក់ ហើយ​មានស្មារតីល្អ នោះពួក​គេ​មានការភ័យខ្លាចជាខ្លាំង។
16អស់​អ្នក​ដែល​បាន​ឃើញ​អ្វីដែលបានកើតឡើងជាមួយបុរសដែលមានអារក្សចូល បានប្រាប់​គេ​អំពី​ហេតុ‌ការណ៍នោះយ៉ាងក្បោះក្បាយ ហើយពួកគេក៏បានប្រាប់ពួកគេពីហ្វូងជ្រូកដែរ។
17ក្រោយមកពួកគេក៏ចាប់ផ្តើមសុំឲ្យព្រះអង្គចាកចេញពីស្រុករបស់ពួកគេ។
18ពេលដែលព្រះយេស៊ូកំពុងចុះទូក បុរសដែលអារក្សចូលនោះក៏សុំរួមដំណើរជាមួយព្រះអង្គដែរ។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យគាត់ទៅទេ
19តែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះ និងគ្រួសាររបស់អ្នក ហើយប្រាប់ពួកគេអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក និងពីសេចក្តីមេត្តាដែលព្រះអង្គផ្តល់ដល់អ្នកចុះ»។
20ហើយបុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសពីការអស្ចារ្យដែលព្រះយេស៊ូបានធ្វើសម្រាប់ខ្លួន នៅក្នុងស្រុកដេកា‌ប៉ូល ហើយពួកគេគ្រប់គ្នាមានការកោត​ស្ញប់‌ស្ញែងជាខ្លាំង។
21លើកនេះ នៅពេលព្រះយេស៊ូឆ្លងតាមទូកទៅត្រើយម្ខាងវិញ មានបណ្តាលជនជាច្រើនកុះករបានជួបជុំគ្នានៅជុំវិញព្រះអង្គ ដូចពេលដែលព្រះអង្គនៅសមុទ្រកាលីឡេដែរ។
22បន្ទាប់មកមានអ្នកដឹកនាំម្នាក់នៃសាលាប្រជុំ លោកមានឈ្មោះថា យ៉ៃរូសបានឃើញព្រះអង្គ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ។
23គាត់បានទូលសូមម្តងហើយម្តងទៀត ដោយនិយាយថា៖ «កូនស្រីតូចរបស់ទូលបង្គំជិតស្លាប់ហើយ។ ទូលបង្គំសូមអង្វរព្រះអង្គ សូមយាងទៅដាក់ព្រះហស្តលើនាង ដើម្បីឲ្យនាងមានជីវិត ហើយបានជាសះស្បើយផងដែរ»។
24ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់ ក៏មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះអង្គ​ទៅដែរ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ។
25ខណៈនោះ មានម្នាក់ដែលធ្លាក់ឈាមអស់ដប់ពីរឆ្នាំ។
26នាងបានរស់នៅក្នុងការឈឺចាប់ និងចំណាយអស់ទ្រព្យសម្បតិ្តដែលនាងទៅលើគ្រូពេទ្យជាច្រើន ប៉ុន្តែ ជំងឺនោះមិនបានប្រសើរឡើងឡើយ តែកាន់តែធ្ងន់ជាងមុនទៀត។
27ពេលនាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ហើយពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ។
28ដោយនាងបាននិយាយថា៖ «បើ​ខ្ញុំ​គ្រាន់បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​នឹងបានជា»។
29ក្រោយពេលនាងបានពាល់ព្រះអង្គ ឈាមក៏ឈប់ធ្លាក់ភ្លាម រំពេចនោះនាងដឹងមានអារម្មណ៍ថា រូបកាយរបស់នាងបានជាសះស្បើយរោគនោះ។
30ភ្លាមៗនោះ ព្រះយេស៊ូជ្រាបថា មាន​ឫទ្ធា‌នុភាពហូរ​ចេញ​ពី​ព្រះអង្គ។ ព្រះយេស៊ូ បែររកមើលជុំវិញក្នុងបណ្តាជនទាំងនោះដោយបន្ទូលថា៖ «តើអ្នកណាបានពាល់អាវរបស់ខ្ញុំ?»
31ពួកសិស្សបានទូលតបទៅព្រះអង្គថា៖ «លោកគ្រូមានមនុស្សច្រើនណាស់ប្រជ្រៀតគ្នានៅជុំវិញលោកគ្រូ តែលោកគ្រូសួរថា៖ «តើនរណាពាល់ខ្ញុំ?»
32ប៉ុន្តែ ព្រះយេស៊ូនៅតែទតមើលជុំវិញនោះថាតើនរណាបានពាល់ព្រះអង្គ។
33ស្រ្តីនោះ ដឹងពីអ្វីដែលបានកើតឡើងក្នុងនាង ហើយនាងក៏ភ័យរន្ធត់។ ស្រ្តីនោះក៏ចេញមកហើយក្រាបនៅចំពោះព្រះយេស៊ូ ដោយនិយាយប្រាប់ព្រះអង្គពីសេចក្តីពិត។
34ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានឲ្យបានបានជាហើយ។ ចូរទៅដោយសុខសាន្ត ហើយបានជាពីជំងឺនេះចុះ»។
35កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រីរបស់​លោក​ស្លាប់​ហើយ។ ហេតុ​អីក៏​នៅ​រំខាន​លោក​គ្រូ​ទៀត?»។
36ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី! គ្រាន់​តែ​ជឿចុះ​​បាន​ហើយ!»។
37ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ដែលជា​ប្អូន​របស់លោក​យ៉ាកុប​។
38កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូសដែលជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។
39ក្រោយពេល ព្រះយេស៊ូចូលដល់ក្នុងផ្ទះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាកើតទុក្ខ ហើយទ្រហោយំដូច្នេះ? នាងមិនស្លាប់ទេ គ្រាន់តែដេកលក់ប៉ុណ្ណោះ»។
40ពួកគេបានសើចចំអកដាក់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូបានដេញពួកនោះទៅខាងក្រៅ ហើយយកឪពុកម្តាយ និងសិស្សនៅជាមួយព្រះអង្គ ទ្រង់បានយាងទៅកន្លែងដែលក្មេងស្រីនោះដេក។
41ព្រះអង្គបាន​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​មាន​ព្រះ‌បន្ទូលទៅនាង​ថា៖ «តាលី‌ថា‌គូមី!» ដែលអាចបកប្រែ​ថា «នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង»។
42រំពេចនោះ ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​ (ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ)។ ខណៈនោះ ធ្វើឲ្យពួកគេ​ងឿង‌ឆ្ងល់​ដ៏លើសលុប ទៅនឹងការអស្ចារ្យនោះ
43ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ពួក​គេមិន​ត្រូវ​ប្រាប់​​រឿង​នេះ​ដល់នរណាឡើយ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិ‌ភោគ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។