ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ម្តងទៀត ព្រះយេស៊ូចាប់ផ្តើមបង្រៀននៅក្បែរសមុទ្រ ហើយបណ្តាជនយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ។ ព្រះអង្គឈានទៅក្នុងទូកដែលនៅលើទឹកសមុទ្រ ហើយព្រះអង្គក៏គង់ចុះនៅលើទូកនោះ។​ បណ្តាជនទាំងអស់ក៏ឈរនៅលើឆ្នេរសមុទ្រ។
2ព្រះយេស៊ូបានបង្រៀនដល់ពួកគេដោយពាក្យប្រៀបធៀបជាច្រើន នៅក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គ នេះគឺជាអ្វីដែលព្រះបានមានបន្ទូលដល់ពួកគេ។
3«ចូរស្តាប់ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជរបស់គាត់។
4នៅពេលគាត់បានព្រោះគ្រាប់ពូជនោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបមកចឹកសីុអស់ទៅ។
5ហើយមានគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅលើថ្ម ជាកន្លែងដែលមិនសូវមានដី។ គ្រាប់ពូជទាំងនោះក៏ដុះឡើងភ្លាម​ ដោយព្រោះតែគ្រាប់ពូជទាំងនោះមិនដីច្រើនទេ។
6ប៉ុន្តែ នៅពេលពន្លឺថ្ងៃរៈឡើង គ្រាប់ពូជនោះក៏ក្រៀមស្វិតអស់ ដោយព្រោះវាគ្មានឫសជ្រៅនៅក្នុងដី។
7និងគ្រាប់ពូជខ្លះទៀតធ្លាក់នៅក្នុងបន្លា។ ពេលបន្លាដុះឡើងខ្ទប់គ្រាប់ពូជទាំងនោះ ដែលធ្វើឲ្យគ្រាប់ពូជនោះមិនអាចបង្កើតផលបានឡើយ។
8មានគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅក្នុងដីល្អ ហើយវាក៏បង្កើតផលផ្លែដែលធំឡើង និងរីកចម្រើន គ្រាប់ពូជខ្លះបង្កើតបានពីមួយទៅជាសាមសិប ខ្លះទៀតពីមួយទៅជាហុកសិប ហើយនិងខ្លះទៀតពីមួយទៅជាមួយរយ»។
9បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ «អស់អ្នកណាដែលមានត្រចៀកស្តាប់​ ចូលស្តាប់ចុះ!»
10នៅពេលព្រះយេស៊ូនៅតែម្នាក់ឯង ពួកអ្នកដែលជិតដិតជាមួយព្រះអង្គ ហើយនិងពួកសាវកបានទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបទាំងនោះ។
11ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «ព្រះអង្គប្រទាំងដល់អ្នករាល់គ្នាដឹងពីសេចក្តីលាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ប៉ុន្តែសម្រាប់អស់អ្នកដែលនៅខាងក្រៅវិញ ព្រះអង្គនឹងមានបន្ទូលជាពាក្យបៀបធៀបវិញ
12ទោះបីពួកគេមើល ពិតណាស់គឺមើល ប៉ុន្តែមើលមិនអាចឃើញទេ ហើយនៅពេលពួកគេស្តាប់ ពិតណាត់ពួកគេស្តាប់ ប៉ុន្តែពួកគេស្តាប់មិនអាចយល់ទេ ប៉ុន្តែ ប្រិសិនបើ ពួកគេប្រែចិត្តវិញ ព្រះជាម្ចាស់នឹងអត់ទោសឲ្យពួកគេ»។
13បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «តើអ្នក​រាល់​គ្នា​មិន​យល់​ពាក្យប្រៀបធៀបនេះ​មែនទេ? បើដូច្នោះមែន ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពីពាក្យប្រៀបធៀបឯ​ទៀតៗ​បាន?
14កសិករដែល​ព្រោះ​គ្រាប់ពូជរបស់គាត់គឺជាអ្នកដែលព្រោះ​ព្រះ‌បន្ទូលដែរ។
15មនុស្សខ្លះបៀបដូចជាផ្លូវ ដែលមានព្រះបន្ទូលបានព្រោះ​ធ្លាក់ទៅលើ​ផ្លូវ ប៉ុន្តែ នៅពេលគាត់​បាន​ឮ​ព្រះ‌បន្ទូល​ហើយ សាតាំងក៏​មក​ហើយឆក់​យក​ព្រះ‌បន្ទូលដែល​បាន​ព្រោះ​លើពួកគេ​ទៅបាត់ភ្លាម។
16មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ។
17ប៉ុន្តែ គេ​ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូលឲ្យ​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ទេ គឺ​គេ​ជាប់​នឹងគេតែ​មួយ‌ភ្លែតប៉ុណ្ណោះ។ នៅពេលមាន​ទុក្ខ​វេទនា ឬ​ការបៀត‌បៀន​មកដល់ ដោយព្រោះ​តែ​ព្រះ‌បន្ទូល ពួកគេ​រវាតចិត្តភ្លាម។
18មនុស្ស​ផ្សេងទៀត បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា។ គេ​បាន​ឮ​ព្រះ‌បន្ទូល​ដែរ
19ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​លោកីយ៍ ចិត្ត​មិនស្មោះត្រង់ហើយ​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នាលើអ្វី​ផ្សេងរឹបរួត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន។
20រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែលមាន​ជី‌ជាតិ​ល្អ កាល​បាន​ឮព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក និង​​បង្កើតផលផ្លែ​ ​មួយជា​សាម‌សិប មួយ​​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀត​បាន​មួយជា​មួយ‌រយ»។
21ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកយកចង្កៀងនៅក្នុងផ្ទះហើយដាក់នៅក្រោមធុងមែនទេ? ឬយកទៅដាក់នៅក្រោមគ្រែមែនទេ? ប៉ុន្តែ អ្នកនឹងយកវាទៅក្នុងផ្ទះហើយដាក់វានៅលើជើងចង្កៀងវិញ។
22ដិ្បត គ្មានអ្វីបិតបាំង ដែលមិនអាចបើកឲ្យដឹងបាននោះទេ ហើយក៏គ្មានអ្វីជាការសម្ងាត់ដែលមិនអាចបើកចំហបាននោះដែរ។
23ប្រសិនបើ អ្នកណាមានត្រចៀកស្តាប់ សូមឲ្យអ្នកនោះស្តាប់ចុះ!»។
24ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បានឮ​នេះ​ឲ្យ​មែន​ទែន ព្រះ‌អង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ ហើយ​ព្រះអង្គ​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នាផង
25ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ដែរ»។
26ហើយព្រះអង្គក៏បានមានបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺដូចបុរសម្នាក់ដែលព្រោះគ្រាប់ពូជទៅលើដី។
27ហើយអ្នកនោះដេកនៅពេលយប់​ និងក្រោកនៅពេលថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ក៏មិនង​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ដែរ។
28ដ្បិត ​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក​ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​ផ្លែ។
29លុះ​ផ្លែនោះ​ទុំ ភ្លាមៗគេក៏​យក​កណ្ដៀវ​មក​ច្រូត ដ្បិត ​ដល់​រដូវ​ចម្រូត​ហើយ»។
30ព្រះអង្គមានបន្ទូលម្តងទៀតថា៖ «តើយើងអាចប្រៀបធៀបព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី ឬ តើយើងប្រៀបធៀបទៅនឹងអ្វី ដើម្បីអាចពន្យល់ពីការនេះ?
31ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។
32តែពេល​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មកពីអាកាស ​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។
33ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូលបៀបធៀប​ទាំង​នេះទៅកាន់ពួកគេ ជាច្រើនគឺងាយឲ្យពួកគេ​យល់​បាន។
34ហើយព្រះអង្គ​តែងតែ​មាន​ព្រះ‌បន្ទូលជាពាក្យប្រៀបធៀបទៅកាន់បណ្តាជន ប៉ុន្តែ ពេល​នៅព្រះអង្គនៅដោយ​ឡែក​ពី​បណ្ដា‌ជន ព្រះអង្គ​ពន្យល់​ការទាំង​អស់នោះ​​ដល់ពួក​សិស្សរបស់ព្រះអង្គផ្ទាល់។
35នៅថ្ងៃនោះ ពេលរសៀលចូលមកដល់ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាងទៀត»។
36ដូច្នេះ ពួក​សិស្សបាន​ចេញ​ពី​បណ្ដា‌ជន ហើយទៅជាមួយ​ព្រះ‌យេស៊ូ​ ព្រះអង្គបានគង់​នៅ​ក្នុងទូក​នោះជាមួយនឹងពួកគេ។ក៏មាន​ទូក​ផ្សេងទៀតទៅ​ជា​មួយព្រះអង្គ​ដែរ។
37ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក ដូច្នេះហើយ បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរពេញ។
38ប៉ុន្តែ​ ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​បានដាស់​ព្រះអង្គ​ ហើយទូលទៅព្រះអង្គថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ លោក​មិន​បារម្ភទេ​ឬ?»។
39ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​បង្គាប់ទៅខ្យល់​ព្យុះ និងមានបន្ទូលទៅកាន់សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!» ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។
40បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យខ្លាចដូច្នេះ​? អ្នក​រាល់​គ្នាគ្មានជំនឿ​ទេ​ឬ?»។
41ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​គាត់ដូច្នេះ?»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។