1ព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅក្នុងទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។
2មានអ្នកខ្លះខំសម្លឹងមើលព្រះអង្គយ៉ាងយកចិត្តទុកដាក់ ថាតើព្រះយេស៊ូប្រោសគាត់ឲ្យជានៅក្នុងថ្ងៃសប័្បទឬយ៉ាងណា បើដូច្នោះមែន ពួកគេនឹងចោទប្រកាន់ព្រះអង្គ។
3ព្រះយេស៊ូមានបន្ទូលទៅនឹងបុរសដែលមានស្វិដៃម្ខាងនោះថា៖ «ចូលក្រោកឈរឡើង ហើយឈរនៅទីនេះនៅក្នុងចំណោមមនុស្សគ្រប់គ្នាចុះ»។
4បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅមនុស្សទាំងនោះថា៖ «តើមានច្បាប់ក្នុងការធ្វើការល្អ ឬក៏ជាការអាក្រក់នៅថ្ងៃសាប្ប័ទ? ត្រូវជួយសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែអ្នកទាំងនោះបានស្ងៀម។
5ព្រះយេស៊ូបានទតជុំវិញមើលទៅពួកគេ ទាំងមានព្រះហឫទ័យពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យដោយសារពួកគេមានចិត្តរឹងរូស ព្រះអង្គមានបន្ទូលទៅកាន់បុរសស្វិតដៃម្ខាងនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជា។
6ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
7ក្រោយមក ព្រះយេស៊ូជាមួយសិស្សរបស់ព្រអង្គ ចេញទៅឯសមុទ្រ ហើយបណ្តាជនយ៉ាងច្រើនដើរតាមព្រះអង្ គអ្នកទាំងនោះមកពីស្រុកកាលីឡេ និងពីស្រុកយូដា
8ហើយពីក្រុងយេរូសាឡឹម ស្រុកអេដុម ហើយពួកអ្នកជិតទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូនផងដែរ។ នៅពេលពួកគេបានឮអំពីអ្វីបានធ្វើ ដូច្នេះហើយ មានបណ្តាជនជាច្រើនមករកព្រះអង្គ។
9ព្រះអង្គបានប្រាប់ដល់ពួកសិស្សរបស់ព្រះអង្គរៀបចំទូកតូចមួយឲ្យហើយសម្រាប់ព្រះអង្គ ពីព្រោះបណ្តាជនច្រើនពេក ក្រែងពួកគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។
10ដ្បិត ព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ដូច្នេះហើយ មានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ។
11ហើយនៅពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ ពួកវាក៏ដួលចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
12ប៉ុន្តែ ព្រះយេស៊ូបានហាមពួកវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។
13ព្រះយេស៊ូបានយាងឡើងទៅលើភ្នំ ហើយព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយពួកគេក៏បានចូលមករកព្រះអង្គ។
14ព្រះអង្គជ្រើសរើសដប់ពីរ (ជាអ្នកដែលព្រះអង្គហៅថាសាវ័ក) ដើម្បីឲ្យពួកគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ
15ទាំងឲ្យពួកគេមានអំណាចដេញអារក្សផងដែរ។
16បន្ទាប់ពីនោះ ព្រះអង្គបានតែងតាំងអ្នកដប់ពីរនាក់នោះ គឺលោកស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា៖ «ពេត្រុស»
17លោកយ៉ាកុបជាកូនរបស់លោកសេបេដេ និងលោកយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា «បោនអ៊ើកេ» ប្រែថា «អ្នកដែលមានកូននៃផ្គរលាន់»
18ហើយលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម
19និងលោកយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
20កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនបានមកជួបជុំគ្នាម្តងទៀត ជាហេតុធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបនំប័ុងបាន។
21ពេលគ្រួសាររបស់ព្រះអង្គបានឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គយកទៅវិញ ព្រោះពួកគេថា៖ «ព្រះអង្គវង្វេងស្មារតីហើយ»។
22ពួកអាចារ្យដែលបានមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន ទើបគាត់អាចដេញអារក្សបាន»។
23ព្រះយេស៊ូបានហៅពួកគេមកឯព្រះអង្គ ហើយប្រាប់ពួកគេជាការបៀបធៀបថា «តើសាតាំងដេញសាតាំងបានដូចម្តេច?
24ប្រសិនបើ នៅក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរបានឡើយ។
25ប្រើសិនបើ នៅក្នុងផ្ទះមានការទាស់ទែងគ្នានោះ ផ្ទះនោះនឹងមិនអាចស្ថិតស្ថេរបានឡើយ។
26ប្រសិនបើ សាតាំងវាក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរឡើយ គឺវាមុខជាដល់ពេលបញ្ចាប់មិនខាន។
27គ្មាននរណាអាចចូលទៅក្នុងផ្ទះអ្នកខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងអ្នកខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់របស់បាន។
28ខ្ញុំប្រាប់អ្នកជាប្រាកដថា បាបរបស់កូនមនុស្សទាំងអស់នឹងត្រូវអត់ទោសឲ្យ ព្រមទាំងពាក្យប្រមាថដែលពួកគេនិយាយផង
29ប៉ុន្តែ អ្នកណាដែលប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចលើកលែងទោសឲ្យឡើយ ដ្បិតជាកំហុសនៃបាបដ៏នូវអស់កល្បជានិច្ច»។
30ព្រះយេស៊ូមានបន្ទូលបែបនេះ ដោយព្រោះពួកអាចារ្យបាននិយាយថា៖ «នៅក្នុងព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន»។
31បន្ទាប់មក មាតា និងប្អូនៗប្រុសរបស់ព្រះអង្គ បានមកហើយឈរនៅខាងក្រៅផ្ទះ។ ហើយបានចាត់គេឲ្យចូលមកហៅព្រះអង្គ។
32បណ្តាជនដែលអង្គុយជុំវិញព្រះអង្គ ពួកគេទូលព្រះអង្គថា៖ «មាតាហើយ និងប្អូនៗប្រុសរបស់ព្រះអង្គមករកព្រះអង្គ ពួកគេនៅខាងក្រៅផ្ទះឯណោះ»។
33ព្រះអង្គបានឆ្លើយទៅពួកគេថា៖ «តើនរណាទៅជាបងប្អូនរបស់ខ្ញុំពិត?»
34ព្រះអង្គទតមើលអស់អ្នកដែលអង្គុយនៅជុំវិញហើយមានបន្ទូលថា៖ «ឃើញទេ អ្នកទាំងអស់គ្នាហើយ គឺជាមាតា និងប្អូនៗប្រុសរបស់ខ្ញុំ!
35ដ្បិត អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងមាតារបស់ខ្ញុំ»។