ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 2

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ។
2ដូច្នេះ មានមនុស្សជាច្រើនបានមកជួបជុំគ្នា ហើយនៅទីនោះគ្មានកន្លែងទំនេរ សូម្បីតែនៅមាត់ទ្វារផ្ទះ ហើយព្រះយេស៊ូក៏ថ្លែងព្រះបន្ទូលទៅកាន់ពួកគេ។
3មាន​បុរសខ្លះ​ បានចូលមករកព្រះអង្គ ​គឺជាអ្នកនាំមនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់ មានបុរសបួនអ្នកបានសែងគាត់មករកព្រះអង្គ។
4នៅពេលពួកគេមិនអាចចូលទៅជិតព្រះអង្គ ដោយសារមនុស្សច្រើនពេក ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះយេស៊ូគង់នៅ ហើយពួកគេបាន​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​នោះមក។
5ការឃើញពី​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះយេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «កូន​អើយ អំពើបាបរបស់អ្នកបានអត់ទោស​ហើយ»។
6ពួក​អាចារ្យ​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ បានរិះគិត​ក្នុង​ចិត្ត​ថា៖
7«ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​​ និយាយ​ពាក្យ​បែប​នេះ? អ្នកនេះកំពុងតែប្រមាថ​ព្រះ‌ជាម្ចាស់ហើយ ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ តើ​នរណា​អាច​អត់‌ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប​បាន?»។
8ក្នុងខណៈនោះ ព្រះយេស៊ូជ្រាបនៅក្នុងវិញ្ញាណ អំពីអ្វីដែលពួកអាចារ្យកំពុងគិតក្នុងចំណោមពួកគេ។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នកកំពុងគិតបែបនេះនៅក្នុងចិត្ត?
9បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ» ឬ​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ» តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង»?។
10ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​លើ​ផែនដី​នេះ ឲ្យរួច​ពី​បាប​បាន» ព្រះអង្គ​មានបន្ទូលទៅកាន់អ្នក​ខ្វិនថា៖
11«ចូរ​ក្រោក​ឡើង យក​គ្រែ​​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។
12មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ ​និងស្នែង​របស់​ខ្លួន ហើយដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ដូច្នេះ​ ពួកគេ​គ្រប់​គ្នា​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​បានលើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​និយាយ​ថា៖ «យើង​មិន​ដែល​ឃើញ​ការ‌អស្ចារ្យ​ណា​មួយ​ដូច​ពេល​នេះ​ឡើយ»។
13ព្រះយេស៊ូបានយាងទៅតាម​ឆ្នេរ​សមុទ្រម្តងទៀត ហើយហ្វូងមនុស្សទាំងនោះ ក៏មករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។
14កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ព្រះអង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា​៖ «សូមមក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ហើយដើរ​តាម​ព្រះអង្គ​។
15ព្រះ‌យេស៊ូ​សោយ​អាហារ ​នៅក្នុង​ផ្ទះ​លោក​លេវី ហើយមាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះអង្គ និង​ពួក​សិស្ស ដោយមានមនុស្ស​ច្រើន​នាក់​ណាស់ បាន​មក​តាម​ព្រះអង្គ។
16ពេលពួក​អាចារ្យ​ ដែលជាគណៈ​ផារី‌ស៊ី ឃើញ​ព្រះ‌យេស៊ូ​សោយអាហារ ​ជា​មួយ​មនុស្សមានបាប ហើយនិងអ្នកទារពន្ធ​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាបដូច្នេះ?»។
17កាលព្រះយេស៊ូបានឮពីការនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអ្នកឈឺប៉ុណ្ណោះដែលត្រូវការគ្រូពេទ្យ។ ខ្ញុំមិនបានមករកមនុស្សសុចរិតទេ ប៉ុន្តែមករកមនុស្សដែលមានបាបវិញ»។
18ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ីនាំ​គ្នា​តម​អាហារ។ មានអ្នកខ្លះមក​ទូលសួរ​ព្រះ‌យេស៊ូថា៖​ «តើហេតុអ្វីបានជា សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី តម​អាហារ ប៉ុន្តែ សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។
19ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កម្លោះនៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​ឡើយ។
20ប៉ុន្តែវ ថ្ងៃនោះនឹងមកដល់ នៅពេលដែលកូនកម្លោះត្រូវចាកចេញពីពួកគេ អ៊ីចឹងនៅក្នុងថ្ងៃទាំងនោះពួកសិស្សរបស់ខ្ញុំ នឹងតមអាហារដែរ។
21មិន​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។
22គ្មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ផ្ទុយទៅវិញ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។
23នៅ​ថ្ងៃមួយ​​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ ពួកសិស្ស​របស់​ព្រះអង្គ​ចាប់ផ្តើមនាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។
24ពួក​​គណៈ​ផារី‌ស៊ី ​ទូល​ព្រះ‌យេស៊ូ​ថា៖ «មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ក្នុងថ្ងៃ​សប្ប័ទ​ដូច្នេះ?»។
25ព្រះអង្គបានឆ្លើយតបទៅគេវិញថា៖ «តើអ្នកមិនដែលអាន​អំពីអ្វីដែលព្រះ‌បាទ​ដាវីឌបាន​ប្រព្រឹត្ត នៅ​ពេល​ដែលទ្រង់ និងទាហានរបស់ព្រះអង្គមាន​ត្រូវ​ការ​ និងឃ្លានអាហារ​
26ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ដែលលោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ ហើយយក​នំប៉័ង​ដែល​បាន​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​ មក​បរិភោគ ការធ្វើបែបនេះគឺខុសនឹងច្បាប់ សម្រាប់អ្នកដែលបរិភោគ លើកលែងតែបូជាចារ្យតែប៉ុណ្ណោះ លោកក៏ឲ្យនំប័ុងទៅពួកទាហានហូបដែរ តើមិនខុសទេឬ?»។
27ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទសម្រាប់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស សម្រាប់​ថ្ងៃ​សប្ប័ទ​ឡើយ។
28ហេតុ​នេះ​ហើយ​​បុត្រ​មនុស្សជាព្រះអម្ចាស់ ហើយក៏ជាម្ចាស់​លើ​ថ្ងៃ​សប្ប័ទដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។