ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះជាដំណើរចាប់ផ្តើមអំពីដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
2ដូចបានកត់ត្រានៅក្នុងកណ្ឌគម្ពីរអេសាយដែលជាព្យាការីថា៖ «មើល៍ យើងបានចាត់អ្នកនាំសារមកចំពោះមុខអ្នករាល់គ្នា គឺជាម្នាក់ដែលនឹងរៀបចំផ្លូវសម្រាប់អ្នក។
3មានសំឡេង​របស់បុរស​ម្នាក់​ស្រែក​នៅ​ទី​រហោ‌ស្ថានថា៖ «ចូរ​រៀបចំ​ផ្លូវថ្វាយ​ព្រះ‌អម្ចាស់ និង​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គចុះ»។
4លោក​យ៉ូហាន​បានមកដើម្បីធ្វើការជ្រមុជទឹក នៅ​ទីរហោ‌ស្ថាន ហើយ​បង្រៀនអំពី​ពិធី​ជ្រមុជ​ទឹក និងអំពីការប្រែចិត្ត ដើម្បីទទួលការលើកលែងទោស​ឲ្យ​រួច​ពី​បាប។
5អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ ពួកគេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យពួក​គេ​ក្នុង​ទន្លេ​យ័រដាន់។
6លោក​យ៉ូហាន​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​ហូបកណ្ដូប និង​ទឹក​ឃ្មុំ។
7គាត់បានប្រកាសថា៖ «ម្នាក់ដែលនឹងមកតាមក្រោយខ្ញុំ​ គឺជាអ្នកដែលមានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមសូម្បីឱនចុះ ដើម្បីស្រាយខ្សែស្បែកជើងថ្វាយព្រះអង្គផង។
8ខ្ញុំបានជ្រមុជអ្នករាល់គ្នាដោយទឹក តែព្រះជាម្ចាស់នឹងជ្រមុជអ្នកទាំងអស់គ្នា ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។
9ការនេះបានកើតឡើង ក្នុងពេលដែលព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកពី​លោក​យ៉ូហានក្នុង​ទន្លេ​យ័រដាន់។
10នៅពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះអង្គ​ទត​ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប។
11មាន​សម្លេងចេញ​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើងពេញ​ចិត្ត ​និង​ព្រះអង្គ​ណាស់»។
12ក្រោយមក ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូ​ទៅ​ទីរហោ‌ស្ថាន។
13ព្រះអង្គ​គង់​នៅ​ទី​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ដើម្បីឲ្យ​​សាតាំងបាន​ល្បួង។ ព្រះអង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​ក៏មាន​ពួក​ទេវតាបានបម្រើ​ព្រះអង្គ​ដែរ។
14ក្រោយពេល លោកយ៉ូហានត្រូវបានចាប់ខ្លួន ព្រះយេស៊ូបានយាងចូលទៅស្រុកកាលីឡេប្រកាសពីដំណឹងល្អរបស់ព្រះជាម្ចាស់
15ដោយមានបន្ទូលថា៖ «វេលាកំណត់បានមកដល់ហើយ ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏នៅជិតបង្កើយដែរ។ ចូរប្រែចិត្ត ហើយជឿនៅលើដំណឹងល្អចុះ»។
16នៅពេលព្រះយេស៊ូកំពុងយាងតាមសមុទ្រកាលីឡេ នោះព្រះអង្គបានទតឃើញលោកស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ដែលកំពុង​តែ​បង់​សំណាញ់ទៅក្នុងសមុទ្រ ដ្បិត ពួកគេជា​អ្នក​នេសាទ​ត្រី។
17ព្រះយេស៊ូបានមានបន្តូលទៅកាន់ពួកគេថា៖ «ចូរមក ហើយដើរតាមខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកជាអ្នកនេសាទមនុស្សវិញ»។
18ហើយរំពេចនោះ ពួកគេក៏លះចោលសំណាញ់ ហើយដើរតាមព្រះយេស៊ូទៅ។
19គ្រាដែលព្រះយេស៊ូបានយាងឆ្ងាយពីទីនោះបន្តិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និង​លោក​យ៉ូហានដែលត្រូវជា​ប្អូនរបស់គាត់ ពួកគេនៅក្នុងទូកកំពុង​តែ​ជួសជុល​អួន​ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេ‌ដេ។
20ព្រះអង្គបានត្រាស់ហៅពួកគេ ពេលនោះពួកគេក៏លាចេញ ពី​ឪពុក ​លោក​សេបេ‌ដេ ​ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។
21បន្ទាប់មក នៅ​​ថ្ងៃ​សប្ប័ទ ពួកគេបាន​ចូល​ក្រុង​កាពើ‌ណិម ហើយព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន។
22ពួកគេមានការងឿង‌ឆ្ងល់​នឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិត ព្រះអង្គ​​បង្រៀនពេញដោយ​អំណាច និងមិនដូចជាការបង្រៀនរបស់​ពួក​អាចារ្យទេ។
23នៅពេលនោះ មានបុរសម្នាក់ដែលនៅក្នុងសាលាប្រជុំរបស់ពួកគេ មានវិញ្ញាណ​អាក្រក់​នៅស្រែក​ឡើង​ខ្លាំង
24ដោយនិយាយថា៖ «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? តើព្រះអង្គ​មក​បំផ្លាញ​យើងមែនទេ? ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ។ ព្រះអង្គ​ជា​ព្រះ​ដ៏បរិសុទ្ធដែល​មក​ពី​ព្រះ‌ជាម្ចាស់»។
25ព្រះយេស៊ូបានបង្គាប់ទៅវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «ស្ងៀម ហើយចេញ​ពី​អ្នក​នេះ​ភ្លាម»
26វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ចុះ ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។
27មនុស្សគ្រប់គ្នាមានការអស្ចារ្យ ដូច្នេះពួកគេបានសួរគ្នាទៅវិញទៅមកថា៖ «តើការនេះគឺជាអ្វី? ជាការបង្រៀនថ្មី ជាមួយនឹងសិទ្ធិអំណាច? លោកបានបញ្ជាវិញ្ញាណអាក្រក់ ហើយវាស្តាប់បង្គាប់លោកទៀត
28ដំណឹងអំពីព្រះយេស៊ូបានឮទៅដល់គ្រប់ទីកន្លែង ឮរហូតដល់តំបន់សំខាន់ៗរបស់ស្រុកកាលីឡេទៀតផង។
29ក្រោយចេញពីសាលាប្រជុំមក ពួកគេមកឯផ្ទះរបស់លោក​ស៊ីម៉ូន និងលោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហានក៏​ទៅ​ជា​មួយ​ដែរ។
30ខណៈនោះម្តាយក្មេករបស់លោកសីុម៉ូនបានដេកឈឺជាមួយអាការក្តៅខ្លួន ហើយពួកសិស្សបានមកប្រាប់ព្រះយេស៊ូអំពីជំងឺរបស់គាត់។
31ព្រះអង្គបាន​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​គាត់បានចាប់ផ្តើមបម្រើ​ពួកគេ។
32នៅល្ងាចនោះ បន្ទាប់ពីថ្ងៃ​លិច ពួកគេ​បាននាំ​អ្នក​ជំងឺ និង​អ្នកដែលអារក្ស​ចូល​ទាំង​អស់មក​រក​ព្រះ‌យេស៊ូ។
33អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​។
34ព្រះអង្គបាន​ប្រោស​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា​ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ស្គាល់​ព្រះអង្គ។
35ព្រះ‌យេស៊ូ​តើន​ឡើង នៅពេលព្រឹកព្រលឹម កាល​ដែលងងឹត​នៅ​ឡើយ ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ដោយឡែក ហើយ​អធិស្ឋាន​នៅ​ទី​នោះ។
36លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។
37ក្រោយពេលដែលពួកគេរកព្រះអង្គឃើញហើយ គេ​ទូល​ថា៖ «គ្រប់គ្នាបាន​ស្វែង​រក​លោក​គ្រូ»។
38ព្រះ‌យេស៊ូបាន​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ផ្សេង​ទៀតដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អនៅ​ទី​នោះ​ដែរ ដ្បិត ​ខ្ញុំ​បាន​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។
39ព្រះអង្គបាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អនៅ​តាម​សាលា​ប្រជុំទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​​ផង។
40មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះអង្គ គាត់​លុត​ជង្គង់ចុះ ហើយទូលទៅព្រះអង្គ​ថា៖ «​បើ​លោក​មិន​យល់​ទាស់ទេ​ សូម​ប្រោស​ខ្ញុំ​​ឲ្យ​ជា​ស្អាត​​ផង»។
41ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដល់គាត់ ព្រះអង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​ជា​ស្អាត​​ចុះ»។
42ខណៈនោះ ជំងឺឃ្លង់​ក៏បាន​ជា​ ហើយគាត់បានស្អាត​ឡើងវិញ​ភ្លាម។
43ព្រះ‌យេស៊ូបានដាស់តឿនដល់​គាត់​ហើយចាត់ឲ្យ​ចេញ​ទៅ​។ ព្រះអង្គមាន​ព្រះ‌បន្ទូល​ថា៖
44«ចូរកុំ​និយាយ​ពីការ​នេះ​ប្រាប់​ឲ្យ​នរណា​ផ្សេង​ឡើយ តែចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ រួច​ថ្វាយ​តង្វាយ ដូច​ដែលលោក​ម៉ូសេបាន​បង្គាប់​ទុក ដើម្បី​ជា​ទីបន្ទាល់បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​​មែន»។
45ប៉ុន្តែ បុរស​នោះបាន​ចេញ​ទៅ ហើយ​ចាប់់ផ្តើមប្រាប់​រឿង​នេះដល់គ្រប់គ្នា​នៅ​គ្រប់​កន្លែង​ឲ្យ​បាន​ដឹង ការនេះធ្វើឲ្យព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុងណាមួយដូច​ពី​មុន​ទៀត​ឡើយ។ ដូច្នេះ ​ព្រះអង្គ​គង់​នៅ​កន្លែង​ស្ងាត់ដោយឡែក ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​រក​ព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។