ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 15

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រឹកព្រលឹមស្រាង នាយកបូជាចារ្យប្រជុំគ្នាជាមួយ ពួកចាស់ទុំ ហើយនិងពួកអាចារ្យ និងពួកប្រឹក្សាជាន់ខ្ពស់របស់យូដា ទាំងមូល។ ក្រោយមក ពួកគេក៏ចងព្រះយេស៊ូ ហើយនាំព្រះអង្គ។ បន្ទាប់មកពួកគេក៏ប្រគល់ព្រះអង្គឲ្យទៅលោក​ពីឡាត។
2លោកពីឡាតទូលសួរទៅកាន់ព្រះយេស៊ូ៖ «តើអ្នក​ជា​ស្ដេច​យូដា​មែនទេ?» ព្រះអង្គឆ្លើយទៅលោកវិញថា៖ «លោកនិយាយត្រូវហើយ»។
3ពួកបូជាចារ្យបាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។
4លោកពីឡាតទូលសួរព្រះអង្គម្តងទៀតថា៖ «ហេតុអ្វីបានជាអ្នកមិនឆ្លើយយ៉ាងដូច្នេះ? ឃើញទេទាំងនេះសុទ្ធតែជាពាក្យចោទដែលនាំយកមកដើម្បីទាស់នឹងអ្នក!»
5ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយទៅលោកពីឡាតទៀតឡើយ ដូច្នេះ ធ្វើឲ្យលោកមានការងឿងឆ្ងល់។
6ក្នុងពេលនោះគឺជាពេលនៃបុណ្យរំលង លោកពីឡាតតែងតែដោះលែងអ្នកទោសឲ្យទៅពួកគេ គឺជាម្នាក់ដែលពួកគេបានធ្វើការស្នើសុំ។
7មានម្នាក់ដែលជាអ្នកទោសបះបោរដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល បុរសនេះមានឈ្មោះថា បារ៉ា‌បាស។
8បណ្តាជន ក៏នាំគ្នាទៅជួបលោកពីឡាតហើយចាប់ផ្តើមសុំឲ្យលោកធ្វើការដោះលែងសម្រាប់ពួកគេ ដូចអ្វីដែលលោកធ្លាប់បានធ្វើពីមុន។
9លោកពីឡាតឆ្លើយទៅពួកគេហើយនិយាយថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចនៃយូដាមែនទេ?»
10ដ្បិត មក​ពី​លោក​ដឹងថានាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។
11ហើយនាយកបូជាចារ្យ បានជំរុញឲ្យពួកបណ្តាជនស្រែកឡើងឲ្យដោះលែងបារ៉ាបាសជំនួសព្រះអង្គវិញ។
12លោកពីឡាតបានឆ្លើយទៅពួកគេដោយនិយាយថា៖ «បើដូច្នេះ តើឲ្យខ្ញុំត្រូវធ្វើយ៉ាងម៉េចជាមួយស្តេចរបស់សាសន៍យូដានេះ»?
13ពួកគេក៏ស្រែកឡើងម្តងទៀតថា៖ «ឆ្កាងគាត់ទៅ!»
14លោកពីឡាតនិយាយទៅពួកគេថា៖ «តើគាត់បានធ្វើអ្វីខុស»? ប៉ុន្តែ ពួកគេកាន់តែស្រែកឡើងខ្លាំង ហើយខ្លាំងទៀត «ឆ្កាងគាត់ទៅ»
15ដោយលោកពីឡាតចង់ឲ្យពួកបណ្តាជនពេញចិត្ត ដូច្នេះ លោកក៏បានលែងបារ៉ាបាសឲ្យទៅពួកគេ។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។
16ពួក​ទាហាន​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ (ដែលជាទីបញ្ជាការរដ្ឋាភិបាល) ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។
17គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះយេស៊ូ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង បំពាក់​ជា​មកុដ​លើ​ព្រះ‌សិរសា​ព្រះអង្គ។
18ពួកគេផ្តើម​សំពះ​ព្រះអង្គ ទាំង​និយាយ​ថា៖ «សូមថ្វាយបង្គំ ​​ស្ដេចនៃសាសន៍​យូដា!»។
19ពួកគេ​យក​ដើមត្រែង​វាយ​ព្រះ‌សិរសា​ព្រះអង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ។ ហើយពួកគេបាន​លុត​ជង្គង់​ ធ្វើដូចជាថ្វាយ‌បង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។
20ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួចហើយ​ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ រួចនាំ​​យក​ទៅ​ឆ្កាង។
21ពួកគេបានបង្ខំដល់អ្នកដំណើរម្នាក់ ដែលទើបតែមកពីចម្ការ ដើម្បីឲ្យឮឈឺឆ្កាងថ្វាយព្រះយេស៊ូ បុរសនោះមានឈ្មោះថា ស៊ីម៉ូន អ្នកស្រុកគីរេ ជា​ឪពុក​របស់​អលេ‌ក្សាន‌ត្រុស និង​រូភូស។
22ពួកទាហានបាននាំព្រះយេស៊ូទៅដល់កន្លែងមួយហៅថា គាល់‌កូថា (ដែលប្រែថា «ភ្នំ​លលាដ៍​ក្បាល»)។
23គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយជ័រល្វីងទេស មកថ្វាយព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូមិនផឹកឡើយ។
24ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បីឲ្យដឹងថាអ្នកណាចាប់បានអ្វី។
25នៅម៉ោងប្រាំបួនព្រឹកដែលគេបានឆ្កាងព្រះអង្គ។
26នៅលើបានសរសេរកាត់ទោសព្រះអង្គ «ស្ដេចសាសន៍​យូដា»។
27ក្នុងពេលនោះគឺគេបានឆ្កាងចោរពីរផងដែរ ម្នាក់នៅខាងស្តាំរបស់ព្រះអង្គហើយម្នាក់ទៀតនៅខាងឆ្វេង។
28អ្វីដែល​កើត​ឡើងនេះ គឺស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់»។
29អ្នកដំណើរដែលឆ្លងកាត់ទីនោះ បានប្រមាថព្រះអង្គ ក្រវីក្បាលរបស់គេហើយនិយាយថា «អ័ហា! អ្នកដែលចង់រុះព្រះវិហារចោល ហើយសងឡើងវិញក្នុងពេលពីរថ្ងៃអើយ
30ចូរសង្គ្រោះខ្លួនឯងទៅ ហើយចុះពីលើឈើឆ្កាងមក!»
31ក្នុងរបៀបនោះឯង មហាបូជាចារ្យក៏បានប្រមាថព្រះអង្គ នៅក្នុងចំណោមពួកគេដែរ រួមជាមួយពួកអាចារ្យដោយនិយាយថា៖ «អ្នកនេះធ្លាប់សង្គ្រោះអ្នកដទៃ ប៉ុន្តែ ពេលនេះមិនអាចជួយខ្លួនឯងបាន។
32សូមឲ្យព្រះគ្រិស្ត ជាស្តេចនៃអ៊ីស្រាអែល ចុះពីឈើឆ្កាងនោះមក ដូច្នេះយើងនឹងបានឃើញ ហើយនិងបានជឿផង» ហើយអ្នកដែលគេបានឆ្កាងជាមួយព្រះអង្គក៏បានប្រមាថព្រះយេស៊ូដែរ។
33នៅពេលថ្ងៃត្រង់ ភាពងងឹតបានគ្រប់បាំងនៅលើផែនដីទាំងមូលរហូតដល់ម៉ោងបី។
34នៅរសៀលម៉ោងបីព្រះយេស៊ូបានស្រែកឡើង ជាមួយសម្លេងដ៏ខ្លាំង «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី»? ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ»?
35អ្នកដែលកំពុងតែឈរក្បែនោះ ក៏បានឮព្រះបន្ទូលរបស់ព្រះអង្គ ហើយនិយាយថា៖ «មើល៍! គាត់កំពុងតែហៅលោកអេលីយ៉ា»។
36មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។ ទាំង​និយាយថា៖ «សូមមើល ប្រសិនបើលោកអេលីយ៉ាមកយកអ្នកនេះចុះពីឈើឆ្កាង»។
37ក្រោយមក​ព្រះ‌យេស៊ូ​បានបន្លឺ​សម្លេងយ៉ាង​ខ្លាំង រួចព្រះអង្គក៏សុគត។
38វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ ​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។
39ពេល នាយ​ទាហាន​រ៉ូម​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ បានឃើញព្រះអង្គសុគតបែបយ៉ាងដូច្នេះ ហើយនិយាយថា៖ «ជាការពិតណាស់​ លោកពិតជាព្រះរាជបុត្រនៃព្រះមែន»។
40ក៏មានស្រី្តម្នាក់ដែលឃើញពីចម្ងាយ។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​​​ (ជាម្ដាយ​របស់​យ៉ាកុប ​ក្មេងជាង និង​យ៉ូសេ) ហើយ​សាឡូ‌មេ​ផង។
41ពេលព្រះយេស៊ូនៅស្រុកកាលីឡេ ពួកស្រ្តីទាំងនោះបានតាម និងបម្រើព្រះអង្គផង។ មាន​ស្ត្រី​ផ្សេងទៀត​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះអង្គ​ដែរ។
42នៅពេលល្ងាចបានមកដល់ ដោយព្រោះវាគឺជាថ្ងៃនៃការរៀបចំ ហើយក៏ជាមួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទដែរ
43លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ទីនោះ។ លោក​ជា​អ្នកដែល​មាន​ការគោរពច្រើន ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ គឺជាអ្នកដែលរង់ចាំព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។
44លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​បានសុគត លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា បើសិនព្រះ‌យេស៊ូ​សុគត។
45ពេលលោកពីឡាតបានដឹងពីពួកទាហាប្រាប់ថា ព្រះយេស៊ូបានសុគតហើយ លោកក៏ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។
46លោក​យ៉ូសែប​ទិញ​ក្រណាត់​សំពត់​ទេស​ឯក។ លោកបានយកព្រះអង្គចុះពីលើឈើឆ្កាងមក ហើយ​រុំ​នឹង​ក្រណាត់ រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។
47នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូសេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។