ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 14

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពីរថ្ងៃ មុនពិធីបុណ្យរំលងមកដល់ និងបុណ្យនំប័ុងឥតមេ។ នាយកបូជាចារ្យ និងពួកអាចារ្យបាននាំគ្នាគិតដោយសម្ងាត់ដើម្បីចាប់ព្រះយេស៊ូ និងសម្លាប់ព្រះអង្គ។
2ដ្បិត ពួកគេបាននិយាយថា៖ «កុំធ្វើការនេះក្នុងកំឡុងពេលបុណ្យឡើយ វានឹងកើតចលាចល នឹងមានការបះបោរកើតឡើងក្នុងចំណោមប្រជាជន»។
3គ្រាដែលព្រះយេស៊ូនៅ​ភូមិបេតថា‌នី ក្នុងផ្ទះរបស់លោកស៊ីម៉ូនជាអ្នកមានជំងឺឃ្លង់ ព្រះយេស៊ូកំពុងសម្រាកនៅតុអាហារ មានស្រ្តីម្នាក់បានចូលមករកព្រះអង្គ ដោយកាន់ដបថ្មមួយដាក់ប្រេងទេព្វិរូសុទ្ធ ដែលមានតម្លៃបំផុត។ នាងបានបំបែកដបថ្ម ហើយចាក់ប្រេងនោះ​លើព្រះ‌សិរសា​របស់​ព្រះ‌អង្គ។
4ប៉ុន្តែ មានអ្នកខ្លះបានខឹង ពួកគេបានជំនុំគ្នាហើយនិយាយថា៖ «ហេតុអ្វីបានជានាងខ្ជះខ្ជាយបែបនេះ?
5ប្រេងក្រអូបនេះបើលក់វិញគឺបានជាងបីរយដូង ហើយអានចែកឲ្យអ្នកក្របាន»។ ក្រោយមកពួកគេក៏ស្តីបន្ទោសដល់នាង។
6ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «សូមឲ្យនាងនៅតែម្នាក់ឯងចុះ។ ហេតុអ្វីបានជាអ្នកចេះតែរំខាននាង? គឺនាងបានធ្វើការយ៉ាងល្អសម្រាប់ខ្ញុំ។
7អ្នកក្រនឹងនៅជាមួយអ្នករាល់គ្នាជានិច្ច ហើយនៅអ្នករាល់គ្នាមានបំណងចង់ធ្វើការល្អដល់ពួកគេពេលណាក៏បាន ប៉ុន្តែខ្ញុំវិញ អ្នករាល់គ្នាមិនបាននៅជាមួយខ្ញុំរហូតទេ។
8នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន នាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំ សម្រាប់បញ្ចុុះក្នុងផ្នូរ។
9ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលណាដែលដំណឹងល្អបានប្រកាសនៅក្នុងពិភពលោកទាំងមូល អ្វីដែលស្រ្តីម្នាក់នេះបានធ្វើ នឹងមានគេនិយាយកិច្ចការដែលនាងបានធ្វើទុកជារំលឹកដល់នាង»។
10ក្រោយមក យូដាស‌អ៊ីស្កា‌រីយ៉ុត ជាម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរ ចេញទៅជួបនាយកបូជាចារ្យ គាត់អាចនឹងប្រគល់ព្រះយេស៊ូឲ្យទៅពួកគេ។
11ពេលនាយកបូជាចារ្យបានឮការនោះ ពួកគេសប្បាយរីករាយ និងសន្យាថានឹងផ្តល់ប្រាក់ដល់គាត់។ គាត់ក៏ចាប់ផ្តើមរកឱកាសដើម្បីបញ្ជូនព្រះយេស៊ូទៅពួកគេ។
12នៅថ្ងៃទីមួយនៃបុណ្យនំប័ុងឥតមេ នៅពេលពួកគេយកចៀមមកថ្វាយយញ្ញបូជា ក្នុងបុណ្យរំលង ពួកសិស្សបាននិយាយទៅព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យពួកយើងរៀបចំពិធីនេះនៅទីណា ដ្បិតលោកនឹងបរិភោគអាហារបុណ្យចម្លងនោះ។
13ព្រះយេស៊ូបញ្ជូនសិស្សពីរនាក់ដោយបន្ទូលថា៖ «ចូលទៅឯទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។​ តាមគាត់ទៅ។
14ពេលគាត់ចូលដល់ក្នុងផ្ទះ អ្នកត្រូវតាមចូលទៅក្នុងផ្ទះដែរ ហើយនិយាយទៅម្ចាស់ដូចនេះ លោកគ្រូនិយាយថា៖ «តើបន្ទប់ទទួលភ្ញៀវជាកន្លែងដែលខ្ញុំជាមួយពួកសិស្សនឹងបរិភោគអាហារបុណ្យចម្លងនៅកន្លែងណា»?
15ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែលរៀបចំហើយជាស្រេច។ ចូលរៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។
16ពួកសិស្សក៏ចេញទៅក្នុងទីក្រុង។ ពួកគេក៏បានជួបគ្រប់យ៉ាងតាមដែលព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេ ហើយពួកសិស្សក៏បានរៀបចំពិធីបរិភោគអាហារបុណ្យរំលងនៅទីនោះ។
17នៅវេលាល្ងាច ព្រះយេស៊ូបានយាងមកជាមួយសិស្សទាំងដប់ពីរ។
18ខណះពួកគេកំពុងតែសម្រាក និងបរិភោគ នៅឯតុអាហារ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ការពិតដែលខ្ញុំចង់ប្រាប់ដល់អ្នករាល់គ្នា និងមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែលកំពុងបរិភោគជាមួយខ្ញុំនឹងក្បត់ខ្ញុំ។
19ពួកបង្ហាញពីភាពស្តោកស្តាយ ហើយគ្រប់គ្នាទូលទៅព្រះអង្គថា៖ «អ្នកដែលធ្វើការបែបនេះគឺមិនមែនជារូបខ្ញុំទេ»?
20ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺនៅក្នុងចំណោមសិស្សទាំងដប់ពីរ ដែលជាម្នាក់កំពុងជ្រលក់នំប័ុងក្នុងចានជាមួយនឹងខ្ញុំ។
21ដ្បិត កូនមនុស្សនឹងត្រូវចាកចេញទៅ ស្របតាមបទគម្ពីរដែលបានចែងអំពីរូបលោក។ ប៉ុន្តែ វេនាដល់អ្នកនោះ ដែលជាអ្នកនាំកូនមនុស្សយកទៅលក់! ប្រសិនបើ អ្នកមិនបានកើតមកនោះ ប្រសើរជាង»។
22នៅពេលពួកគេកំពុងហូបអាហារ ព្រះយេស៊ូបានយកនំប័ុង​ ហើយប្រទានពរ និងកាច់នំប័ុង។ ព្រះអង្គឲ្យទៅព្ួកគេដោយមានបន្ទូលថា៖ «សូមទទួល នេះគឺជារូបកាយខ្ញុំ។
23ព្រះយេស៊ូយកពែងមួយមក ហើយអរព្រះគុណ ហើយហុចឲ្យទៅសិស្ស ហើយពួកគេក៏ផឹកពីពែងនោះ។
24ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះគឺជាឈាមនៃសម្ពន្ធមេត្រីរបស់ខ្ញុំ គឺជាឈាមដែលនឹងហូរចុះសម្រាប់មនុស្សជាច្រើន។
25ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលនៃទំពាំងបាយជូរម្តងម្តងទៀតឡើយ ដរាបដល់មួយដែលខ្ញុំនឹងផឹកជាថ្មី ម្តងទៀតគឺនៅក្នុងនគរព្រះ។
26ពេលពួកគេបានច្រៀងទំនុកតម្កើងព្រះរួចហើយ ព្រះអង្គ និងពួកសិស្សក៏ចេញទៅភ្នំអូលីវ។
27ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «អ្នករាល់គ្នានឹងចាក់ចេញពីខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា៖ «យើងនឹងវាយអ្នកគង្វាលហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ»។
28ប៉ុន្តែ ក្រោយមកខ្ញុំនឹងរស់ឡើងវិញ ហើយខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។
29លោកពេត្រុសបានឆ្លើយទៅព្រះអង្គថា៖ «ទោះបីគ្រប់គ្នារត់ចោលព្រះអង្គ តែទូលបង្គំនឹងមិនបោះបង់ចោលព្រះអង្គឡើយ»។
30ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ «យប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង»។
31ប៉ុន្តែលោកពេត្រុសបានទូលឆ្លើយថា៖ «ខ្ញុំនឹងមិនបដិសេធព្រះអង្គឡើយ បើទោះខ្ញុំត្រូវស្លាប់ក៏ដោយ»។ សិស្សដទៃក៏បានសន្យាដូចៗគ្នាផងដែរ។
32ព្រះអង្គ ​និងពួកសិស្សបាន​ទៅ​ដល់​កន្លែង​មួយ ឈ្មោះថា​កេតសេ‌ម៉ានី ហើយព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «អង្គុយនៅទីនេះ ពេលខ្ញុំអធិស្ឋាន»។
33ព្រះអង្គយកលោកពេត្រុស លោកយ៉ាកុប និងលោកយូ៉ហានទៅជាមួយព្រះអង្គ​ហើយចាប់​ផ្ដើម​ព្រួយចិត្ត ព្រម​ទាំង​កង្វល់ជាខ្លាំង។
34ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទាំង​បី​ថា៖ «ព្រលឹងខ្ញុំសោកសង្រេង​ស្ទើរ​តែ​ស្លាប់ហើយ។ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​ ដោយចាំយាម»។
35ព្រះយេស៊ូយាងទៅឆ្ងាយបន្តិច ក្រាប​ចុះ​ដល់​ដី ហើយព្រះអង្គអធិស្ឋាន ប្រសិនបើ អាចទៅរួចសូមឲ្យពេលដ៏លំបាកនេះនឹងឆ្លងផុតពីព្រះអង្គ។
36ព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ឱ​ព្រះ‌បិតា​អើយ គ្រប់​កិច្ចការ​ទាំង​អស់​ អាចកើតឡើងបានតាមរយៈព្រះជាម្ចាស់។ សូមដកចេញពែងនេះពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ តែសូមឲ្យតាមព្រះទ័យព្រះជាម្ចាស់វិញ»។
37ព្រះយេស៊ូត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេក នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុស ស៊ីម៉ូនថា៖​«ម្ដេច​បានជា​អ្នក​ដេក​លក់​ដូច្នេះ?» តើអ្នកមិនអាចចាំយាមតែមួយម៉ោងទេឬ?
38សូមអធិស្ឋានចាំយាមនោះអ្នកនឹងមិនធ្លាក់ក្នុងក្តីល្បួងឡើយ។ ខាងឯវិញ្ញាណមានការប្រុង​ប្រៀបជាស្រេចមែន​ ប៉ុន្តែខាងឯសាច់ឈាមគឺខ្សោយវិញ។
39ព្រះយេស៊ូបានយាងទៅអធិស្ឋានម្តងទៀត ដោយប្រើពាក្យទូលអង្វរដដែល។
40ព្រះអង្គបានត្រឡប់មកវិញម្តងទៀត ហើយឃើញពួកសិស្សកំពុងដេក ដ្បិត ភ្នែករបស់ពួកគេងងុយពេកហើយក៏មិនដឹងថាមានអ្វីនឹងនិយាយទៅកាន់ព្រះអង្គ។
41ព្រះយេស៊ូយាងមកវិញជាលើកទីបីហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែដេក និងសម្រាកដល់កាលណាទៀត? បានហើយ ពេលកំណត់បានមកដល់ហើយ។ មើល៍! កូនមនុស្សត្រូវបានគេក្បត់ និងបញ្ជូនទៅឲ្យដៃរបស់មនុស្សមានបាប។
42ក្រោកឡើង តោះយើងទៅ ឃើញទេ ម្នាក់ដែលក្បត់ខ្ញុំនោះជិតមកដល់ហើយ»។
43ពេលព្រះយេស៊ូកំពុងតែមានបន្ទូល លោកយូដាស ជាម្នាក់នៃពួកសិស្សទាំងដប់ពីរ ​មាន​បណ្ដា‌ជន​មួយ​ក្រុម​កាន់​ដាវ កាន់​ដំបង ហើយពួកអ្នកទាំងនោះ គឺបានបញ្ជូនមកពីនាយកបូជាចារ្យ ពួកអាចារ្យ ហើយនិងពួកចាស់ទុំ។
44ពេលនោះ អ្នកក្បត់បានធ្វើជាសញ្ញាប្រាប់ថា៖ «អ្នកដែលខ្ញុំថើប គឺម្នាក់នឹងហើយ ចាប់គាត់ហើយនាំគាត់ចេញទៅ និងយាមឲ្យបានតឹងតែង។
45ពេលលោកយូដាសបានមកដល់ ភ្លាមគាត់បានទៅរកព្រះយេស៊ូហើយនិយាយថា៖ «លោកគ្រូ» ហើយលោកយូដាសថើបព្រះអង្គ។
46ក្រោយមកពួកគេក៏លូកដៃមកចាប់ព្រះអង្គ។
47ប៉ុន្តែ មាន​ម្នាក់​ដែល​នៅ​ទី​នោះ​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ម្ខាង។
48ព្រះយេស៊ូមានបន្ទូលទៅពួកទាំងនោះថា៖ «តើអ្នករាល់គ្នាមកចាប់ខ្ញុំ ដូចជាអ្នកតាមចាប់ចោរ មានទាំងដាវ និងដំបងនៅនឹងដៃដូច្នេះ?
49ពេលដែលខ្ញុំនៅជាមួយអ្នករាល់ថ្ងៃហើយខ្ញុំបានបង្រៀននៅព្រះវិហារនោះ ហេតុអ្វីអ្នករាល់គ្នាមិនចាប់ខ្ញុំ។ ប៉ុន្តែ ការនេះគឺកើតឡើង ដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែង»។
50សិស្ស និងអ្នកឯទៀតបានបោះបង់ព្រះអង្គរត់ទៅកន្លែងផ្សេងៗពីគ្នា។
51មាន​កំលោះ​ម្នាក់​ដែល​ ស្លៀក​សំពត់​មួយ​ផ្ទាំង​រំបិទ‌បាំង​កាយ​ បានដើរតាមព្រះយេស៊ូ។ ក្នុងពេលដែលពួកអ្នកទាំងនោះចាប់ព្រះអង្គ
52អ្នកកំលោះនេះបានរត់ចោល​សំពត់​រត់​ទៅ​ទាំងខ្លួន​ទទេ។
53ពួកគេបាននាំព្រះយេស៊ូទៅជួបមហា​បូជា‌ចារ្យ។ គឺមានការប្រជុំគ្នាជាមួយព្រះអង្គ ដូចជា នាយកបូជាចារ្យ ពួកចាស់ទុំ ពួកអាចារ្យ។
54គ្រានោះ លោកពេត្រុសទៅតាមព្រះអង្គពីចម្ងាយ គឺឆ្ងាយរហូតដល់ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា‌ចារ្យ។ លោកពេត្រុសបានអង្គុយជាមួយអ្នកយាមដែលកំពុងតែអាំងភ្លើង។
55ពេលនោះ នាយក​បូជា‌ចារ្យ និងក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ ប៉ុន្តែ ពួកគេ​រក​មិន​ឃើញទេ។
56មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​មានការព្រមព្រៀងគ្នាទេ។
57អ្នកខ្លះបានឈរឡើងហើយធ្វើទីបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ ដោយនិយាយថា៖
58«យើងបានឮអ្នកនេះនិយាយថា នឹងបំផ្លាញព្រះវិហារដែលបានសង់ដោយដៃ ហើយនិងសង់ឡើងវិញក្នុងពេលតែបីថ្ងៃ គឺមិនមែនដោយដៃមនុស្សនោះទេ។
59ទោះយ៉ាងណាក៏ដោយទីបន្ទាល់ទាំងនោះនៅតែមិនស្របគ្នាដែរ។
60មហាបូជាចារ្យក៏ឈរឡើងក្នុងចំណោមពួកគេ ហើយទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានឯងមិនព្រមឆ្លើយ? តើសក្ខីភាពរបស់អ្នកទាំងនោះបានទាស់ជាមួយឯង?
61ប៉ុន្តែ ព្រះយេស៊ូនៅតែស្ងាត់ស្ងៀម ហើយមិនឆ្លើយអ្វីឡើយ។ មហាបូជាចារ្យជាន់ខ្ពស់សួរសំនួរព្រះអង្គថា៖ «តើឯងគឺជាព្រះគ្រិស្ត ហើយជាព្រះបុត្រនៃព្រះដ៏មានពរមែនទេ?»
62ព្រះយេស៊ូបានឆ្លើយថា៖ «គឺខ្ញុំនេះហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សនឹងអង្គុយខាងស្តាំដៃពេញដោយ​ឫទ្ធា‌នុភាព ​និង​យាង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ»។
63មហាបូជាចារ្យបានហែកអាវរបស់លោកហើយមានប្រាសាន៍ថា៖ «តើពួកយើងនៅត្រូវការសាក្សីណាទៀត?
64អ្នករាល់គ្នាបានឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ។ តើអស់លោកគិតយ៉ាងណាដែរ»? ពួកគេ​បាន​សម្រេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូទេ។
65អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ ពួកគេ​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ វាយ​តប់​ព្រះអង្គ ហើយ​សួរព្រះអង្គ​ថា៖ «ទាយ​មើល៍»! ពួកទាហានចាប់​ព្រះ‌យេស៊ូ​មក​ទះ​កំផ្លៀងព្រះអង្គ។
66ពេល​លោក​ពេត្រុស​នៅ​ខាងក្រោមនៃទីធ្លា មានស្រ្តីម្នាក់ដែលជាអ្នកបម្រើរបស់មហាបូជាចារ្យបានមករកលោក។
67គឺនាងបានឃើញពេត្រុសកំពុងតែឈរអាំងភ្លើង ហើយនាងក៏សម្លឹងមើលលោកយ៉ាងជិតបំផុត។ រួចនាងក៏និយាយថា៖ «អ្នក​ឯង​ក៏​ជា​អ្នកនៅជាមួយ​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ»។
68ប៉ុន្តែ ពេត្រុសបានបដិសេធ ដោយនិយាយថា៖ «ខ្ញុំមិនដែលស្គាល់ហើយក៏មិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនេះទេ»។ ក្រោមមកពេត្រុសក៏ចេញពីទីធ្លានោះទៅ។
69ប៉ុន្តែ មានស្ត្រី​បម្រើ​ម្នាក់ដែលនៅទីនោះ ហើយក៏ឃើញលោក ចាប់ផ្តើមនិយាយប្រាប់អ្នកដែលកំពុងឈរនៅទីនោះម្តងទៀតថា៖ «បុរសនេះគឺជាម្នាក់នៃពួកគេ»!
70ប៉ុន្តែ លោកពេត្រុសបានដិសេធម្តងទៀត។ បន្តាប់ពីនោះបន្តិច ពួកអ្នកដែកឈរនៅទីនោះបាននិយាយទៅលោកពេត្រុសថា៖ «ប្រាកដណាស់អ្នកគឺជាម្នាក់នៃពួកគេ ដ្បិត អ្នកក៏ជាអ្នកស្រុកកាលីឡេដែរ»។
71ប៉ុន្តែ ពេត្រុសចាប់ផ្តើមដាក់បណ្តាសាខ្លួនលោកឲ្យចេញពីការចោត ដោយស្បថថា៖ «ខ្ញុំមិនដែលស្គាល់បុរស ដែល អស់លោកកំពុងនិយាយទេ»។
72រំពេចនោះមាន់ក៏ចាប់ផ្តើមរងាវជាលើកទីពីរ។ ក្រោយមក លោកពេត្រុសនឹកចាំពីពាក្យដែលព្រះយេស៊ូបានមានបន្ទូលមកកាន់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង» ហើយលោកក៏ក្រាប់ចុះហើយយំសោកស្តាយជាខ្លាំង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។