1នៅពេលដែលព្រះយេស៊ូយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលសួរព្រះអង្គថា៖ «លោកគ្រូ សូមមើលថ្ម និងអគារល្អៗអសា្ចរ្យណាស់»
2ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអគារធំៗទាំងនេះឬទេ? គ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ នឹងត្រូវបាក់ធ្លាក់ចុះមក»។
3នៅពេលដែលព្រះអង្គគង់នៅលើភ្នំដើមអូលេវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេទូលសួរព្រះអង្គដោយសម្ងាត់ថា៖
4«សូមលោកគ្រូប្រាប់ពួកយើងឲ្យដឹងផង តើហេតុការទាំងនេះ និងកើតឡើងពេលណា? តើនឹងមានអ្វីជាសញ្ញានៅពេលព្រឹត្តការណ៍ទាំងនេះកើតឡើង»?
5ព្រះយេស៊ូចាប់ផ្តើមមានព្រះបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្នកុំឲ្យនរណាម្នាក់នាំអ្នកឲ្យដើរផ្លូវខុសឡើយ។
6មានមនុស្សជាច្រើននឹងប្រើឈ្មោះខ្ញុំដោយពោលថា៖ «ខ្ញុំគឺជាព្រះគ្រិស្ត» ហើយពួកគេនឹងនាំមនុស្សជាច្រើនឲ្យដើរផ្លូវខុស។
7ពេលណាអ្នកឮពីសង្រ្គាម និងពាក្យចចាមអារាមនៃសង្រ្គាម ចូរកុំព្រួយបារម្ភអ្វីឡើយ ការទាំងនេះនឹងត្រូវកើតឡើង ប៉ុន្តែថ្ងៃចុងបញ្ចប់មិនទាន់មកដល់នៅឡើយទេ។
8នឹងមានជាតិសាសន៍មួយក្រោកឡើងទាស់នឹងជាតិសាសន៍មួយ ហើយមាននគរមួយទាស់នឹងនគរមួយទៀត។ នឹងមានរញ្ជួយដីនឹងគ្រោះទុរភិក្សកើតមានឡើងជាច្រើនកន្លែង។ ការទាំងនេះប្រៀបដូចជាការចាប់ផ្តើមនៃការឈឺចាប់ពេលសម្រាលកូន។
9ចូរឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួន។ ពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាហើយគេនឹងវាយដំអ្នកនៅក្នុងសាលាប្រជុំ។ អ្នកនឹងឈរចំពោះមុខទាំងទេសាភិបាល និងស្តេចដោយព្រោះធ្វើទីបន្ទាល់ពីនាមខ្ញុំ។
10ប៉ុន្តែ ដំណឹងល្អត្រូវតែប្រកាសដល់គ្រប់ជាតិសាសន៍ជាមុនសិន។
11នៅពេលពួកគេចាប់អ្នករាល់គ្នាបញ្ជូនទៅ ចូរកុំឲ្យអ្នករាល់គ្នាព្រួយបារម្ភអំពីអ្វីដែលអ្នកគួរនិយាយឡើយ។ អ្វីដែលអ្នកគួរនិយាយនៅពេលនោះនឹងប្រទានឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ គឺមិនមែនអ្នករាល់គ្នាជាអ្នកនិយាយនោះទេ។
12បងប្រុសនឹងចាប់បញ្ជូនប្អូនទៅឲ្យគេសម្លាប់ ហើយឪពុកបញ្ជូនកូនទៅឲ្យគេសម្លាប់។ កូនៗនឹងក្រោកឡើងទាស់ប្រឆាំងនឹងឪពុកម្តាយហើយទាំងបញ្ជូនឲ្យគេសម្លាប់ទៀតផង។
13មនុស្សនឹងស្អប់អ្នករាល់គ្នាដោយសារឈ្មោះរបស់ខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ថ្ងៃបញ្ចប់ អ្នកនោះនឹងទទួលបានការសង្គ្រោះ។
14ពេលណាអ្នករាល់គ្នាឃើញ មនុស្សចង្រៃគួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនគួរឈរ (ចូរឲ្យអ្នកអានបានយល់ចុះ)
15សូមឲ្យអស់អ្នកដែលរស់នៅក្នុងស្រុកយូដារត់គេចទៅនៅតាមភ្នំ សូមកុំឲ្យអ្នកដែលនៅលើដំបូលផ្ទះកុំចុះមកចូលផ្ទះ ឬយករបស់នៅក្នុងផ្ទះឡើយ
16ហើយកុំឲ្យអ្នកដែលនៅចម្ការត្រឡប់មកយកអាវធំរបស់ខ្លួននៅផ្ទះវិញដែរ។
17សេចក្ដីវេទនានឹងមានដល់ស្រ្ដីណាមានកូន និងស្រ្តីណាដែលបំបៅកូននៅថ្ងៃនោះ!
18ចូរអធិស្ន សូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅក្នុងរដូវរងារឡើយ។
19ដ្បិត ពេលនោះជាពេលដែល មានទុក្ខវេទនាយ៉ាងខ្លាំង ដែលមិនធ្លាប់មានសោះតាំងពីព្រះបានបង្កើតពិភពលោកមករហូតដល់ឥឡូវនេះ ហើយវានឹងមិនកើតឡើងម្តងទៀតឡើយ។
20លុះត្រាតែព្រះជាម្ចាស់កាត់បន្ថយថ្ងៃខ្លះ ពុំដូច្នេោះទេនោះគ្មានសាច់ឈាមណាបានសង្គ្រោះឡើយ។ ប៉ុន្តែ ព្រះអម្ចាស់បានកាត់បន្ថយថ្ងៃខ្លះ ដោយយល់ដល់មនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។
21ប្រសិនបើ មាននរណាម្នាក់និយាយទៅកាន់អ្នកថា៖ «មើល៍! ព្រះគ្រិស្តនៅទីនេះ» ឬ «មើល៍! ព្រះគ្រិស្តនៅទីនោះ!» ចូរអ្នករាល់គ្នាកុំជឿឡើយ។
22ដ្បិត ព្រះគ្រិស្តក្លែងក្លាយ និងព្យាការីក្លែងក្លាយជាច្រើននឹងបង្ហាញខ្លួនពីទីសម្គាល់ និងការអស្ចារ្យជាច្រើន ដើម្បីបោកបញ្ឆោតមនុស្សរួមទាំងអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសផង។
23ចូរប្រយ័ត្ន! ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នាមុនពេលនឹងកើតឡើងហើយ។
24ប៉ុន្តែ បន្ទាប់ពីទុក្ខវេទនានៅថ្ងៃនោះហើយ ព្រះអាទិត្យនឹងប្រែក្លាយ ជាងងឹត ព្រះច័ន្ទនឹងមិនបញ្ចេញពន្លឺទៀតឡើយ
25ផ្កាយទាំងឡាយនឹងធ្លាក់ចុះមកពីលើមេឃ ហើយអំណាចនានាដែលមកពីស្ថានសួគ៌នឹងកក្រើករញ្ជួយឡើង។
26ពេលនោះ ពួកគេនឹងឃើញកូនមនុស្សយាងមកក្នុងពពកជាមួយនឹងអំណាចដ៏ខ្លាំងអស្ចារ្យដែលប្រកបដោយសិរីរុងរឿង។
27ពេលនោះលោកនឹងចាត់ពួកទេវតារបស់លោក ហើយនឹងប្រមូលពួកអ្នកដែលព្រះបានជ្រើសរើសពីទិសទាំងបួន ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
28ចូរអ្នករាល់គ្នារៀនពីមេរៀនដើមឧទុម្ពរ។ ពេលណា មែករបស់វាត្រឡប់ជាមានស្លឹកលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្តៅជិតមកដល់ហើយ។
29ដូច្នោះហើយ នៅពេលអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង នោះអ្នករាល់គ្នានឹងដឹងថាកូនមនុស្សជិតមកដល់ហើយ ក៏នៅជិតដល់មាត់ទ្វារផង។
30ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនអាចឆ្លងផុតឡើយរហូតទាល់តែការទាំងនេះកើតឡើង។
31ផ្ទៃមេឃ និងផែនដីកន្លងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនកន្លងផុតទៅណាឡើយ។
32ប៉ុន្តែ ទាក់ទងនឹងថ្ងៃណា ឬពេលណា គ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស មិនជ្រាបផង ប៉ុន្តែ ព្រះបិតាជ្រាបពីការទាំងអស់នេះ។
33ចូរប្រយ័ត្ន! ហើយចាំយាមចុះ ពីព្រោះអ្នករាល់គ្នាមិនដឹងថាពេលវេលាណានឹងមកដល់ឡើយ។
34គឺដូចជាបុរសម្នាក់ដែលធ្វើដំណើរចាកឆ្ងាយពីផ្ទះរបស់គាត់ ហើយចាត់ឲ្យអ្នកបម្រើមើលការខុសត្រូវនៅក្នុងផ្ទះរបស់គាត់ ម្នាក់ៗមានការងារដែលគាត់ឲ្យធ្វើរៀងៗខ្លួន ហើយគាត់បញ្ជាឲ្យអ្នកចាំយាមជួយដាល់តឿនផង។
35ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រៀបចុះ ពីព្រោះអ្នករាល់គ្នាមិនដឹងថាចៅហ្វាយនឹងមកផ្ទះវិញពេលណានោះទេ គឺអាចមកនៅពេលយប់ ពាក់កណ្តាលអា្រធាត ពេលមាន់រងាវ ឬនៅពេលព្រឹកព្រលឹមនោះទេ។
36ប្រសិនបើ ចៅហ្វាយមក នោះកុំឲ្យគាត់ឃើញថាអ្នកកំពុងដេកឡើយ។
37ពាក្យដែលខ្ញុំប្រាប់ទៅអ្នករាល់គ្នា ខ្ញុំក៏ប្រាប់អ្នកផ្សេងទៀតដែរ គឺចូរចាំយាមចុះ»!។