ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ម៉ាកុស 12

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេជាពាក្យប្រៀបធៀបថា​៖​​​ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ និងធ្វើរបងព័ទ្ធជុំវិញចម្ការនោះ ហើយជីករណ្តៅមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ។ គាត់បានសង់ខ្ទមមួយ ហើយក៏ប្រវាស់ឲ្យពួកកសិករមើលថែទាំ។ រួចគាត់ចាក់ចេញពីទីនោះទៅ។
2លុះដល់ទំពាំងបាយជូរទុំ គាត់បានចាត់អ្នកបម្រើម្នាក់ឲ្យទៅប្រមូលផលដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។
3ប៉ុន្តែពួកគេបានចាប់អ្នកបម្រើនោះ វាយដំហើយបណ្តេញគាត់ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
4ម្ចាស់ចម្ការបានចាត់អ្នកបម្រើម្នាក់ទៀតឲ្យទៅម្តងទៀត នោះពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេស្តីទៀតផង។
5ម្ចាស់ចម្ការបានចាត់អ្នកបម្រើផ្សេងទៀតឲ្យទៅ នោះអ្នកថែចម្ការបានសម្លាប់អ្នកបម្រើម្នាក់នោះ។ ពួកអ្នកបម្រើផ្សេងៗទៀតក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ហើយខ្លះទៀតត្រូវគេសម្លាប់។
6ម្ចាស់ចម្ការមានកូនប្រុសតែម្នាក់ដែលគាត់ស្រឡាញ់ខ្លាំងបំផុត គាត់បានចាត់កូនប្រុសរបស់គាត់ឲ្យទៅក្រោយគេបង្អស់ ដោយគាត់គិតថា៖​ «ពួកអ្នកថែចម្ការទាំងនោះ និងគោរពកោតខ្លាចកូនប្រុសរបស់ខ្ញុំមិនខាន»
7ប៉ុន្តែ ពួកអ្នកថែចម្ការទាំងនោះពិភាក្សាគ្នាថា៖ «បើយើងសម្លាប់កូនប្រុសម្ចាស់ចម្ការចោល នោះមរតកទាំងនេះនឹងក្លាយជារបស់ពួកយើងជាក់ជាមិនខាន»។
8ពួកគេបានចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។
9តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្តេចចំពោះពួកអ្នកថែចម្ការទាំងនោះ? គាត់នឹងទៅហើយសម្លាប់ពួកអ្នកថែចម្ការនោះចោល រួចប្រគល់ចម្ការទំពាំងបាយជូរឲ្យទៅអ្នកផ្សេងទៀតវិញ។
10តើអ្នករាល់គ្នាធ្លាប់បានអានអត្ថបទក្នុងព្រះគម្ពីរទេឬអី? «ថ្មដែលពួកអ្នកសាងសង់ផ្ទះបោះបង់ចោល បានធ្វើឲ្យក្លាយជាគ្រឹះយ៉ាងរឹងមាំ។
11ព្រះជាម្ចាស់បានធ្វើការអស្ចារ្យនេះ នៅចំពោះភ្នែករបស់យើង»។
12ពួកមេដឹកនាំសាសន៍យូដារកវិធីចាប់ព្រះយេស៊ូ ប៉ុន្តែ ពួកគេខ្លាច បណ្តាជនព្រោះពួកគេបានដឹងថា ព្រះបន្ទូលរបស់ព្រះអង្គជាពាក្យប្រៀបធៀបទាស់នឹងពួកគេ។ ដូច្នេះហើយ ពួកគេក៏ចេញពីព្រះយេស៊ូទៅ។
13គេចាត់ពួកខាងផារីសុី និងពួកខាងស្តេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូដើម្បីលបចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។
14គេនាំគ្នាមកទូលសួរព្រះអង្គថា៖ «លោកគ្រូ បង្រៀនសុទ្ធតែសេចក្តីពិតពីព្រះជាម្ចាស់ ហើយយើងដឹងថាលោកគ្រូ ពុំយោគយល់គំនិត ហើយក៏ពុំរើសមុខនរណាឡើយ។ តើវាជាការអាក្រក់ឬទេ ក្នុងការបង់ពន្ធថ្វាយដល់ព្រះចៅអធិរាជរ៉ូម? តើយើងគួរតែថ្វាយ ឬមិនថ្វាយ?»
15ព្រះយេស៊ូជ្រាប ពីអំពីពុតត្បុតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ល្បងលខ្ញុំដូច្នេះ? សុំយកកាក់មួយមកឲ្យខ្្ញុំមើលមើល៍»។
16គេក៏យកកាក់មួយមកថ្វាយព្រះយេស៊ូ។ ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «តើកាក់នេះមានរូបដូចនរណា ឈ្មោះនរណា?» ពួកគេទូលឆ្លើយថា៖ «ឈ្មោះរបស់ស្តេចសេសារ»
17ព្រះយេស៊ូក៏មានបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចសេសារ ចូរថ្វាយទៅកាន់សេសារចុះ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយដល់ព្រះជាម្ចាស់វិញដែរ»។ ពួកគេមានការភ្ញាក់ផ្អើលនឹងព្រះយេស៊ូ។
18មានពួកសាឌូសុី ចូលមកគាល់ព្រះអង្គ ពួគគេមិនជឿថាមានការរស់ឡើងវិញនោះទេ។ ពួកគេទូលសួរទៅព្រះយេស៊ូថា៖
19«លោកគ្រូ លោកម៉ូសេបានសរសេរចែងទុកថា៖ «បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ នោះត្រូវឲ្យប្អូនប្រុសបុរសនោះ យកប្រពន្ធបងប្រុសទៅ ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួន»។
20មានបងប្អូនប្រុសប្រាំពីរនាក់ បងគេបង្អស់បានការប្រពន្ធ ហើយក៏ស្លាប់ទៅតែគ្មានកូនសោះ។
21ប្អូនបន្ទាប់ក៏យកនាងហើយស្លាប់ទៅ ដោយគ្មានកូនសោះ ហើយប្អូនទីបីក៏ដូចគ្នាដែរ។
22បងប្អូនប្រុសទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។
23នៅពេលពួកគេរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា? បើបងប្អូនប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ»។
24ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នេះជាការយល់ខុសហើយ ពីព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ហើយមិនស្គាល់អំណាចរបស់ព្រះ?
25នៅពេលដែលមនុស្សរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទៀតឡើយ ប៉ុន្តែ ពួកគេនឹងដូចជាទេវតានៅឯសា្ថនបរមសុខ។
26ទាក់ទងនឹងរឿងមនុស្សស្លាប់រស់ឡើងវិញ តើអ្នករាល់គ្នាមិនធ្លាប់បានអានទាក់ទងនឹងគុម្ពបន្លានៅក្នុងគម្ពីលោកម៉ូសេឬទេ? ពីរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោក ហើយបន្ទូលថា៖ «យើងជាព្រះរបស់លោកអ័ប្រាហាំ ជាព្រះរបស់លោកអុីសាក នឹងជាព្រះរបស់លោកយ៉ាកុប?»
27ព្រះអង្គមិនមែនព្រះនៃសេចក្តីស្លាប់ទេ ប៉ុន្តែ ជាព្រះរបស់មនុស្សរស់ឡើងវិញ អ្នករាល់គ្នាយល់ខុសហើយ»។
28មានអាចារ្យម្នាក់ចូលមកជិត គាត់ក៏ឮពួកគេជជែកគ្នា ហើយឃើញព្រះយេស៊ូបានឆ្លើយទៅពួកគេយ៉ាងត្រឹមត្រូវ។ គាត់ទូលសួរព្រះអង្គថា៖ «តើក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេ»?
29ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ក្រឹត្យវិន័យដែលសំខាន់ជាងគេគឺ «ឱអុីស្រាអែលអើយ ចូរស្តាប់ចុះ ព្រះអម្ចាស់មានតែមួយ ហើយជាព្រះរបស់យើងគ្រប់គ្នា។
30ត្រូវស្រឡាញ់ព្រះអម្ចាស់នៃអ្នករាល់គ្នា ឲ្យអស់អំពីចិត្ត អស់ពីព្រលឹង ហើយឲ្យអស់ពីគំនិត និងឲ្យអស់អំពីកម្លាំងអ្នករាល់គ្នា»។
31រីឯក្រឹត្យវិន័យទីពីរគឺ «អ្នករាល់គ្នាត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចជាខ្លួនឯង»។ ដ្បិត គ្មានក្រឹត្យវិន័យណាល្អជាងក្រឹត្យវិន័យទាំងនេះទេ»។
32រីឯអាចារ្យតបវិញថា៖ «ពិតហើយ លោកគ្រូ! លោកគ្រូមានប្រសាសន៍ត្រូវណាស់ ព្រះអង្គគឺជាព្រះតែមួយគត់ គ្មានព្រះឯណាក្រៅពីព្រះអង្គឡើយ។
33ត្រូវស្រឡាញ់ព្រះអង្គ ឲ្យអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង ឲ្យអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង នោះគឺវិសេសជាងតង្វាយដុត និងជាយញ្ញបូជាទៅទៀត»។
34នៅពេលព្រះយេស៊ូឃើញថាគាត់ឆ្លើយប្រកបដោយការយល់ដឹងដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកមិននៅឆ្ងាយពីនគរព្រះនោះទេ»។ បន្ទាប់មក គ្មាននរណាម្នាក់ហ៊ានទូលសួរព្រះយេស៊ូទៀតឡើយ។
35នៅពេលដែលព្រះយេស៊ូកំពុងតែបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថាព្រះយេស៊ូគ្រិស្តគឺជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ?
36ព្រះបាទដាវីឌផ្ទាល់មានព្រះបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអម្ចាស់យើងខ្ញុំថា ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងធ្វើឲ្យខ្មាំងសត្រូវរបស់ព្រះអង្គនៅក្រោមកំណល់ព្រះបាទរបស់ព្រះអង្គ»។
37ព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្តថាជា «ព្រះអម្ចាស់» តើឲ្យព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះអង្គបានដូចម្តេចកើត?» ពួកបណ្តាជនទាំងអស់ ស្តាប់ព្រះអង្គដោយអំណរ។
38នៅក្នុងការបង្រៀន ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្នជាមួយពួកអាចារ្យដែលដើរចុះឡើងដែលពាក់អាវវែងហើយគេចូលចិត្តការជម្រាបសួរដែលពួកគេបានទទួលនៅតាមផ្សារ។
39គេចូលចិត្តអង្គុយនៅកៅអីពួកមេដឹកនាំនៅក្នុងសាលប្រជុំ និងកន្លែងមេដឹកនាំនៅក្នុងពិធីបុណ្យ។
40គេលេបត្របាក់ផ្ទះស្ត្រីមេម៉ាយ ហើយគេធ្វើជាអ្នកអធិស្ឋានយូរដើម្បីឲ្យពួកបណ្តាជនឃើញ។ ពួកគេទាំងនោះនឹងទទួលការកាត់ទោសយ៉ាងធ្ងន់ជាងគេ»។
41ព្រះយេស៊ូគង់ទល់មុខហិបតង្វាយនៅក្នុងព្រះវិហារ ហើយព្រះអង្គទតមើលបណ្តាជនថ្វាយតង្វាយទៅក្នុងហិប។ មានអ្នកមានជាច្រើនដាក់ប្រាក់យ៉ាងច្រើន។
42ពេលនោះមានស្រ្តីមេម៉ាយក្រម្នាក់ បានមកហើយថ្វាយតង្វាយតែពីស្លឹង ដែលមានតម្លៃតែកន្លះសេន។
43ព្រះអង្គក៏ហៅពួកសិស្សមកហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយតង្វាយច្រើនជាងគេទាំងអស់ទៅក្នុងហិបតង្វាយ។
44ដ្បិត ពួកគេទាំងអស់គ្នាបានថ្វាយតង្វាយពីប្រាក់សំណល់របស់ពួកគេទេ។ រីឯស្រ្តីមេម៉ាយនេះវិញ បានថ្វាយតង្វាយពីភាពក្រីក្ររបស់នាង ហើយបានថ្វាយប្រាក់ទាំងអស់ដែលទុកសម្រាប់ចិញ្ចឹមជីវិតរបស់នាង»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។