1ព្រះយេស៊ូ និងពួកសិស្សមកដល់ទីក្រុងយេរូសាឡិម មកជិតភូមិបេតផាសេ និងភូមិបេតថានីដែលនៅជិតភ្នំអូលីវ ហើយព្រះយេស៊ូបានបញ្ជូនសិស្សពីរនាក់របស់ទព្រះអង្គឲ្យទៅមុន
2ដោយមានព្រះបន្ទូលទៅពួកគេថា៖ «ទៅភូមិនៅខាងមុខពួកយើង នៅពេលដែលអ្នកទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយ ដែលមិនធ្លាប់មានអ្នកណាជិះនៅឡើយទេ។ ចូរស្រាយចំណង ហើយដឹកមកកាន់ខ្ញុំចុះ។
3ប្រសិនបើ មាននរណាសួរអ្នកថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?» អ្នកត្រូវឆ្លើយប្រាប់គេថា៖ «ព្រះជាម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងឲ្យគេដឹកវាមកវិញ»។
4ពួកគេបានចេញទៅ ហើយឃើញកូនលាមួយដែលចងទុកនៅឯវាលក្បែរផ្លូវ រួចពួកគេក៏ស្រាយវា។
5អ្នកខ្លះដែលនៅទីនោះបាននិយាយទៅកាន់ពួកគេថា «តើអ្នកកំពុងធ្វើអ្វីហ្នឹង ម្ដេចក៏អ្នកស្រាយកូនលាអ៊ីចឹង?»
6ពួកគេបាននិយាយទៅកាន់អ្នកនោះតាមពាក្យដែលព្រះយេស៊ូបានបង្គាប់ដល់គេ ហើយពួកគេក៏ឲ្យពួកគាត់ដឹកលានោះចេញទៅ។
7សិស្សទាំងពីរបានដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយដោះអាវរបស់ខ្លួនក្រាលនៅលើខ្នងកូនលា ដើម្បីឲ្យព្រះយេស៊ូបាន ឡើងគង់លើកូនលានោះ។
8មានមនុស្សម្នាជាច្រើនបានយកអាវរបស់ខ្លួនក្រាលតាមដងផ្លូវ ហើយខ្លះទៀតយកមែកឈើដែលកាប់មកពីចំការមកក្រាលនៅលើផ្លូវផងដែរ។
9អស់អ្នកដែលដើរនៅពីមុខព្រះអង្គ ហើយនិងអ្នកដើរពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់
10សូមប្រទានពរដល់រាជ្យរបស់ព្រះបាទដាវីឌដែលកំពុងមកដល់ជាបិតារបស់យើង ហូសាណា ព្រះដ៏ខ្ពស់បំផុត»។
11បន្ទាប់មក ព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយបានទតមើលសព្វគ្រប់ អស់ហើយ។ ពេលនោះល្ងាចណាស់ហើយព្រះអង្គក៏យាងទៅភូមិបេតថានីជាមួយនឹងសិស្សទាំងដប់ពីរនាក់វិញ។
12ថ្ងៃបន្ទាប់ ព្រះអង្គ និងពួកសិស្សបានត្រឡប់មកពីភូមិបេតថានីវិញ ពេលនោះព្រះអង្គក៏ឃ្លាន។
13ព្រះអង្គ ទតឃើញដើមឧទុម្ពរមួយដើមដែលមានស្លឹកពីចម្ងាយ ព្រះអង្គយាងទៅទតមើល ព្រះអង្គទតឃើញមានតែស្លឹកតែប៉ុណ្ណោះគ្មានផ្លែឡើយ ដ្បិត ពុំទាន់ដល់រដូវដើមឧទុម្ពរមានផ្លែនៅឡើយទេ។
14ព្រះអង្គក៏មានបន្ទូលទៅកាន់ ដើមឧទុម្ពរនោះថា៖ «គ្មាននរណាហូបផ្លែរបស់ឯងទៀតឡើយ»។ ពួកសិស្សរបស់ព្រះអង្គក៏បានឮព្រះបន្ទូលរបស់ព្រះអង្គដែរ។
15ព្រះយេស៊ូ និងពួកសិស្សបានមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏បានយាងចូលទៅក្នុងព្រះវិហារហើយព្រះអង្គបានដេញពួកអ្នកលក់ដូរ និងអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គផ្តួលតុពួកអ្នកប្តូរប្រាក់ និងផ្តួលកៅអីរបស់អ្នកលក់ព្រាប។
16ព្រះអង្គមិនអនុញ្ញាតឲ្យនរណាលីសែងអីវ៉ាន់កាត់មុខព្រះវិហារឡើយ។
17ព្រះអង្គមានព្រះបន្ទូល និងប្រៀនប្រដៅពួកគេថា៖ «តើនៅក្នុងព្រះគម្ពីរមិនបានចែងថា៖ «ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឲ្យសាសន៍ទាំងឡាយអធិស្ឋានទេឬអី?» ប៉ុន្តែ អ្នករាល់គ្នាបែរជាយកមកធ្វើជាសំបុកចោរទៅវិញ»។
18កាលនាយកបូជាចារ្យ និងពួកអាចារ្យបានឮរឿងទាំងនេះ ហើយ ពួកគេរកវិធីដើម្បីធ្វើគុតព្រះអង្គ។ ប៉ុន្តែ ពួកគេភ័យខ្លាចព្រះអង្គ ព្រោះតែបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យនឹងសេចក្តីបង្រៀនរបស់ព្រះអង្គណាស់។
19នៅពេលល្ងាចបានមកដល់ ព្រះយេស៊ូ និងពួកសិស្សក៏ចាកចេញពីទីក្រុង។
20នៅពេលព្រឹក ពួកគេធ្វើដំណើរតាមផ្លូវនោះ ពួកគេបានឃើញដើមឧទុម្ពរក្រៀមស្វិតតាំងពីចុងរហូតដល់ឬស។
21លោកពេត្រុសនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូ ហើយក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមមើលដើមឧទុម្ពរដែល លោកគ្រូបានដាក់បណ្តាសានោះ វាក្រៀមស្វិតហើយ»។
22ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ
23ខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា បើអ្នកណានិយាយទៅកាន់ភ្នំនេះថា៖ «ចូរចេញទៅ ហើយទម្លាក់ខ្លួនរបស់អ្នកចូលក្នុងសមុទ្រទៅ» ហើយបើអ្នកនោះជឿនៅក្នុងចិត្តដោយឥតសង្ស័យថាព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។
24ដោយហេតុនេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន និងទូលសុំដោយចិត្តជឿ ថាអ្នកនឹងបានទទួល នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។
25នៅពេលដែលអ្នកឈរអធិស្ឋាន ហើយបើមានទម្នាស់ជាមួយនឹងនរណាម្នាក់ នោះចូរអត់ទោសឲ្យគេទៅ ក៏ដូចជាព្រះបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខបានអត់ទោសនូវអំពើររំលងរបស់អ្នករាល់គ្នាដែរ»។
26«ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ នោះព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។
27ពួកគេបានចូលទៅទីក្រុងយេរូសាឡឹមម្តងទៀត។ កាលព្រះយេស៊ូកំពុងយាងចូលក្នុងព្រះវិហារ នាយកបូជាចារ្យ ពួកអាចារ្យ និងពួកចាស់ទុំបាននាំគ្នាមកជួបព្រះអង្គ។
28ពួកគេបានទូលទៅកាន់ព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងលើអំណាចអ្វី ហើយនរណាផ្ដល់អំណាចឲ្យលោកធ្វើការទាំងនេះ?»
29ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសួរសំនួរដល់អ្នករាល់គ្នា ចូរប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អ្នករាល់គ្នាវិញថា ខ្ញុំធ្វើការទាំងអស់នេះដោយអាងលើអំណាចអ្វី។
30សូមឆ្លើយប្រាប់ខ្ញុំមក តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជ តើមកពីស្ថានបរមសុខ ឬមកពីមនុស្ស»?
31ពួកគេក៏បានពិភាក្សា និងប្រកែកគ្នា ហើយនិយាយថា៖ «ប្រសិនបើ ពួកយើងនិយាយថា៖ «មកពីស្ថានបរមសុខ» នោះគាត់នឹងនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនព្រមជឿគាត់»?
32ប៉ុន្តែ ប្រសិនបើ យើងនិយាយថា៖ «មនុស្សចាត់លោកឲ្យមក...» ។ ពួកគេភ័យខ្លាចមនុស្ស ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុក លោកយ៉ូហានជាព្យាការីពិតប្រាកដមែន។
33ដូច្នេះ ពួកគេក៏ឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ នោះព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេវិញថា៖ «រីឯខ្ញុំវិញ ក៏មិនប្រាប់អ្នករាល់គ្នាដែរថា ខ្ញុំធ្វើការទាំងអស់នេះដោយអាងលើអំណាចអ្វីនោះ»។