1នៅថ្ងៃក្រោយ ភ្នំដែលជាទីតាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់ នឹងត្រូវបង្កើតឡើងឲ្យខ្ពស់ជាងកំពូលភ្នំទាំងឡាយ។ ហើយត្រូវបានសរសើរតម្កើងលើកំពូលភ្នំទាំងនោះ និងប្រជាជាតិទាំងឡាយនឹងឡើងទៅហូរហែ។
2ហើយប្រជាជាតិជាច្រើននឹងទៅលើភ្នំទាំងពោលថា «ចូរមក យើងឡើងទៅភ្នំនៃព្រះអម្ចាស់ គឺទៅឯព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ»។ ដ្បិតក្រឹត្យវិន័យនឹងត្រូវបានផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ ជាមួយនឹងព្រះបន្ទូលនៃព្រះអម្ចាស់ពីក្រុងយេរូសាឡិម។
3ព្រះអង្គនឹងធ្វើជាចៅក្រមដល់ជនជាតិជាច្រើន ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិមួយចំនួន ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះពួកគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាកណ្តៀវវិញ។ ប្រជាជាតិនានាលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចម្បាំងទៀតដែរ។
4គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន។ ឥតមានអ្នកណាបំភិតបំភ័យពួកគេទៀតឡើយ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
5ទោះបើអស់ទាំងសាសន៍ដើរតាមឈ្មោះរបស់ព្រះរបស់ពួកគេរៀងខ្លួន។ គង់តែយើងរាល់គ្នានឹងដើរតាមព្រះនាមនៃព្រះអម្ចាស់ជាព្រះរបស់យើងជាដរាបតទៅ។
6នៅថ្ងៃនោះព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយប្រមូលអស់អ្នកដែលបានបណ្តេញ ព្រមទាំងអស់អ្នកដែលយើងបានធ្វើទុក្ខឲ្យមកវិញ»។
7ឯពួកអ្នកខ្វិន ទៅជានឹងអ្នកខ្ចាត់ខ្ចាយ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ នឹងបានចូល ក្នុងប្រជាជាតិមួយខ្លាំងពូកែ នោះព្រះអម្ចាស់នឹងសោយរាជ្យលើគេនៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។
8ដូច្នេះ ឯង គឺជាប៉មចាំយាមនៃហ្វូងចៀម ជាទួលខ្ពស់របស់ក្រុងស៊ីយ៉ូនអើយ អ្នកនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ជារាជ្យរបស់ក្រុងយេរូសាឡិម។
9ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ? តើគ្មានស្តេចនៅក្នុងឯងឬ? តើអ្នកប្រឹក្សារបស់ឯងវិនាសអស់ហើយឬ បានជាអ្នកឈឺចាប់ដូចជាស្រី ដែលឈឺនឹងសម្រាលកូនដូច្នេះ?
10ឱក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ដូចជាស្រីដែលឈឺនឹងសម្រាលកូន។ ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង។ នៅទីនោះឯងនឹងបានប្រោសឲ្យរួច។ គឺនៅទីនោះព្រះអម្ចាស់នឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។
11ឥឡូវនេះ មានជនជាិតជាច្រើន ដែលប្រមូលមកទាស់នឹងអ្នក គេពោលថា «ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលក្រុងស៊ីយ៉ូនចុះ»។
12ពួកព្យាការីពោលថា «តើពួកគេមិនស្គាល់គំនិតរបស់ព្រះអម្ចាស់ទេ ហើយក៏មិនយល់ពីផែនការរបស់ព្រះអង្គដែរដ្បិតព្រះអង្គបានប្រមូលគេដូចជាកណ្តាលស្រូវនៅទីលានដូចជាកណ្ដាប់ស្រូវ»។
13ព្រះអម្ចាស់បន្ទូលថា ឱក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែកហើយក្រចកជើងអ្នកទៅជាលង្ហិន។ អ្នកនឹងបំបែកជាតិសាសន៍ជាច្រើន។ ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះអម្ចាស់ គឺទ្រព្យសម្បត្តិរបស់គេ។