1ខ្ញុំក៏និយាយទៀតថា៖ «ចូរស្ដាប់ ឱពួកអ្នកដឹកនាំរបស់លោកយ៉ាកុប និងពួកអ្នកគ្រប់គ្រងលើពូជពង្សអុីស្រាអែលអើយ តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ?
2អ្នករាល់គ្នាដែលស្អប់ការល្អ ហើយស្រឡាញ់ការអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ
3អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងឆ្នាំងដី។
4នៅគ្រានោះ ពួកអ្នកដឹកនាំនឹងអំពាវនាវរកព្រះអម្ចាស់ តែព្រះអង្គមិនព្រមតបឡើយ។ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេនៅពេលនោះ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់»។
5ព្រះអម្ចាស់មានព្រះបន្ទូលពីពួកព្យាការី ដែលនាំឲ្យប្រជាជាតិរបស់ទ្រង់វង្វេង «បើអ្នកណាអោយគេបរិភោគឆ្អែត ពួកគេនឹងថ្លែងទំនាយថា មានសេចក្ដីសុខហើយ។ តែបើមិនឲ្យអ្វីបរិភោគទេ ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នក។
6ហេតុនេះមានតែយប់ងងឹត នឹងលែងឃើញនិមិត្តហេតុអស្ចារ្យទៀតហើយ សម្រាប់អ្នករាល់គ្នា។ ហើយមានភាពងងឹតដល់អ្នករាល់គ្នា ដើម្បីមិនឲ្យអ្នករាល់គ្នាអាចថ្លែងទំនាយឡើយ។ ព្រះអាទិត្យនឹងលិចបាត់ពីពួកព្យាការីទៅ ហើយថ្ងៃនឹងងងឹតសូន្យដល់គេ។
7ពួកគ្រូទាយនឹងត្រូវខ្មាស ហើយពួកព្យាការីនឹងទាល់គំនិត។ គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ»។
8តែចំណែកខ្ញុំ គឺខ្ញុំបានពេញជាព្រះចេស្តា ដោយសារព្រះវិញ្ញាណនៃព្រះអម្ចាស់ព្រមទាំងសេចក្ដីយុត្តិធម៌ និងអំណាច ដើម្បីនឹងថ្លែងប្រាប់ឲ្យពូជពង្សយ៉ាកុបស្គាល់អំពើរំលង ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន។
9ចូរស្តាប់សេចក្ដីនេះចុះ ឱពួកអ្នកដឹកនាំនៃពូជវង្សយ៉ាកុបអើយ និងពួកអ្នកគ្រប់គ្រងលើវង្សអុីស្រាអែលអើយ អ្នករាល់គ្នាដែលខ្ពើមសេចក្ដីយុត្តិធម៌ ហើយកែប្រែឲ្យសេចក្ដីត្រឹមត្រូវ។
10អ្នករាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម ហើយក្រុងយេរូសាឡិមដោយសេចក្ដីជិះជាន់សង្កត់សង្កិនគេ។
11ពួកអ្នកដឹកនាំរបស់អ្នកតែងតែជំនុំជម្រះដោយចង់បានសំណូក ពួកបូជាចារ្យ បង្រៀនដោយចង់បានកម្រៃ ហើយពួកព្យាការីរបស់អ្នក ក៏ថ្លែងទំនាយដោយចង់បានប្រាក់កាស។ ប៉ុន្តែ គេពឹងផ្អែកលើព្រះអម្ចាស់ ដោយពាក្យថា «ព្រះអម្ចាស់គង់នៅកណ្ដាលយើងរាល់គ្នាទេ គ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ»។
12ដូច្នេះដោយព្រោះអ្នករាល់គ្នា ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។