1ឥឡូវនេះ ពួកខ្មាំងសត្រូវមកសមរភូមិ ដើម្បីធ្វើការហ៊ុមព័ទ្ធច្បាំងជំុវិញទីក្រុង ហើយគេយករំពាត់វាយលើថ្ពាល់មេដឹកនាំរបស់អុីស្រាអែល។
2តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ទោះឯងមានចំនួនតូចជាងគេក្នុងចំណោមអំបូរទាំងប៉ុន្មានរបស់ស្រុកយូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះនឹងត្រូវឡើងជាអ្នកគ្រប់គ្រងលើអុីស្រាអែល ដែលមានដើមកំណើតតាំងពីបុរាណដ៏យូរលង់។
3ដូច្នេះ ព្រះអម្ចាស់នឹងបោះបង់ពួកគេមួយរយៈសិន រហូតដល់ស្រ្តីជាមាតាសម្រាលបានកូននោះមក ហើយបងប្អូនឯទៀតរបស់គេ នឹងបានវិលត្រឡប់ជាពួកកូនចៅអុីស្រាអែលវិញ។
4អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារព្រះចេស្តានៃព្រះអម្ចាស់ និងឫទ្ធានុភាពរបស់ព្រះនាមព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ ត្បិតចាប់ពីពេលនេះទៅ អ្នកនោះនឹងមានអំណាចឧត្តុងឧត្តមរហូតដល់ចុងផែនដីបំផុត។
5ហើយអ្នកនោះនឹងបានជាស្ដេចនៃសេចក្ដីសុខសាន្ត។ ប្រសិនបើពួកអាសស៊ើរលុកលុយចូល ក្នុងស្រុករបស់ពួកយើង ហើយវាយដល់កំពែងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ឲ្យទៅប្រយុទ្ធនឹងពួកគេ។
6មេដឹកនាំទាំងនោះ នឹងដឹកនាំស្រុកអាសស៊ើរ និងស្រុកនីមរ៉ូឌនៅត្រង់ទ្វារស្រុករបស់គេ ដោយប្រើអាវុធ។ អ្នកនោះនឹងដោះឲ្យយើងរួចពីពួកជនជាតិអាសស៊ើរ ក្នុងពេលដែលគេទន្ទ្រានចូលក្នុងស្រុកយើង។ ឬបើកាលណាគេដាក់ជើងជាន់ក្នុងព្រំប្រទល់ស្រុករបស់យើង។
7គ្រានោះកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនៅកណ្ដាលជនជាតិជាច្រើន ដូចជាទឹកសន្សើមមកពីព្រះអម្ចាស់ ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្ស ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ។
8កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនៅកណ្ដាលប្រជាជាតិដទៃ គឺនៅក្នុងចំណោមមនុស្សជាច្រើន ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ីជាដុំៗ ដោយឥតមាននរណាម្នាក់អាចរំដោះឲ្យរួចបានឡើយ។
9ចូរលើកដៃអ្នកឡើង ដាក់លើខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវបំផ្លាញ។
10ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់ឯង ហើយយើងនឹងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មានរបស់ឯងដែរ។
11យើងនឹងដកទីក្រុងនានាចេញពីស្រុករបស់អ្នក និងផ្ដួលរំលំកំពែងដ៏រឹងមាំទាំងប៉ុន្មានរបស់អ្នករាល់គ្នា។
12យើងនឹងកម្ចាត់អស់ទាំងមន្តអាគមគាថាពីដៃឯងចេញ អ្នកនឹងគ្មានគ្រូធ្មប់ទៀតទេ។
13យើងនឹងបំផ្លាញរូបចម្លាក់ និងព្រះក្លែងក្លាយចេញពីកណ្ដាលពួកអ្នក។ នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនអ្នកទៀតហើយ។
14យើងនឹងរំលំបង្គោលព្រះអាសេរ៉ា របស់អ្នកចេញពីកណ្ដាលអ្នកដែរ ហើយនឹងបំផ្លាញទីក្រុងទាំងប៉ុន្មានរបស់អ្នក។
15យើងនឹងដាក់ទោស ដោយកំហឹង និងឃោរឃៅ នៅលើអស់ទាំងជនជាតិដែលមិនព្រមស្តាប់បង្គាប់»។