1សេចក្តីវេទនាដល់ពួកអ្នកដែលគិតគូរគម្រោងការទុច្ចរិត អ្នកណាដេកសញ្ជឹងគិតនៅលើដំណេករបស់ខ្លួនដើម្បីបង្កើតអំពើទុច្ចរិត។ លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ដោយព្រោះគេមានកម្លាំងនឹងធ្វើបាន។
2ពួកគេចង់បានស្រែចម្ការណា ហើយក៏ដណ្តើមយកស្រែនោះ ពួកគេចង់បានផ្ទះណា គេក៏ដណ្ដើមយកផ្ទះនោះ។ ពួកគេសង្កត់សង្កិតម្ចាស់ផ្ទះ ហើយប្លន់យកផ្ទះ និងរឹបអូសយកមរតករបស់គេដែរ។
3ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងកំពុងតែរៀបចំដាក់ទោសទាស់នឹងមនុស្សប្រភេទនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនងាកកចេញបានឡើយ។ អ្នករាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
4នៅគ្រានោះ ខ្មាំងសត្រូវរបស់អ្នក គេនឹងចាប់ផ្ដើមច្រៀងលេងសើចអំពីអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល។ ដោយប្រើពាក្យថា «យើងជនជាតិអ៊ីស្រាអែលរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះអម្ចាស់បានផ្លាស់មរតករបស់ជនជាតិខ្ញុំហើយ។ ព្រះអង្គដកចេញមរតកពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ»។
5ដូច្នេះ អ្នកនឹងមិនមានកូនចៅជំនាន់ក្រោយ សម្រាប់បែងចែកទឹកដី នៅក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ឡើយ។
6ពួកគេថា «កុំថ្លែងទំនាយឲ្យសោះ»។ «ពួកគេនឹងលែងថ្លែងទំនាយដល់រឿងទាំងនេះ ហើយភាពអាម៉ាស់នឹងមិនមកដល់ឡើយ»។
7ឱពូជពង្សលោកយ៉ាកុបអើយ តើគួរតែនិយាយយ៉ាងនេះថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ខ្ញាល់ឬ? តើព្រះអង្គធ្វើការទាំងនោះឬ?» តើយើងមិននិយាយពាក្យល្អ ទៅចំពោះអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ឬ?
8ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នាដូចជាខ្មាំងសត្រូវ។ អ្នករាល់គ្នាដោះរ៉ូបសំពត់ សំលៀកបំពាក់ចេញ ពីអ្នកដែលដើរតាមផ្លូវ ដូចជាទាហ៊ានត្រឡប់មកពីសមរភូមិយ៉ាងសុខសប្បាយ។
9អ្នករាល់គ្នាបានដេញពួកស្រីៗរបស់ប្រជារាស្ត្រយើង ចេញពីផ្ទះដែលពួកគេស្រឡាញ់ ហើយដកសិរីល្អរបស់យើង ចេញពីពួកកូនតូចៗរបស់គេជានិច្ចដែរ។
10ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាកន្លែងសម្រាប់ឯងរាល់គ្នាសម្រាកទេ ព្រោះសេចក្ដីស្មោកគ្រោកបានបង្កឲ្យកើតមហន្តរាយយ៉ាងខ្លោចផ្សា។
11ប្រសិនបើមានមនុស្សណាមកកាន់អ្នកដោយភូតភរ ហើយកុហកថា «ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង» គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
12ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលអ្នករាល់គ្នាមកវិញ។ ជនជាតិអុីស្រាអែលដែលនៅសេសសល់ យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ។ យើងនឹងយកជនជាតិអុីស្រាអែលដែលនៅសេសសល់មកឲ្យនៅជាមួយគ្នា ដូចជាចៀមនៅក្នុងក្រោល នឹងហ្វូងសត្វនៅកណ្ដាលវាលស្មៅ។ ពួកគេនឹងបព្ចោញសូរអ៊ូអរយ៉ាងខ្លាំង ដោយសារមានគ្នាច្រើន។
13មានអ្នកដែលបើកផ្លូវ និងដើរនៅមុខអ្នករាល់គ្នា។ ពួកគេទម្លុះរទ្វាក្រុង ហើយចេញតាមនោះ។ ស្ដេចរបស់អ្នកពួកគេ យាងនៅមុខពួកគេ។ ហើយព្រះអម្ចាស់ក៏យាងនៅមុខគេបង្អស់។