1ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រ ទៅក្រុងរបស់ព្រះអង្គវិញ។
2មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់ ដែលដេកលើកន្ទេលមករកព្រះអង្គ។ ដោយយល់ដល់ជំនឿរបស់អ្នកទាំងនោះ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«កូនអើយ! ចូរត្រេកអរឡើង។ ខ្ញុំបានអត់ទោសកូនឲ្យរួចបាបហើយ»។
3ពេលនោះមានពួកអាចារ្យខ្លះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះកំពុងប្រមាថព្រះជាម្ចាស់!»។
4ព្រះយេស៊ូឈ្វេងយល់គំនិតពួកគេ ហើយទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះនៅក្នុងចិត្តដូច្នេះ?
5តើឃ្លាមួយណាស្រួលនិយាយជាង «ខ្ញុំបានអត់ទោសកូនឲ្យរួចពីបាប» ឬក៏ «ចូរក្រោកឡើងដើរទៅចុះ?»
6ប៉ុន្តែ អ្នកគួរដឺងថា បុត្រមនុស្សមានអំណាចអត់ទោសអំពើបាបឲ្យមនុស្សនៅក្នុងលោកនេះបាន។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ក្រោកឡើង! ចូរយកគ្រែស្នែងរបស់អ្នក ហើយដើរទៅផ្ទះវិញទៅ»។
7បន្ទាប់អ្នកខ្វិនក៏ក្រោកឡើងហើយដើរត្រឡប់ទៅផ្ទះរបស់គាត់វិញ។
8កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាច ទាំងនាំគ្នាលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។
9កាលព្រះយេស៊ូយាងពីទីនោះទៅ ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ ដែលកំពុងអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ»។ លោកម៉ាថាយក៏ក្រោកឡើង ហើយដើរតាមព្រះអង្គទៅ។
10ពេល ព្រះអង្គអង្គុយសោយព្រះស្ងោយនៅក្នុងផ្ទះ នោះមានអ្នកយកពន្ធជាច្រើន ព្រមទាំងមនុស្សបាបមកអង្គុយរួមតុអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។
11ពេលពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេក៏និយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នកបរិភោគជាមួយអ្នកយកពន្ធ និងមនុស្សមានបាបដូច្នេះ?»។
12ពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការគ្រួពេទ្យ។
13អ្នករាល់គ្នាគួររិះគិតមើលទៅ ពីសេចក្ដីទាំងនេះមានន័យយ៉ាងម៉េច «យើងចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ មិនមែនយញ្ញបូជាទេ» ព្រោះខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។
14បន្ទាប់មក ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «ហេតុអ្វីបានជាពួកយើង និងពួកខាងគណៈផារីស៊ីតែងតែតមអាហារ តែសិស្សរបស់លោកមិនតមដូច្នេះ?»។
15ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅវិញថា៖ «តើភ្ញៀវក្នុងពិធីមង្គលការអាចកាន់ទុក្ខកើតឬទេ ពេលដែលកូនកំលោះនៅជាមួយពួកគេដូច្នេះ? ប៉ុន្តែថ្ងៃមួយនឹងមកដល់ ពេលគេចាប់កូនកំលោះយកទៅ ទើបភ្ញៀវទាំងនោះនឹងតមអាហារវិញ។
16មិនដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ព្រោះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។
17ក៏មិនដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ចូលក្នុងថង់ស្បែកចាស់ដែរ។ ប្រសិនបើធ្វើដូច្នេះថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ ផ្ទុយទៅវិញ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រាទាំងថង់ស្បែកនៅគង់បាន»។
18កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលការទាំងនេះទៅកាន់គេ ហើយមាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «កូនស្រីរបស់ខ្ញុំទើបនឹងស្លាប់ថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងនឹងមានជីវិតរស់វិញពុំខាន»។
19បន្ទាប់មកព្រះយេស៊ូក្រោកឡើង ហើយយាងទៅជាមួយគាត់ ពួកសិស្សក៏ទៅជាមួយព្រះអង្គដែរ។
20មានស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាម អស់រយះពេលដប់ពីរឆ្នាំមកហើយ មកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គ
21ដ្បិតនាងបានគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់អាវលោក ខ្ញុំនឹងជាពីជំងឺមិនខាន»។
22ព្រះយេស៊ូបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរមានចិត្តក្លាហានឡើង ជំនឿរបស់កូនបានប្រោសកូនឲ្យជាហើយ»។ ស្ត្រីធ្លាក់ឈាមក៏បានជាសះស្បើយនៅពេលនោះទៅ។
23កាលព្រះយេស៊ូយាងចូលក្នុងផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងខ្លុយ និងឃើញមនុស្សម្នាជ្រួលច្របល់។
24ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ ប៉ុន្តែពួកគេសើចចំអកដាក់ព្រះអង្គ។
25ពេលព្រះអង្គដេញពួកគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ហើយចាប់ដៃក្មេងស្រីនោះ បន្ទាប់មកនាងក៏ក្រោកឡើង។
26ដំណឹងនេះលេចឮពាសពេញក្នុងតំបន់នោះទាំងមូល។
27កាលព្រះយេស៊ូយាងចេញពីទីនោះទៅ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គ ពួកគេស្រែកថា៖ «សូមអាណិតមេត្តាដល់យើងខ្ញុំផង ព្រះរាជវង្សព្រះបាទដាវីឌអើយ!»។
28ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ មនុស្សខ្វាក់ទាំងពីរនោះចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរនោះថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើការនេះបានឬទេ?»។ ពួកគេទូលព្រះអង្គវិញថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។
29បន្ទាប់មកព្រះយេស៊ូក៏ពាល់ភ្នែកអ្នកទាំងពីរនោះ ទាំងមានព្រះបន្ទូលថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។
30ពេលនោះ ភ្នែករបស់ពួកគេក៏បានមើលឃើញ។ ក្រោយមកព្រះយេស៊ូហាមពួកគេយ៉ាងតឹងតែងថា៖ «កុំឲ្យនរណាដឹងសោះឡើយ»។
31ប៉ុន្តែ បុរសទាំងពីរនោះចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹងពាសពេញស្រុក។
32លុះដល់អ្នកទាំងពីរចេញផុតទៅហើយ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។
33ពេលព្រះអង្គដេញអារក្សចេញហើយ មនុស្សគនោះក៏អាចនិយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងនិយាយថា៖ «មិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលពីមុនឡើយ»។
34ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញអារក្សបាន មកពីអារក្សប្រគល់អំណាចឲ្យគាត់ទេ»។
35ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ព្រះអង្គបន្តបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ និងប្រោសអ្នកជំងឺ គ្រប់ប្រភេទឲ្យបានជាផង។
36កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតពួកគេណាស់ ព្រោះអ្នកទាំងនោះល្វើយ និងធ្លាក់ទឹកចិត្តពួកគេ ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។
37ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ ប៉ុន្តមានអ្នកច្រូតតិចពេក។
38ហេតុនេះ ចូរអធិស្ឋានទៅព្រះអម្ចាស់ដែលជាម្ចាស់ស្រែ សូមទ្រង់ចាត់អ្នកច្រូតមកក្នុងស្រែរបស់ព្រះអង្គ»។