ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូបរបស់ព្រះអង្គ​មក ហើយទ្រង់​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ អាចដេញវិញ្ញាណអាក្រក់ចេញ ​មាន​អំណាច​ប្រោស​ជំងឺរោគា​ និង​អ្នក​ជំងឺគ្រប់​ប្រភេទ​ឲ្យ​បាន​ជា​សះស្បើយ។
2ឈ្មោះសាវក​ទាំង​ដប់ពីរ​មាន​​ដូច​ត​ទៅ អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុបជាកូនរបស់លោកសេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ​
3ភីលីព និង​បារថូឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ និង​ថាដេ
4ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែលក្បត់​ព្រះអង្គ។
5ព្រះយេស៊ូ​ចាត់​បញ្ជូនសិស្សទាំង​ដប់ពីរ​រូប​​ឲ្យចេញទៅ​ទាំងមានការ​ផ្ដែផ្ដាំ​ថា៖ «កុំ​ទៅ​កន្លែងដែល​សាសន៍​ដទៃ​រស់នៅឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុងក្រុង​របស់​ជន​ជាតិ​សាម៉ារី​ដែរ
6តែ​ត្រូវ​ទៅ​ស្វែង​រក​ចៀម​ដែល​វង្វេង​ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​នោះ​វិញ។
7ពេល​អ្នកធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ប្រាប់គេថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​មក​ជិត​បង្កើយ​ហើយ។
8ចូរ​មើលអ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ប្រោស​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត និងដេញ​អារក្ស​។ អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។
9កុំ​យកមាស​ប្រាក់ ឬ​លុយ​កាក់​ដាក់​ក្នុង​ថង់​ឡើយ
10កុំ​យក​កាបូបស្ពាយ កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​តាមខ្លួន ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​​ទទួល​ម្ហូប​អាហារបរិភោគ។
11នៅ​ក្នុង​ក្រុង​​ ឬ​ភូមិណា​មួយ​ដែលអ្្នកចូរ អ្នកត្រូវ​រក​អ្នក​ដែល​សក្តិសមហើយទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​ដែលអ្នក​ចាកចេញ​ពី​ទី​នោះ។
12ពេល​អ្នកចូល​ទៅ​ក្នុង​ផ្ទះ​ណា​ត្រូវ​ជម្រាបសួរ​អ្នក​ផ្ទះ​នោះ
13ប្រសិន​បើ​អ្នក​ផ្ទះ​នោះមានការគួរ​សម នោះ​សូមឲ្យសេចក្ដី​សុខសាន្តរបស់អ្នក​កើត​មាន​ដល់​គេ ។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិនទទួលអ្នក​ទេ សូមឲ្យក្តី​សុខសាន្ត​របស់អ្នកមកវិញ​ចុះ។
14បើសិន​​អ្នកណាមិន​ព្រម​ទទួល​អ្នក​ ឬ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នកទេនោះ ពេលអ្នកចាកចេញ​ពី​ផ្ទះ​ ឬ​ពី​ក្រុង​នោះ ត្រូវ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​​។
15ខ្ញុំ​សុំ​ប្រាប់អ្នក​រាល់​គ្នា​ឲ្យ​​ដឹង​ប្រាកដថា ការ​វិនិច្ឆ័យ​ទោស​មនុស្្សក្នុង​ក្រុង​សូដុម និង​​ក្រុង​កូម៉ូរ៉ា នោះ​ទទួល​ទោស​ស្រាល​ជាង​អ្នក​នៅក្នុងក្រុង​នេះទៅទៀត។
16ខ្ញុំ​ដឹងថា ខ្ញុំចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​ក្នុងកណ្ដាល​ហ្វូង​ចចកអ៊ីចឹងដែរ។ ហេតុ​នេះ ត្រូវ​មានប្រាជ្ញា​ដូចជា​សត្វ​ពស់ ហើយ​មាន​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។
17ចូរ​ប្រយ័ត្ននឹង​មនុស្ស​លោក​! ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​​ទៅ​តុលា​ការ គេ​នឹងវាយអ្នកនឹង​​រំពាត់​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់ពួក​គេ។
18បន្ទាប់មកគេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ឲ្យ​លោក​ទេសាភិបាល និង​ឲ្យស្ដេច​នានា​កាត់​ទោស ដោយព្រោះ​តែ​​ខ្ញុំ។ អ្នក​រាល់​គ្នាត្រូ​វធ្វើបន្ទាល់​ដល់​ពួក​គេ និងឲ្យ​សាសន៍​ដទៃបាន​ឮ​ផង។
19ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ ចូរ​កុំ​ព្រួយបារម្ភ​នឹងរក​ពាក្យណា ​ដែល​អ្នក​គួរ​និយាយ​​នោះ​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទានពាក្យឲ្យអ្នកត្រូវនិយាយ នៅពេលនោះ។
20ដ្បិត មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​នឹងនិយាយ គឺ​ព្រះវិញ្ញាណ​នៃ​ព្រះបិតា​ដែល​នឹង​មាន​ព្រះបន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។
21បង​ប្អូន​នឹង​ចាប់​បញ្ជូន​បងប្អូនខ្លួនឯង ទៅ​ឲ្យ​គេ​សម្លាប់​ ហើយឪពុក​នឹង​ចាប់​បញ្ជូន​កូនខ្លួនឯង​ទៅ​ឲ្យ​គេ​សម្លាប់ដែរ។ ​កូនៗ​នឹងនាំ​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយរបស់ខ្លួន ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យគេ​សម្លាប់​ទៀត​ផង។
22មនុស្ស​​នឹង​ស្អប់​អ្នក ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នកនោះនឹងបាន​ទទួលការសង្គ្រោះ​។
23ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ប្រសិន​បើ​គេ​បៀតបៀន​អ្នក​​នៅ​ក្រុងនេះ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ នោះអ្នក​រាល់​គ្នានឹងមិន​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មានក្នុង​ស្រុក​អ៊ីស្រាអែលទេ​ មុនពេលបុត្រ​មនុស្សមក​ដល់។
24​​សិស្សមិនដែល​ចេះ​ជាង​គ្រូ​ឡើយ ហើយ​អ្នកបម្រើក៏​ពុំ​ដែល​​ធំ​ជាង​ម្ចាស់​ដែរ។
25បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ និងអ្នក​បម្រើបាន​ដូច​ម្ចាស់ នោះ​វាល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ហៅ​ឈ្មោះ​ម្ចាស់​ផ្ទះនោះ​ថា បេលសេប៊ូល​ គេ​មុខ​ជា​ហៅ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀតជា​មិន​ខាន។
26ចូរកុំ​ខ្លាច​និងពួក​អ្នក​ទាំង​នោះ​ឡើយ ពីព្រោះគ្មានការ​លាក់​កំបាំង​ណាដែល មិន​បើក​ឲ្យ​គេ​ឃើញ ហើយក៏គ្មាន​អាថ៌កំបាំង​ណាដែល ​មិនបង្ហាញឲ្យគេដឹងដែរ។
27ការអ្វីដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ឮក្នុង​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើដំបូល​ផ្ទះ។
28កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ តែ​មិន​អាច​សម្លាប់​ព្រលឹងអ្នក​បាន​នោះ​ឲ្យសោះ គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ដែលអាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បានវិញ។
29តើមិនមែន​ចាប​ពីរ ​គេ​លក់​ថ្លៃ​មួយ​សេនឬអី? តែគ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី ហើយ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​មិន​ដឹងនោះឡើយ។
30សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។
31ចូរ​​កុំភ័យ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត។
32ដូច្នេះអ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ។
33ប៉ុន្តែ​អ្នក​ណា​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​ ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ដែរ។
34កុំ​នឹក​ថា ខ្ញុំ​មក​នេះដើម្បី​នាំ​យក​សន្តិភាព​មក​ផែនដី​ឡើយ។ ខ្ញុំ​មិនបាន​​នាំ​សន្តិភាព​មក​ទេ តែ​ខ្ញុំ​នាំដាវមកវិញ​។
35ដ្បិតខ្ញុំ​មកដើម្បីធ្វើ​ឲ្យ​កូនប្រុស​ប្រឆាំងជាមួយ​ឪពុកខ្លួន កូន​ស្រី​ប្រឆាំងជាមួយ​ម្ដាយខ្លួន និងកូន​ប្រសា​ស្រី​ប្រឆាំងជាមួយ​ម្ដាយ​ក្មេក។
36សត្រូវរបស់មនុស្សគឺជាអ្នក​ដែលរស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។
37អ្នក​ណា​ដែលស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សក្តិសម​​ជា​សិស្ស​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិនសក្តិ​សម​​ធ្វើ​ជា​សិស្ស​​ខ្ញុំ​ដែរ។
38អ្នក​ណា​មិន​លីឈើ​ឆ្កាង​របស់​ខ្លួន ដើរ​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិនសក្តិ​សម​ធ្វើ​ជា​សិស្ស​ខ្ញុំ​ឡើយ។
39អ្នក​ណា​ចង់​ស្វែងរក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិតវិញ រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ។
40អ្នក​ណា​ដែលទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ។
41អ្នក​ណា​ទទួល​ព្យាការី​ម្នាក់ព្រោះគាត់​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត​ម្នាក់ ​ព្រោះគាត់​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិតដែរ។
42អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់មួយកែវ ​ដល់​អ្នក​តូចតាច​ម្នាក់​ផឹក ព្រោះគាត់​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​មិនបាត់​រង្វាន់គាត់ឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។