ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 8

Read Scripture freely. Divine Threads study for this chapter is coming later.

1កាល​ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​ មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ។
2ពេលនោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គដោយ​ទូល​ថា៖ «ព្រះអ​ម្ចាស់​អើយ! ប្រសិន​បើ​ព្រះអង្គសព្វព្រះហឬទ័យ សូម​ប្រោស​ទូលបង្គំឲ្យ​ជា​ស្អាត​ផង។
3ព្រះយេស៊ូ​លូក​ព្រះហស្តទៅ​ពាល់​គាត់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «យើងសព្វព្រះហឬទ័យ ចូរ​ឲ្យ​បាន​ជា​ស្អាត​​ចុះ។ ភ្លាមនោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​។
4ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹងពីការនេះ​ឡើយ តែត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​ដូចដែល​លោក​ម៉ូសេបាន​បង្គាប់ចុះ ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា ​អ្នកពិតជា​បាន​ជាប្រាកដ​មែន។
5កាល​ ព្រះយេស៊ូ​បានយាង​ចូល​ក្រុង​កាពើណិម នោះមាន​មេទ័ព​ម្នាក់ ចូល​មក​គាល់​ព្រះអង្គទាំងទូលអង្វរ​ថា៖
6«ព្រះអម្ចាស់​អើយ! អ្នក​បម្រើរបស់​ទូលបង្គំ​ដេក​ស្ដូកស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​មានការឈឺ​​ចាប់​យ៉ាង​ខ្លាំង។
7ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​បាន​ជា»។
8មេទ័ពនោះ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់ហើយ ទូលបង្គំ​ មិនសក្តិ​សម​ ឲ្យព្រះអង្គ​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់គ្រាន់​តែមានព្រះបន្ទូល​ប៉ុណ្ណោះ អ្នក​បម្រើរបស់​ទូលបង្គំ​នឹង​ជា​សះស្បើយ​មិន​ខាន។
9ទូលបង្គំ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ទូលបង្គំប្រាប់​អ្នក​បម្រើឲ្យធ្វើ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។
10ពេល​ព្រះយេស៊ូ​​ព្រះសណ្ដាប់ឮ​ដូច្នេះ​ ទ្រង់​ស្ងើច​សរសើរ​ ហើយក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់ឲ្យ​អ្នក​រាល់​គ្នា​ដឹងប្រាកដថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ។
11ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន មកពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មកអង្គុយជាមួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុបក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។
12ប៉ុន្តែកូនប្រុសៗរបស់​ព្រះរាជ្យនោះ នឹងត្រូវបោះចេញ​ទៅ​ក្នុង​ទីងងឹត ជា​កន្លែង​ដែល​មានការយំ​សោក ខឹង​សង្កៀត​ធ្មេញ។
13ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មេទ័ពរ៉ូម៉ាំង​ថា៖ «អញ្ជើញ​​ទៅ​វិញ​ទៅចុះ សុំ​ឲ្យ​បាន​សម្រេច​តាមពាក្យដែលលោកជឿចុះ!»។ អ្នក​បម្រើ​ក៏​បាន​ជា​សះស្បើយ​នៅ​ពេល​នោះឯង។
14ពេលព្រះយេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទ្រង់ទត​ឃើញ​ម្ដាយ​ក្មេក​របស់លោកពេត្រុស​កំពុង​គ្រុនក្តៅ​សម្រាន្ដ​នៅ​លើ​គ្រែ។
15ព្រះអង្គ​ពាល់​ដៃ​គាត់ ហើយគាត់​ក៏​បាត់​គ្រុន បន្ទាប់មកគាត់ក៏​ក្រោក​ឡើងហើយ​បម្រើ​ព្រះអង្គ។
16លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​ដែលមានអារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ។ ទ្រង់​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយមាន​ព្រះបន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​គ្រប់ៗ​គ្នា។
17ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ទ្រង់​បាន​ទទួល​យក​អស់ទាំងរោគា និង​ជំងឺ​របស់​យើងមកផ្ទុកលើព្រះអង្គ»​។
18កាល​ព្រះយេស៊ូ​ឃើញ​បណ្ដាជន​ចោមរោម​ព្រះអង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាងនៃសមុទ្រកាលីឡេ។
19បន្ទាប់មក មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។
20ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សី​នៅលើមេឃក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែរីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាប់សម្រាក​សោះ​ឡើយ»។
21មាន​សិស្ស​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុករបស់ខ្ញុំ​សិន»។
22ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​​មក​តាម​ខ្ញុំចុះ ទុក​ឲ្យមនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។
23ពេលព្រះយេស៊ូ​យាង​ចុះ​ទូកហើយ​ ពួក​សិស្ស​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។
24ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង ធ្វើឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះយេស៊ូ​វិញក៏​ផ្ទំ​លក់។
25ពួក​សិស្ស​ចូល​ទៅ​ជិត​ ហើយ​ដាស់​ព្រះអង្គ​៖ «សូម​ជួយ​យើងផងលោក​ម្ចាស់​អើយ យើង​ស្លាប់​ឥឡូវ​ហើយ»។
26ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិតភ័យ​ដូច្នេះ មនុស្ស​មាន​ជំនឿ​តិច​អើយ?»។ បន្ទាប់មកព្រះអង្គ​ក្រោក​​ឡើង ហើយមាន​ព្រះបន្ទូល​គំរាម​ខ្យល់​ និង​សមុទ្រ ពេល​នោះសមុទ្រ​ក៏​ស្ងប់ឈឹង។
27ពួក​គេ​នាំ​គ្នា​ស្ងើច​សរសើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី សូម្បីតែ​ខ្យល់​ និង​សមុទ្រ ក៏ស្ដាប់​បង្គាប់​លោក​ដូច្នេះ?។
28កាល​ព្រះយេស៊ូ​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ាស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ជួបព្រះអង្គ ពួកគេចេញ​ពី​ទី​បញ្ចុះ​សពមក ហើយបុរស​ទាំង​ពីរ​នោះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។
29បុរសទាំង​ពីរនោះ​ស្រែក​ឡើង​ថា៖ «តើយើងបានធ្វើអីព្រះអង្គ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​អើយ? តើព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?។
30មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​ ដែលនៅ​ឆ្ងាយ​ពីទីនោះបន្តិច។
31ពួក​អារក្ស​អង្វរ​ព្រះយេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​ពួកយើងចេញ ​សូម​បញ្ជូន​ពួកយើង​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។
32ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ហើយចូល​ទៅ​ក្នុង​ហ្វូងជ្រូកទៅ។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ​តម្រង់​ទៅ​សមុទ្រ ​ហើយ​ងាប់នៅក្នុងទឹកអស់​ទៅ។
33ពួកអ្នក​ថែរក្សា​ហ្វូង​ជ្រូក​រត់ទៅប្រាប់​អ្នក​រស់នៅក្នុងក្រុង ពី​រឿង​អស់​ទាំង​នេះ​ ព្រម​ទាំង​ហេតុការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។
34អ្នក​ក្រុងទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះយេស៊ូ លុះ​ពេលគេបាន​ឃើញ​ព្រះអង្គហើយ គេ​អង្វរ​ព្រះអង្គ​ឲ្យចាក​ចេញ​ពី​ស្រុក​ភូមិ​របស់ពួក​គេទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។