ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 7

Read Scripture freely. Divine Threads study for this chapter is coming later.

1មិនត្រូវថ្កោលទោសគេឡើយ ដើម្បី​កុំ​ឲ្យគេ​ថ្កោល​ទោស​អ្នក​រាល់​គ្នាវិញដែរ។
2ដ្បិត បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា​​ នោះគេក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ហើយគេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃដែរ។
3ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេចធូលី​នៅ​ក្នុង​ភ្នែក​បង​ប្អូនរបស់អ្នក ប៉ុន្តែមិនមើល​​ធ្នឹមដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?
4ម្តេចក៏អ្នកនិយាយទៅកាន់បងប្អួនអ្នកថា ឲ្យខ្ញុំយកកំទេចធូលីនៅក្នុងភ្នែករបស់ឯងចេញទៅ តែក្នុងភ្នែកខ្លួនឯងនៅមាន​ធ្នឹម​ដូច្នេះ?
5មនុស្ស​មាន​ពុត​អើយ! ត្រូវយក​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ដើម្បី​នឹង​ផ្ដិត​យក​កំទេច​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​របស់អ្នក​បាន។
6កុំ​យក​​របស់​ដែលវិសុទ្ធ ទៅ​ឲ្យសត្វ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​គុជរ​របស់​អ្នក​​នៅ​មុខសត្វ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​បែរ​មក​ហែក​ខាំ​អ្នក​រាល់​គ្នា​ជាដំុៗវិញ។
7ចូរ​សុំ នោះ​អ្នកនឹងបានទទួល ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ​ នោះ​ទ្វារនឹងបើកឲ្យអ្នក​ជា​ពុំខាន។
8ព្រោះអ្នក​ណា​សុំ អ្នក​នោះ​នឹង​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​នឹង​បាន​ឃើញ ហើយ​អ្នកណាគោះ ទ្វារនឹងបើកឲ្យអ្នកនោះ។
9ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិនកូន​សុំ​នំបុ័ង​តេីអ្នកនឹង​ដុំ​ថ្មទៅ​វាឬអី?​
10ហើយប្រសិន​បើ​កូន​សុំ​ត្រី តេីអ្នកនឹងឲ្យពស់​អសិរពិស​ទៅវាឬអី?
11បើអ្នក​រាល់​គ្នាដែល​ជា​មនុស្ស​អាក្រក់ ក៏ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូនដូច្នេះ ចុះ​ចំណង់​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នាដែល​គង់​នៅ​ស្ថាន​បរមសុខ តើ​ព្រះអង្គ​នឹង​ឲ្យរបស់​ល្អៗ​ដល់​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត?
12ដូច្នេះ បើ​អ្នកចង់​ឲ្យគេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា អ្នកត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ ដ្បិតនេះជាក្រឹត្យ​វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មកស្រាប់​។
13ចូរនាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀតចុះ ដ្បិត​ទ្វារធំទូលាយនាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ ហើយមាន​មនុស្ស​​ច្រើនណាស់​ចូល​តាម​ទ្វារ​នោះ។
14រីឯ​ទ្វារ​ចង្អៀត និងផ្លូវពិបាកវិញនាំ​ទៅ​រក​ជីវិត មាន​មនុស្ស​តិច​ណាស់​រក​ផ្លូវ​នោះ​ឃើញ។
15ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការីក្លែងក្លាយ គេ​​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​ចិត្តរបស់គេវិញសាហាវ​ដូច​ឆ្កែចចកអ៊ីចឹង។
16អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ តាម​ផលផ្លែដែលគេបានធ្វើ។ តើដែលមានមនុស្សណា​បេះ​ផ្លែ​ទំពាំងបាយជូរ ពីគុម្ភបន្លា ឬ​ផ្លែ​ឧទុម្ពរ ពី​ដើមដំបងយក្សឬទេ?
17ដូច្នេះ ដើម​ឈើ​ល្អ​តែងតែ​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ តែងតែ​ផ្ដល់​ផ្លែ​អាក្រក់ដែរ។
18ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់នោះ​ទេ រីឯ​ដើម​ឈើ​អាក្រក់វិញ​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។
19ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ នឹងត្រូវ​កាប់ចោល ហើយ​យក​ទៅ​ដុតក្នុងភ្លើង។
20ដូច្នេះ អ្នករាល់គ្នានឹងស្គាល់​អ្នកទាំងនោះបានដោយសារ​អំពើ​ដែល​គេ​ប្រព្រឹត្តដែរ។
21មិនមែនអ្នកដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា «ព្រះអម្ចាស់! ព្រះអម្ចាស់!» នឹងអាចចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខបាននោះឡើយ ប៉ុន្តែមានតែអ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ប៉ុណ្ណោះទើបអាចចូលបាន។
22មាន​មនុស្ស​ជា​ច្រើន​នឹងពោល​មក​ខ្ញុំនៅថ្ងៃនោះ​ថា «ព្រះអម្ចាស់ ព្រះអម្ចាស់​អើយ!​ តើយើង​ខ្ញុំមិន​ធ្លាប់បាន​ថ្លែងទំនាយ​ ​ដេញ​អារក្ស​ ហើយនិង​​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើនក្នុង​នាម​ព្រះអង្គ​ដែរទេឬអី?”។
23នៅពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់គេ​ថា យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរ​ថយ​ចេញ​ឲ្យឆ្ងាយ​ពី​យើងទៅ «ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ!» ។
24ដូច្នេះអ្នក​ណា​ដែលឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ​អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​​ថ្មដា។
25ទោះ​បីមាន​ភ្លៀងធ្លាក់​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​​ប៉ះ​​ផ្ទះ​នោះ​ខ្លាំងយ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ ព្រោះ​វាបានចាក់​គ្រឹះ​នៅ​លើ​​ថ្មដា។
26អស់​អ្នកណា​ដែលឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នកនោះប្រៀប​បាន​ទៅ​នឹង​មនុស្ស​​ល្ងង់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់។
27ពេល​មានភ្លៀងធ្លាក់​ចុះ​មក ហើយ​មាន​ទឹក​ជន់​ មាន​ខ្យល់​បក់​ប៉ះ​​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់ទេ។
28កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ពីសេចក្តីទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ មហាជនមានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។
29ពីព្រោះ​ព្រះអង្គ​បង្រៀនដល់ពួកគេ​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យដែលបានបង្រៀន​។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។