1ចូរប្រុងប្រយ័ត្្នកំុធ្វើទាននៅមុខមនុស្សម្នា ដើម្បីឲ្យតែមនុស្សឃើញនោះឡើយ។ ការធ្វើបែបនេះអ្នករាល់គ្នានឹងមិនបានរង្វាន់ពីព្រះបិតា ដែលគង់នៅស្ថានបរមសុខនោះទេ។
2ដូច្នេះពេលណាអ្នកឲ្យទានដល់គេ កុំស្រែកប្រកាសឲ្យគេដឹង ដូចជាពួកមានពុតដែលតែងតែធ្វើនៅសាលាប្រជុំ ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សលោកកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងប្រាកដថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
3ប៉ុន្តែ កាលណាដៃស្ដាំអ្នកធ្វើទាន នោះកំុឲ្យដៃឆ្វេងដឹងថាដៃស្តាំធ្វើទាននោះឡើយ
4ដើម្បីឲ្យទានរបស់អ្នកនៅទីស្ងាត់កំបាំង នោះព្រះបិតារបស់អ្នក ដែលទតឃើញពីទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នករាល់គ្នាជាមិនខាន។
5ពេលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចមនុស្សមានពុត ដែលចូលចិត្តឈរអធិស្ឋាន ក្នុងសាលាប្រជុំ និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យដឹងប្រាកដថាពួកអ្នកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។
6ប៉ុន្តែកាលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយអធិស្ឋានទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតាដែលទតឃើញពីទីស្ងាត់កំបាំងមក ព្រះអង្គនឹងប្រទានរង្វាន់មកអ្នករាល់គ្នាជាពុំខាន។
7ពេលអ្នកអធិស្ឋាន កុំពោលពាក្យច្រំដែលៗ ដូចសាសន៍ដទៃនោះឡើយ។ ព្រោះគេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះជាម្ចាស់នឹងសណ្តាប់ពាក្យអធិស្ឋានរបស់គេ។
8ដូច្នេះ កុំធ្វើដូចពួគគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាព្រះអង្គជ្រាបពីអ្វីៗ ដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
9ដូច្នេះត្រូវអធិស្ថានបែបដូច្នេះ ឱព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ! សូមឲ្យមនុស្សលោកស្គាល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។
10សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដីដូចជានៅស្ថានបរមសុខដែរ។
11សូមប្រទានអាហារដល់យើងខ្ញុំនៅថ្ងៃនេះ។
12សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោសឲ្យគេដែរ។
13សូមកុំឲ្យយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារកំណាចវិញ។
14បើអ្នកអត់ទោសឲ្យគេ ព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ ក៏អត់ទោសឲ្យអ្នកដែរ។
15ប៉ុន្តែ បើអ្នកមិនអត់ទោសឲ្យគេទេនោះ ព្រះបិតារបស់អ្នកក៏មិនអត់ទោសឲ្យអ្នកដែរ»។
16ជាងនេះទៅទៀត ពេលណាអ្នកតមអាហារ កុំធ្វើមុខក្រៀមដូចអ្នកមានពុតនោះឡើយ។ ពីព្រោះពួកគេបង្ហាញទឹកមុខដើម្បីឲ្យអ្នកដទៃឃើញថា គេតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងប្រាកដថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
17ប៉ុន្តែរីឯអ្នករាល់គ្នាវិញ ពេលណាអ្នកតមអាហារ ត្រូវលាបប្រេងនៅលើក្បាល ហើយលុបមុខផង
18ធ្វើដូចនេះកុំឲ្យគេឃើញថាអ្នកតមអាហារឡើយ គឺឲ្យតែព្រះបិតារបស់អ្នក ដែលគង់ក្នុងទីស្ងាត់ឃើញប៉ុណ្ណោះ ហើយព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់ នឹងប្រទានរង្វាន់ឲ្យអ្នកជាមិនខាន។
19កុំសន្សំទ្រព្យទុកសម្រាប់ខ្លួន នៅផែនដីដែលជាកន្លែងមានកណ្ដៀរ និងច្រេះស៊ី និងជាកន្លែង ដែលចោរអាចទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឡើយ។
20ផ្ទុយទៅវិញ ត្រូវប្រមូលទ្រព្យទុកនៅស្ថានបរមសុខវិញ ជាកន្លែងគ្មានកណ្ដៀរ និងច្រេះស៊ី និងជាកន្លែងគ្មានចោរចូលមកលួចប្លន់ឡើយ
21បើទ្រព្យរបស់អ្នកនៅទីណា ចិត្តរបស់អ្នកក៏នៅទីនោះដែរ។
22ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺល្អដែរ
23ប៉ុន្តែ បើភ្នែករបស់អ្នកងងឹត នោះរូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ បើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតទៅហើយ តើសេចក្ដីងងឹតនោះ នឹងទៅជាសូន្យសុង ដល់កំរិតណាទៅ!
24គ្មានអ្នកណាអាចបម្រើម្ចាស់ពីរបាននោះទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀត អ្នករាល់គ្នាក៏មិនអាចបម្រើព្រះជាម្ចាស់ផង ហើយនិងបម្រើទ្រព្យសម្បត្តិផងបាននោះឡើយ។
25ដូច្នេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ថាត្រូវបរិភោគអាហារអ្វី ឬសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ។ តើជីវិតមិនមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ដែរឬអី?
26ចូរមើលបក្សាបក្សីនៅលើមេឃ។ វាមិនសាបព្រោះ មិនច្រូតកាត់ និងមិនប្រមូលផលដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ ទ្រង់ចិញ្ចឹមវា។ តើអ្នករាល់គ្នា មិនមានតម្លៃលើសបក្សាបក្សីទាំងនោះទេឬអី?។
27ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំប្រឹងខ្វល់ខ្វាយ តើអាចបង្កើនអាយុរបស់ខ្លួនអោយវែងបានដែរទេ?
28ហេតុអ្វីបានជាអ្នកខ្វល់ខ្វាយអំពីសម្លៀកបំពាក់ដូច្នេះ? ចូរមើលទៅផ្កានៅតាមទីវាល វាដុះឡើងយ៉ាងណា។ វាមិនបានធ្វើការនឿយហត់ ឬត្បាញរវៃឡើយ។
29ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនមានគ្រប់ទាំងសិរីរុងរឿងព្រះអង្គ ក៏មិនល្អស្មើនឹងផ្កាមួយទងនេះផង។
30ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យស្មៅនៅតាមទីវាល រស់នៅថ្ងៃនេះហើយថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាលើសពីនេះ យ៉ាងណាទៅទៀត?។
31ដូច្នេះ ចូរកុំខ្វល់ខ្វាយដោយពោលពាក្យថា យើងនឹងបានអ្វីបរិភោគ និងមានអ្វីស្លៀកពាក់ឡើយ?
32ដ្បិត មានតែសាសន៍ដទៃទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ ចំណែកឯព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ ព្រះអង្គជ្រាបនូវអ្វីៗដែលអ្នកត្រូវការហើយ។
33ប៉ុន្តែត្រូវស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះឲ្យអ្នករាល់គ្នាថែមទៀតផង។
34ចូរកុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! ការលំបាកនៅថ្ងៃណា គឺល្មមគ្រប់គ្រាន់នៅថ្ងៃនោះហើយ។