ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលព្រះយេស៊ូ​​ឃើញ​មហាជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​​គង់​នៅ​ទី​នោះ ពូកសិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ
2ទ្រង់​​បង្រៀន​ពូកគេ​ដោយមានព្រះបន្ទូលថា៖
3«មានពរហើយអ្នក​ណា​ក្រខ្សត់ខាងវិញ្ញាញ ដ្បិតអ្នកនោះនឹង​​បាន​ទទួល​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។
4មានពរហើយអ្នក​ណាដែល​សោកសៅ ដ្បិត​ព្រះជាម្ចាស់​នឹង​សម្រាលទុក្ខ​ពួក​គេ។
5មានពរហើយអ្នក​ណា​មាន​ចិត្ត​ស្លូតបូត ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក។
6មានពរហើយអ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យពួក​គេ​បាន​ឆ្អែត។
7មានពរហើយអ្នក​ណា​មាន​ចិត្ត​មេត្តាករុណា ដ្បិតគេនឹងទទួលបានក្តីមេត្តាករុណា​ត្រឡប់មកវិញ។
8មានពរហើយអ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​​គេ​នឹង​ឃើញ​ព្រះជាម្ចាស់។
9មានពរហើយអ្នក​ណា​កសាង​សន្តិភាព ដ្បិត​ពួក​គេ នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះជាម្ចាស់។
10មានពរហើយអ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត ដ្បិតពួក​គេ​នឹង​ទទួល​បាន​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។
11មានពរហើយអ្នកដែលត្រូវគេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​ ព្រោះ​តែ​ខ្ញុំ។
12ចូរ​មានអំណរ និងចិត្ត​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ សូម្បីតែ​ពួក​ព្យាការី​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​​ដែរ។
13អ្នក​​ជា​អំបិលនៃផែនដី ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យវា​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ ​មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។
14អ្នក​​ជា​ពន្លឺ សម្រាប់បំភ្លឺ​ពិភពលោក។ ទោះក្រុងនៅលើភ្នំក៏មិន​អាច​លាក់​បំបាំង​បាន​ឡើយ។
15គ្មានអ្នកណា​អុជ​ចង្កៀងហើយ ​យក​ទៅដាក់ក្រោមល្អី​លើ​នោះ​ទេ គឺ​គេ​យក​ចង្កៀងនោះ​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះនឹង​បំភ្លឺ​មនុស្ស​នៅ​ក្នុង​ផ្ទះ។
16ចូរឲ្យពន្លឺ​របស់អ្នក​ បំភ្លឺ​ដល់មនុស្ស​​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​ប្រព្រឹត្ត ហើយ​សរសើរតម្កើងដល់​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ។
17កុំគិត​ថា​ខ្ញុំ​មក​ដើម្បីលុប​បំបាត់​គម្ពីរ​វិន័យ ឬ​គម្ពីរ​ព្យាការី​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ ប៉ុន្តែខ្ញុំ​មក​ដើម្បីធ្វើ​ឲ្យ​គម្ពីរ​នោះបានសម្រេច​ពេញ​លក្ខណៈ​ទៅ​វិញទេ​។
18ខ្ញុំ​​ប្រាប់អ្នករាល់​គ្នាឲ្យ​បាន​ដឹង​ច្បាស់​ថា បើ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​តែស្ថិតស្ថេរ​ជាដរាប ​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យត្រូវ​រលុបចោល​ឡើយ គឺ​រហូតដល់ការទាំងនេះបានសម្រេចសព្វគ្រប់។
19អ្នក​ណា​ល្មើស​បទ​បញ្ជា​តូច​បំផុតណាមួយ​ ហើយ​បង្រៀន​អ្នក​ផ្សេងទៀត​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូចបំផុត​ជាង​គេ ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ទៀតឲ្យធ្វើតាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។
20ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្ដី​សុចរិតរបស់​អ្នក​រាល់​គ្នា​មិន​លើស​សេចក្ដី​សុចរិត​របស់ពួក​អាចារ្យ និងពួកខាងគណៈ​ផារីស៊ី​ទេនោះ អ្នក​រាល់​គ្នាគ្មានផ្លូវ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​ឡើយ។
21អ្នក​​ធ្លាប់​ឮ​សេចក្ដី​ដែល​បាននិយាយពីជំនាន់ដើមថា៖ «កុំ​សម្លាប់​មនុស្ស»​ ហើយ «អ្នក​ណា​សម្លាប់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោសវិញ»។
22ប៉ុន្តែ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​​បង​ប្អូនខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ។ ហើយអ្នក​ណា​ជេរ​បង​ប្អូនថាជាមនុស្សឥតប្រយោជន៍ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់កាត់​ទោស ហើយ​អ្នក​ណា​ជេរគេថាមនុស្សឆ្កួត អ្នក​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។
23ដូច្នេះ ប្រសិនបើ​អ្នក​យក​តង្វាយ​មកថ្វាយលើអាសនា ហើយ​ស្រាប់តែនឹក​ឃើញ​ថាអ្នកមានទំនាស់ជាមួយ​បង​ប្អូន​ណាមួយ
24អ្នកត្រូវទុក​តង្វាយ​របស់​អ្នក នៅ​លើ​អាសនាសិន ហើយ​ទៅ​ស្រុះស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​ រួច​សូម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។
25ត្រូវស្រុះស្រូលជាមួយគួរវិវាទរបស់អ្នកសិន ពេលអ្នកធ្វើដំណើរទៅ​តុលា​ការ​ជា​មួយគ្នា ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅក្រម ហើយចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។
26ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​​ថា បើអ្នកមិន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួនឥត​ខ្វះ​មួយ​កាក់នោះទេ អ្នក​នឹង​មិនអាច​រួច​ខ្លួនបាន​ឡើយ»។
27អ្នក​​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។
28ប៉ុន្តែ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើបស្រាលជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ក្នុង​ចិត្ត​ រួច​ស្រេច​ទៅ​ហើយ។
29ប្រសិន​បើ​ភ្នែក​ស្ដាំ​អ្នក នាំ​អ្នក​ឲ្យជំពុបដួល ចូរ​ខ្វេះ​វាចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ ដ្បិតបើ​បាត់​ភ្នែក​​​ម្ខាងនោះនឹងប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។
30ប្រសិន​បើ​ដៃ​ស្ដាំ​អ្នក នាំ​អ្នក​ឲ្យ​ជំពុបដួល ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យឆ្ងាយ​ពី​អ្នក​ទៅ ដ្បិតបើ​បាត់​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។
31មានសេចក្តី​ចែង​ទុក​មក​ថា «អ្នក​ណា​លែង​ភរិយាខ្លួន ត្រូវ​ធ្វើ​លិខិត​លែងលះ​ឲ្យ​នាង»។
32រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ភរិយា​របស់​ខ្លួន (លើកលែង​តែ​អ្នកទាំងពីររស់​នៅជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ​) អ្នកនោះ​ធ្វើ​ឲ្យនាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​មករៀបការជាមួយ​នឹង​ស្ត្រី​ដែលប្ដី​លែងនោះ អ្នកនោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
33អ្នក​រាល់​គ្នា​ធ្លាប់​​ឮ​សេចក្ដី​ដែល​មាន​តែងទុកមកថា «កុំ​ក្បត់ពាក្យសម្បថ​ឡើយ​ ត្រូវ​​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះអម្ចាស់»។
34រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំយកមេឃមក​ស្បថ​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់
35ក៏​កុំ​យក​ផែនដីមកស្បថដែរ ព្រោះ​ផែនដី​ជា​កំណល់​កល់ព្រះបាទា​របស់​ព្រះអង្គ។ កុំ​យក​ក្រុងយេរូសាឡឹមមកស្បថ​ឡើយ ព្រោះ​យេរូសាឡឹម​ជា​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្តុង្គឧត្ដម។
36ក៏កុំ​ស្បថ​ដោយ​យកក្បាល​អ្នក​មកដាក់ឡើយ ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ។
37ប៉ុន្តែត្រូវ​និយាយ​ឲ្យប្រាកដ បើ «មែន» ត្រូវនិយាយថា «មែន» បើ «ទេ» ត្រូវនិយាយថា «ទេ»។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​ទាំង​អស់»។
38អ្នក​​ធ្លាប់​បាន​ឮ​សេចក្ដី​ចែង​ទុក​មក​ថា «ភ្នែកទល់និងភ្នែក ធ្មេញទល់នឹងធ្មេញ»​។
39រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​សោះឡើយ បើ​​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ត្រូវ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។
40បើ​មាន​គេប្តឹងចង់​យក​អាវ​ក្នុង​​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។
41បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយគីឡូដី ចូរ​ដើរពីរគីឡួដី​ជា​មួយ​គេ​ចុះ។
42អ្វីដែលគេ​សុំ​ពីអ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក ​ដែលចង់​សុំ​ខ្ចី​ពី​អ្នក​ដែរឡើយ។
43អ្នករាល់គ្នា​​ធ្លាប់​បាន​ឮ​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ស្រឡាញ់​បង​ប្អូន​ តែត្រូវស្អប់​ខ្មាំង​សត្រូវ​របស់អ្នក​»។
44រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​ ព្រម​ទាំង​អធិស្ថានឲ្យអ្នកដែល​បៀតបៀនដល់​អ្នក​រាល់​គ្នា​ផង។
45ដូច​្នោះ ​ទើបអ្នកសម​ជា​បុត្រ​របស់​ព្រះបិតា ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ដ្បិត​ព្រះអង្គ​ឲ្យ​ព្រះអាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ឲ្យ​ទឹក​ភ្លៀងធ្លាក់មកលើ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។
46​ដ្បិត បើ​អ្នក​រាល់​គ្នា​ស្រឡាញ់តែ​អស់​អ្នកណា​ដែល​ស្រឡាញ់ដល់​អ្នក​ តើ​​អ្នកនឹង​ទទួល​បានរង្វាន់​អ្វី? តើ​អ្នក​ទារ​ពន្ធពួកគេមិនបានប្រព្រឹត្តដូច្នេះទេឬអី?
47បើ​អ្នក​រាល់​គ្នា​រាប់អាន​តែ​បង​ប្អូន​ខ្លួន​ តើ​មាន​អ្វី​ល្អជាងគេ? តើ​សាសន៍​ដទៃ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរឬ?។
48ដូច្នេះសុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ ដូចព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ ដែលព្រះអង្គ​គ្រប់​លក្ខណ៍​​យ៉ាង​នោះ​ដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។