ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះវិញ្ញាណបាន​នាំ​ព្រះយេស៊ូ​ទៅ​វាល​រហោស្ថានដើម្បីឲ្យ​មារ​សាតាំង​ល្បួង។
2ពេលទ្រង់​បាន​តម​អាហារ​អស់​​ពេល​សែសិបយប់ ​សែសិប​ថ្ងៃ​មក ព្រះអង្គ​ក៏ចាប់ផ្តើម​ឃ្លាន។​
3មេ​ល្បួង​បានចូល​មក​រក​ព្រះអង្គ ទាំងនិយាយ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន សូមបញ្ជាឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»។
4ប៉ុន្តែ ព្រះយេស៊ូ​ឆ្លើយ​តប​ទៅ​មេ​ល្បួង​វិញ​ថា៖ «ក្នុង​គម្ពីរបាន​ចែង​ថា​ មនុស្ស​មិន​មែន​រស់​ដោយសារ​តែនំបុ័ង​ ​ប៉ុណ្ណោះ​ទេ គឺ​​រស់ដោយសារ​គ្រប់ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះជាម្ចាស់​ដែរ»។
5បន្ទាប់មក មារ​បាននាំ​ព្រះអង្គ​ទៅ​​ក្រុង​ដ៏វិសុទ្ធ ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ
6ហើយ​និយាយ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន ចូរ​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​បាន​ចែង​ថា ព្រះជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតាថែរក្សាលោក​ ចាំ​ទ្រ​លើកលោកឡើង មិន​ឲ្យជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ»។
7ព្រះយេស៊ូ​ឆ្លើយតបទៅ​មារវិញ​ថា៖ «ក្នុង​គម្ពីរ​បាន​ចែង​ទៀត​ថា អ្នកមិនត្រូវ​ល្បងល​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ​»។
8លើកនេះមារ​ក៏​នាំ​ព្រះអង្គ​ទៅ​​កន្លែងយ៉ាង​ខ្ពស់​មួយ ហើយ​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំងបង្ហាញឲ្យ​ឃើញ​ភាពរុងរឿង​របស់​នគរ​ទាំង​នោះ​ផង។
9មារ​និយាយទៅកាន់ព្រះអង្គ​ថា៖ «ខ្ញុំនឹងប្រគល់សម្បត្តិទាំងនេះឲ្យទៅលោកប្រសិន​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ!»។
10ក្រោយមកព្រះយេស៊ូ​និយាយ​ទៅកាន់​មារ​ថា៖ «ថយចេញពីទីនេះទៅសាតាំង​អើយ! ដ្បិត​ក្នុង​គម្ពីរ​បាន​ចែង​ថា អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក និង​បំរើ​តែ​ព្រះអង្គមួយ​ប៉ុណ្ណោះ»។
11ក្រោយមក មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ​រូច​មាន​ពួក​ទេវតា​នាំ​គ្នា​ចូល​មក​ និង​បម្រើព្រះអង្គ។
12កាល​ព្រះយេស៊ូ​ឮដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ឃុំឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលីឡេ។
13ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសារ៉ែត ទៅ​រស់​នៅ​ក្រុង​កាពើណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូឡូន និង​​ណែបថាលី។
14ការនេះកើតឡើងដើម្បីឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖​
15«ដែន​ដី​សាប់យូឡូន និង​​ណែបថាលី ដែល​ជា​ផ្លូវឆ្ពោះ​ទៅ​កាន់​សមុទ្រ​អើយ! ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​ដែល​ជាកន្លែងសាសន៍​ដទៃ​រស់​នៅ​អើយ!​
16ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​អស្ចារ្យ ហើយ​​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែលស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ នឹងមាន​ពន្លឺ​មួយលេច​ឡើងបំភ្លឺពួកគេ»។
17ចាប់តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ប្រកាស​និងនិយាយថា៖ «ចូរ​កែ​ប្រែ​ចិត្ត​ឡើង! ដ្បិត​ព្រះរាជ្យនៃ​ស្ថាន​បរមសុខមក​ជិត​បង្កើយ​ហើយ»។
18កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ទ្រង់​បានឃើញ​បង​ប្អូន​ពីរ​នាក់​គឺ​ស៊ីម៉ូន ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ ដែលកំពុង​តែ​បង់​សំណាញ់ ពួកគេជា​អ្នក​នេសាទ។
19ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ពួកគេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំចុះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។
20ភ្លាមនោះអ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​ចោល រួច​ដើរ​តាម​ព្រះអង្គ​ទៅ។
21កាលព្រះយេស៊ូ​យាង​ទៅ​មុខ​បន្តិច ព្រះអង្គ​​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប និង​​យ៉ូហានប្អូនរបស់គាត់ ពួកគេនៅក្នុងទូកជា​មួយឪពុករបស់ពួកគេគឺ​លោក​សេបេដេជា ដែលកំពុង​តែ​រៀបចំ​អួន។ ព្រះអង្គ​ក៏​​ហៅ​អ្នក​ទាំង​ពីរ។
22ហើយអ្នក​ទាំង​ពីរក៏​ចាក​ចោល​ទូក និង​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។
23ព្រះយេស៊ូ​យាងកាត់ពេញស្រុក​កាលីឡេ​ទាំង​មូល ទ្រង់​បង្រៀន​​ក្នុងគ្រប់​សាលា​ប្រជុំ​ ​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យនៃព្រះជាម្ចាស់ ហើយ​ប្រោស​ជំងឺគ្រប់យ៉ាង និងអ្នក​ជំងឺ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជនឲ្យ​បាន​ជា​សះស្បើយ។
24ដំណឹងនេះ​ក៏​ល្បី​ឮ​​ពាសពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយគេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​ប្រភេទដែលមានជំងឺផេ្សងគ្នាៗ អ្នក​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះអង្គ។ ព្រះអង្គ​ក៏​ប្រោសបាន​ពួកគេ​ឲ្យ​បាន​ជា​សះស្បើយទាំង​អស់។
25មាន​មហាជន​ជា​ច្រើននាំគ្នាដើរតាមព្រះអង្គ ចាប់ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូសាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។