1នៅគ្រានោះ លោកយ៉ូហានបាទីស្ដប្រកាសនៅវាលរហោស្ថាន ស្រុកយូដាថា៖
2«ចូរប្រែចិត្តឡើង! ដ្បិតព្រះរាជ្យនៃស្ថានបរមសុខ ជិតមកដល់ហើយ!»។
3លោកនេះហើយដែលព្យាការីអេសាយបានថ្លែងទុកអំពីលោកថា៖ «មានសំឡេងមួយស្រែកឡើងនៅវាលរហោស្ថានថា៖ ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!»។
4លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយខ្សែក្រវាត់គាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំធ្វើជាអាហារ។
5អ្នករស់នៅយេរូសាឡឹម ស្រុកយូដា និងអ្នកស្រុកនៅតំបន់ ទន្លេយ័រដាន់ទាំងមូលនាំគ្នាមករកលោក។
6ពួកគេសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
7ប៉ុន្តែកាលលោកឃើញពួកផារីស៊ី និងពួកសាឌូស៊ី មកទទួលពិធីជ្រមុជទឹកពីលោក លោកនិយាយទៅគេថា៖ «ឲ្យពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធ ដែលនឹងមកដល់ដូច្នេះ?។
8ចូរបង្កើតផលផ្លែល្អ ដើម្បីបញ្ជាក់ពីការដែលអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។
9កុំគិតថាថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចបង្កើតកូចចៅលោកអប្រាហាំចេញពីថ្មទាំងនេះក៍បានដែរ។
10ពូថៅដាក់នៅជិតគល់ឈើស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់ ហើយបោះចោលទៅក្នុងភ្លើង។
11ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ដើម្បីអ្នករាល់គ្នាកែប្រែចិត្តគំនិត ប៉ុន្តែលោកដែលមកក្រោយខ្ញុំ មានអំណាចលើសខ្ញុំទៅទៀត។ ខ្ញុំមិនសក្តិសមសូម្បីតែដោះស្បែកជើងជូនលោក។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណដ៏វិសុទ្ធនិងដោយភ្លើងវិញ។
12លោកកាន់ចង្អេរ សម្អាតលានបោកស្រូវ អុំស្រូវប្រមូលយកគ្រាប់ដាក់ក្នុងជង្រុក រីឯសំដី លោកនឹងដុតក្នុងភ្លើង ដែលឆេះរហូត»។
13ពេលនោះ ព្រះយេស៊ូយាងពីកាលីឡេទៅទន្លេយ័រដាន់ដើម្បីឲ្យលោកយ៉ូហានធ្វើពិធីជ្រមុជទឹកឲ្យ។
14ប៉ុន្តែ លោកយ៉ូហានព្យាយាមប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ?»។
15ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយតបទៅគាត់ថា៖ «ចូរធើ្វម្តងនេះសិនចុះ ដើម្បីឲ្យសម្រេចស្របតាមគ្រប់ទាំងសេចក្ដីសុចរិតដែលព្រះជាម្ចាស់បានបង្គាប់»។ លោកយ៉ូហានក៏យល់ព្រម។
16ក្រោយពេលទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូយាងឡើងពីទឹកភ្លាម ស្រាប់តែផ្ទៃមេឃបើកចំហ ទ្រង់ឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចុះមកដូចសត្វព្រាប និងសណ្ឋិតលើព្រះអង្គ។
17មើល មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ព្រះទ័យនឹងព្រះអង្គខ្លាំងណាស់!»។