ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីព្រះយេស៊ូ​ប្រសូត​នៅក្នុង​ភូមិ​បេថ្លេហិម​​ ​ស្រុក​យូដា ក្នុង​រជ្ជកាលព្រះបាទ​ហេរ៉ូដ មាន​ពួក​ហោរាចារ្យ​​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​​យេរូសាឡឹមដោយសួរ​ថា៖
2«តើព្រះអង្គដែលប្រសូតមកជាមហាក្សត្រ​របស់​ជន​ជាតិ​យូដាគង់​នៅ​ឯ​ណា? យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គពី​ទិស​ខាង​កើត ហើយ​យើងមក​ថ្វាយបង្គំ​ព្រះអង្គ»។
3កាល​ព្រះបាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ព្រះអង្គ​មានព្រះហឫទ័យរន្ធត់​​យ៉ាង​ខ្លាំង ហើយ​អ្នក​រស់នៅ​យេរូសាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ត​ជា​មួយ​ព្រះអង្គ​ដែរ។
4ព្រះបាទហេរ៉ូដកោះហៅ​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះគ្រិស្ដ​បាន​ប្រសូត។
5ពួកគេ​ទូលប្រាប់ស្ដេច​ថា ព្រះគ្រិស្ដ​​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ព្រោះមាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី​ថា៖
6«បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ!​ អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ក្នុង​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹងមើល​ថែ​ជន​ជាតិ​អ៊ីស្រាអែលរបស់​យើង»។
7ក្រោយមក ព្រះបាទ​ហេរ៉ូដ​ហៅ​ពួក​ហោរាចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់យ៉ាងហ្មត់ចត់ពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។
8ព្រះអង្គ​ចាត់​ពួកគេ​ទាំង​នោះ​ឲ្យ​ទៅ​​បេថ្លេហិម ដោយ​បង្គាប់​ថា៖ «​នាំ​គ្នា​ទៅ​ចុះ! ហើយ​ស៊ើបសួរ​ដំណឹង​អំពី​ព្រះបុត្រ​នោះ​អោយ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​បុត្រនោះហើយ សូម​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»។
9បន្ទាប់​ពីបានឮបញ្ជារបស់ស្តេចហើយ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ ហើយផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត ក៏នាំ​មុខ​គេ​ជានិច្ចរហូត​ដល់​កន្លែង​ដែល​ព្រះបុត្រ​គង់នៅ​ទើប​ឈប់។
10កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយហើយ គេ​សប្បាយ​ចិត្ត​យ៉ាងខ្លាំង។
11ពួកគេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយឃើញ​ព្រះបុត្រ​​នៅ​ជា​មួយនាង​​ម៉ារី​ ជា​មាតារបស់ព្រះអង្គ។ ពួកគេ​ក៏​នាំ​គ្នា​​ថ្វាយបង្គំ​ព្រះអង្គ រួចក៍​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួនមក គឺមាន ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីងទេស​​ថ្វាយដល់​ព្រះអង្គ។
12ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ព្រមាន​គេ ក្នុង​សុបិន​​មិន​ឲ្យ​វិល​ទៅ​ជួប​ព្រះបាទ​ហេរ៉ូដ​វិញ​ឡើយ បន្ទាប់​មក ពួកគេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​។
13បន្ទាប់ពីពួក​ហោរាចារ្យ​ចាក​ចេញ​​ទៅ ទេវតា​របស់​ព្រះអម្ចាស់​លេចមក​ប្រាប់​លោក​យ៉ូសែបក្នុង​សុបិន​​ថា៖ «​ក្រោក​ឡើង! នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ ភៀសខ្លួន​ទៅ​​អេស៊ីប​ទៅ។ ត្រូវ​ស្នាក់​នៅ​កន្លែង​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញសឹម​មក ពីព្រោះ​ព្រះបាទ​ហេរ៉ូដ​រក​សម្លាប់​ព្រះបុត្រ»។
14យប់នោះលោក​យ៉ូសែប​ក្រោក​ឡើង ហើយនាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​អេស៊ីបទាំងយប់​។
15គាត់​​នៅ​ទី​នោះ​រហូត​ដល់​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត ការនេះកើតឡើង​ស្រប​នឹង​សេចក្ដី ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​​ហៅ​បុត្រ​យើង​ចេញ​ពី​​អេស៊ីប​មក»។
16បន្ទាប់ពីព្រះបាទហេរ៉ូដ​យល់​ថា ​ពួក​ហោរាចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ព្រះអង្គ​ព្រះពិរោធ​យ៉ាងខ្លាំង ហើយ​ក៍ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​​ក្នុងភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង ចាប់ពីអាយុយ​ពីរ​ឆ្នាំ​ចុះក្រោម គឺ​តាម​កំណត់ថ្ងៃដែល​ទ្រង់​បាន​សួរ​បញ្ជាក់​ពួក​ហោរាចារ្យ។
17ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ ​យេរេមា​ថា៖
18«មាន​ឮសំឡេង​​ពី​​រ៉ាម៉ា​មកជា​ទំនួញយំ​សោក និង​កាន់ទុក្ខ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូននាង​ ហើយនាងមិន​ព្រម​អោយ​នរណា​សម្រាល​ទុក្ខ​នាងឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»​។
19ក្រោយពីព្រះបាទហេរ៉ូដ​សោយ​ទិវង្គត​ ទេវតារបស់​ព្រះអម្ចាស់​បានលេចមក​ប្រាប់​លោក​យ៉ូសែប នៅ​អេស៊ីប​ក្នុង​សុបិន​​ថា៖
20«​ក្រោក​ឡើង! នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ​ត្រឡប់​ទៅ​​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុនប៉ង​មកលើ​ព្រះកុមារបាន​ស្លាប់​បាត់​អស់​ទៅ​ហើយ»។​
21​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គត្រឡប់ទៅ​អ៊ីស្រាអែល​វិញ។
22ប៉ុន្តែ កាល​លោក​ឮ​ថា ព្រះបាទ​អើខេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ស្តេច​ហេរ៉ូដ​ជា​ព្រះបិតា លោក​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោកភៀសខ្លួនទៅ​កាលីឡេ ដោយព្រោះព្រះជាម្ចាស់​ប្រាប់លោកឲ្យដឹងក្នុង​សុបិន។
23លោក​ទៅរស់​នៅ​ ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសារ៉ែត ការនេះកើតឡើងស្របតាម​សេចក្ដី​ដែល​ពួក​ព្យាការី ​បាន​ថ្លែង​ទុក​ថា៖ គេ​នឹង​ហៅ​ព្រះអង្គ​ថា ជា​អ្នក​ភូមិ​ណាសារ៉ែត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។