ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 27

Read Scripture freely. Divine Threads study for this chapter is coming later.

1លុះពេលព្រឹក​បានមកដល់ ពួក​នាយក​បូជាចារ្យ និង​ព្រឹទ្ធា​ចារ្យរបស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សម្រេចចិត្ត​ធ្វើ​គុត​ព្រះយេស៊ូ។
2ពួកគេ​​ចង​ព្រះអង្គ ហើយបញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសាភិបាល។
3កាល​យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោកស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាមសិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​វិញ
4ហើយ​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បានក្បត់មនុស្ស​ឥត​ទោស​ទៅឲ្យ​គេ​បង្ហូរ​ឈាម»។ ប៉ុន្តែពួក​គេ​ឆ្លើយ​ថា៖«តើរឿង​នេះ​មាន​ទាក់ទង​អ្វី​នឹង​យើង​ទៅ? ជា​រឿង​របស់​អ្នក​ទេ​តើ»។
5បន្តាប់មកយូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះវិហារហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួនទៅ។
6ពួក​នាយក​បូជាចារ្យបាន​រើស​ប្រាក់​នោះ ហើយ​ពោល​ថា៖ «គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​វាជា​ប្រាក់​បង់​ថ្លៃ​ឈាម»​។
7ពួកគេបាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការរបស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។
8ព្រោះហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​បង្ហូរឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃនេះ។
9ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី​យេរេមាមក​ថា៖ «គេ​បាន​យក​ប្រាក់​សាមសិប​ស្លឹង ជា​ប្រាក់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ
10ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចំការ​របស់​ជាង​ស្មូន ដូច​ព្រះអម្ចាស់​បង្គាប់​មក​ខ្ញុំ​»។
11ឥឡួវនេះព្រះយេស៊ូ ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​ ​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេចរបស់​យូដា​មែន​ឬ?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ត្រូវដូចលោក​​មាន​ប្រសាសន៍​ហើយ»។
12ប៉ុន្តែពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។
13បន្ទាប់មកលោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើអ្នក​មិន​ឮការ​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ»?
14ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់ណា​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿងឆ្ងល់​ជា​ខ្លាំង។
15ពេលនោះជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ទេសា​ភិបាល​តែងតែ​ដោះលែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដាជន។
16នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​​បារ៉ាបាស។
17កាល​បណ្ដាជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា? ដោះ​លែង​​បារ៉ាបាស ឬ​យេស៊ូ​ហៅ​ព្រះគ្រិស្ដ?»
18លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះយេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។
19នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាបថា៖ «កុំ​ឡូកឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ ដ្បិតតែ​រឿង​បុរស​នេះ ខ្ញុំ​យល់សប្ដិ​អាក្រក់​ណាស់»។
20ពេលនោះពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធា​ចារ្យ​នាំ​គ្នា​ញុះញង់​បណ្ដាជន ឲ្យសុំ​ដោះ​លែង​បារ៉ាបាស និង​សុំឲ្យ​ប្រហារ​ជីវិត​ព្រះយេស៊ូ។
21លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?» ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។
22លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះគ្រិស្ដ​នេះ?» ពួកគេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​គាត់ទៅ​ឆ្កាង​ទៅ!»
23បន្ទាប់មកលោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​គាត់ទៅ​ឆ្កាង​ទៅ»។
24ដោយ​លោក​ពីឡាត​ឃើញ​ថា មិនអាចធ្វើអ្វីលើសពីនេះទៀត ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដាជន ហើយ​ពោល​ថា៖ «ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ»។
25ប្រជាជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ នឹងទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ»។
26បន្ទាប់មក លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ាបាស រីឯ​ព្រះយេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យគេ​ឆ្កាង។
27បន្ទាប់​មក ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅទីធ្លាបន្ទាយ ហើយប្រមូលទាហានមកចោមរោមព្រះអង្គ។
28ពួកគេដោះព្រះពស្រ្តរបស់ព្រះអង្គចេញ ហើយពាក់អាវធំពណ៌ក្រហមទុំឲ្យព្រះអង្គវិញ
29ពួកគេធ្វើមកុដពីបន្លាមកពាក់លើព្រះសិរសាព្រះអង្គ ហើយយកដើមត្រែងមកដាក់ក្នុងព្រះហស្តស្តាំព្រះអង្គ ហើយពួកគេលុតជង្គុងចុះ ទាំងពោលពាក្យចំអកព្រះអង្គថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដាអើយ!»
30ពួកបានគេស្តោះទឹកមាត់ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។
31ក្រោយ​ពី​បាន​ប្រមាថ​មើលងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​ព្រះអង្គនាំ​យក​ទៅ​ឆ្កាង។
32ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។
33លុះ​ពួកគេមក​ដល់​កន្លែង​មួយ​ឈ្មោះ គាល់កូថា ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»។
34គេ​យក​ស្រា​ទំពាំងបាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ឲ្យ​ព្រះអង្គ​សោយ ប៉ុន្តែព្រះយេស៊ូ​ក្រេប​បន្តិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។
35ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា
36រួចហើយពួកគេ​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។
37គេ​បាន​សរសេរ​ប្រកាសដាក់ខាងលើព្រះសិរសារបស់ព្រះអង្គ អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា៖ «អ្នក​នេះគឺយេស៊ូ ជា​ស្ដេច​ជន​ជាតិ​យូដា»។
38ពួកគេ​បាន​ឆ្កាង​ចោរ​​ពីរ​នាក់​ជា​មួយ​និងព្រះយេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។
39មនុស្សម្នា​ដែលដើរ​កាត់​តាម​នោះ នាំគ្នាប្រមាថ​មើលងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ
40ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះវិហារ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល! បើ​អ្នក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មកមើល៍!»
41ពួក​នាយក​បូជាចារ្យ ពួក​អាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​និយាយ​ថា៖
42«គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ គាត់​ជា​ស្ដេច​អ៊ីស្រាអែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យយើង​ជឿ​ផង។
43គាត់​បាន​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ទុក​ឲ្យ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ បើ​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​គាត់​មែន។ ដ្បិត​គាត់​ពោល​ថា៖ «ខ្ញុំ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។
44សូម្បី​តែ​ចោរ​​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ​ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។
45ផែនដី​ទាំង​មូល​ងងឹត​សូន្យចាប់​ពី​ម៉ោងប្រាំមួយ រហូត​ដល់​ម៉ោង​ប្រាំបួន។
46ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះយេស៊ូ​ស្រែក​​ខ្លាំងៗ​ថា៖ «អេលី» អេលី​ឡាម៉ាសាបាច់ថានី? ដែល​មាន​ន័យ​ថា «ឱ​ព្រះជាម្ចាស់ ជាព្រះនៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?»
47ពេលអ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ ក៏​និយាយ​ថា៖ «គាត់​កំពុងហៅ​លោក​អេលីយ៉ា»។
48ភ្លាម​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារ៉ាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហើយហុច​ថ្វាយ​ព្រះអង្គ​សោយ។
49អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»
50បន្ទាប់មកព្រះយេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។
51ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះវិហារ ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា។
52ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាកសព​ប្រជាជន​ដ៏វិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ។
53ពួកគេក៏​ចេញ​ពី​ផ្នូរ ក្រោយ​ពេល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ គេបាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។
54កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះយេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុការណ៍​ដែលបាន​កើត​ឡើង​ដូច្នេះ គេ​មានការភ័យជា​ខ្លាំង ហើយ​ពោល​ថា៖ លោក​នេះ ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន!
55មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បំរើ​ព្រះយេស៊ូ តាំង​ពី​ស្រុក​កាលីឡេ​មក។
56ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​។
57លុះ​ដល់​ល្ងាចចូលមកដល់ មានអ្នកមាន​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរីម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ។
58គាត់​បាន​​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះសព​ព្រះយេស៊ូ ក្រោយមកលោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះសព​មក​គាត់។
59លោក​យ៉ូសែប​យក​ព្រះសព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី
60រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។
61នាង​ម៉ារី​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។
62នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក ពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត
63គេជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា បី​ថ្ងៃ​ក្រោយ​ពីបានខ្ញុំ​ស្លាប់ នោះខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។
64ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជាជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។
65លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។
66ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យនៅ​យាម​ផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។