1ក្រោយថ្ងៃសប្ប័ទ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។
2ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតារបស់ព្រះអម្ចាស់ ចុះពីស្ថានបរមសុខមកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។
3ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ ហើយមានសម្លៀកបំពាក់សដូចសំឡី។
4ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។
5ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកព្រះយេស៊ូ ដែលគេបានឆ្កាង។
6ព្រះអង្គមិននៅទីនេះទេ ព្រះអង្គរស់ឡើងវិញហើយ ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ។ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន។
7សឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះព្រះអង្គយាង ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ»។
8ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យផងទាំងអរផង ហើយរត់យកដំណឹងនេះរត់ទៅជម្រាបប្រាប់ពួកសិស្ស។
9ពេលនោះ ព្រះយេស៊ូយាងមកជួបពួកនាង ដោយមានព្រះបន្ទូលថា៖ «ជម្រាបសួរនាង!» នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។
10បន្ទាប់មកព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
11កាលស្ត្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះក៏នាំគ្នាចូលទៅទីក្រុង ជម្រាបពួកនាយកបូជាចារ្យ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។
12ពេលនោះពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន
13ទាំងប្រាប់ថាត្រូវនិយាយថាពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់»។
14ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស។
15ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
16សិស្សទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឲ្យគេទៅ។
17កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែមានអ្នកខ្លះនៅមានការសង្ស័យនៅឡើយ។
18ព្រះយេស៊ូយាងចូលមកជិតពួកគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដីបានប្រគល់មកខ្ញុំហើយ។
19ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
20ចូរបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។