ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 26

Read Scripture freely. Divine Threads study for this chapter is coming later.

1កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះរួច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់ព្រះអង្គថា៖
2«អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀតដល់​បុណ្យ​ចម្លងហើយ បុត្រ​មនុស្សនឹងត្រូវគេបញ្ជូន​ទៅ​ឆ្កាង»។
3ក្រោយមក ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន ជួបជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ ឈ្មោះ​កៃផាស
4គេបាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កលល្បិច​ចាប់​ព្រះយេស៊ូ​យក​ទៅ​ធ្វើ​គុត។
5ដ្បិតគេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។
6កាលព្រះយេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។
7ពេល​ព្រះយេស៊ូ​កំពុង​សោយ​ព្រះស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវមានប្រេងក្រអូបដ៏​​មាន​តម្លៃ​ថ្លៃ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះសិរសា​ព្រះអង្គ។
8ប៉ុន្តែពេលពួក​សិស្ស​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​អ៊ីចឹង!
9បើ​យកនាង​ប្រេង​ក្រអូប​នេ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើនណាស់ សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ»​។
10ប៉ុន្តែព្រះយេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជាអ្នករាល់គ្នា​រក​រឿង​នាង​ដូច្នេះ? ព្រោះនាង​បាន​ធ្វើ​ការដ៏​ល្អ​ចំពោះ​ខ្ញុំ។
11អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយអ្នក​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​នោះទេ។
12ដ្បិតកាលនាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​របស់ខ្ញុំ​។
13ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល ពេល​ណា​គេ​ប្រកាស​ដំណឹងល្អ គេ​នឹងនិយាយ​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។
14ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់ពីរ​ឈ្មោះ យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជាចារ្យ
15ហើយជម្រាបថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វីដល់​ខ្ញុំ»? ពួក​នាយក​បូជាចារ្យ​ក៏​រាប់​ប្រាក់​ឲ្យគាត់​សាមសិប​ស្លឹង​។
16ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។
17នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ពួកសិស្ស​នាំ​គ្នា​មក​គាល់​ព្រះយេស៊ូ​ទូល​ថា៖ «តើ​ព្រះគ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង​នៅ​កន្លែង​ណា?»
18ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​​ក្នុងទីក្រុង ប្រាប់​បុរស​ម្នាក់ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្សរបស់​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក»។
19ពួកសិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​ចម្លង។
20លុះ​ដល់​ល្ងាចចូលមកដល់ ព្រះអង្គ​បរិភោគរួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប
21នៅ​ពេលពួកគេកំពុង​បរិភោគ ទ្រង់មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹងក្បត់​ខ្ញុំ»។
22ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ទូលបង្គំ​ឬព្រះអង្គ?»
23ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​ក្បត់​ខ្ញុំ​។
24បុត្រ​មនុស្ស​ត្រូវ​ទៅ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​ក្បត់បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង!
25យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «តើ​ខ្ញុំ​ឬ លោកគ្រូ? ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​នឹងត្រូវ​ហើយ»។
26នៅ​ពេលពួកគេ​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ ហើយអធិស្ឋានទៅព្រះជាម្ចាស់ រួចក៏​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សូមពិសា​ចុះ»។
27ព្រះអង្គ​យក​ពែង​មក​កាន់ ហើយអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​​ពិសា​ទាំង​អស់​គ្នា​ចុះ
28ដ្បិតនេះ​ជា​លោហិត​របស់​ខ្ញុំ ជាលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើកលែង​ទោសដល់​មនុស្ស​ទាំង​អស់​ឲ្យរួច​ពី​បាប។
29ប៉ុន្តែខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរនេះ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះបិតា​របស់ខ្ញុំ»។
30ក្រោយ​ពី​ពួកគេបាន​ច្រៀងបទ​ទំនុកតម្កើង​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។
31ព្រះយេស៊ូ​ក៏មាន​ព្រះបន្ទូលទៅពួកសិស្ស​ថា៖ យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះបង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «យើង​នឹង​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ។
32ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។
33ប៉ុន្តែ ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះបង់​ចោល​ព្រះអង្គ​​ក៏​ដោយ ​ទូលបង្គំនឹង​មិន​​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។
34ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​មិន​ស្គាល់​ខ្ញុំបី​ដង​»។
35​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធថា មិន​ស្គាល់​ព្រះអង្គ​ឡើយ»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ ដូច​​ពេត្រុស​ដែរ។
36ក្រោយមក ព្រះយេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្សដល់​កន្លែង​មួយ ឈ្មោះ​កេតសេម៉ានី ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ពួកអ្នកទាំងអ្ស់គ្នា​អង្គុយ​នៅ​ទី​នេះ​សិនចុះ ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ត្រង់​កន្លែង​នោះ។
37ព្រះអង្គ​នាំ​ពេត្រុស និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ ពេល​នោះព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះហឫទ័យ ហើយ​​អន្ទះសា​ពន់ប្រមាណ
38ក្រោយមកទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។
39ព្រះអង្គ​យាង​ទៅ​មុខ​បន្តិច ក្រាប​ព្រះភក្ត្រ​ដល់​ដី​ហើយអធិស្ថាន​ថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នេះរំលង​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។
40ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​​ពេត្រុស​ថា៖ «តើអ្នក​រាល់​គ្នា​មិន​ស៊ូ​ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬអី?
41ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​បាន​មែន តែ​សាច់ឈាមរបស់គេ​នៅ​ទន់​ខ្សោយ»។
42ព្រះអង្គ​យាង​ចេញ​ទៅអធិស្ថាន​លើក​ទី​ពីរ​ ទ្រង់មានព្រះបន្ទួលថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។
43ព្រះអង្គវិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។
44ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន​ជា​លើក​ទី​បី ហើយ​ទូលអង្វរ​ដោយ​ពាក្យ​ដដែល។
45បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើអ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយនាំគ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ដ្បិត​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ ​របស់​មនុស្ស​បាបជិតមកដល់​ហើយ។
46ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ មើល៍ ​អ្នក​ដែល​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។
47កាលព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរបាន​មក​ដល់ ដោយនាំ​បណ្ដាជន​ជា​ច្រើន​ដែលពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​បាន​ចាត់​អ្នក​ទាំង​នោះ ឲ្យ​មក ទាំងកាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ។
48ម្នាក់​ដែលក្បត់​ព្រះយេស៊ូ បានប្រាប់​សញ្ញា​មួយ​ថា៖ «បើខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ»។
49ភ្លាមនោះ​យូដាស​មក​ដល់​ គាត់​ដើរ​តម្រង់​មក​រក​ព្រះយេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​លោកគ្រូ! រួច​ក៏ថើប​ព្រះអង្គ។
50ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ! ធ្វើអ្វីដែលអ្នកចង់​ធ្វើ​ទៅ​ចុះ»។ ពេល​នោះ បណ្ដាជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។
51មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះយេស៊ូ បាន​ហូត​ដាវចេញមក​កាប់​អ្នក​បម្រើរបស់​លោក​មហា​បូជាចារ្យ ដាច់​ស្លឹក​ត្រចៀក។
52បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​។
53តើអ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរករ​ព្រះបិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​ជាង​ដប់ពីរ​កងពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬអី?
54បើ​ធ្វើ​ដូច្នោះ តើធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​នេះទៅ»?
55ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ថា៖ «អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ ដូចជាមកចាប់ចោរអញ្ចឹង? ខ្ញុំ​​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។
56ប៉ុន្តែហេតុការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យបាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី»។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​រត់ចោល​ព្រះអង្គ​អស់​ទៅ។
57ពួកអ្នកដែលចាប់​ព្រះយេស៊ូ​ នាំគ្នា​បណ្ដើរ​ព្រះអង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាសជា​មហា​បូជាចារ្យ។ ពួក​អាចារ្យ និង​ពួក​ព្រឹទ្ធា​ចារ្យ ជួបជុំ​គ្នា​នៅ​ទី​នោះ។
58ប៉ុន្តែ​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា​បូជាចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះវិហារ រងចង់មើល​ហេតុការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។
59ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះយេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ
60ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែងក្លាយ​ក៏​ដោយ ក៏​គេ​រក​មិនឃើញកំហុសព្រះអង្គដែរ។ តែមាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក
61ពោល​ថា៖ «អ្នក​នេះ​បាន​អះអាង​ថា ខ្ញុំ​អាច​រុះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ»។
62លោក​មហា​បូជាចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះអង្គ​ថា៖ តើអ្នកឆ្លើយយ៉ាងម៉េចចំពោះ​អ្នក​ចោទ​ប្រកាន់​អ្នក​ទាំង​នេះ?
63ប៉ុន្តែព្រះយេស៊ូ​នៅ​ស្ងៀម លោក​មហា​បូជាចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ ចូរបញ្ជាអ្នក​នាមព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ តើ​អ្នក​ពិត​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?
64ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​និយាយអ៊ីចឹង ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ហើយ​នឹង​យាង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។
65ពេល​នោះ លោក​មហា​បូជាចារ្យ​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​! តើយើង​នៅរក​សាក្សីទៀត​ធ្វើអី? មើល៍ អស់​លោក​បានឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​អំបាញ់​មិញ​ស្រាប់។
66តើ​អស់​លោក​គិត​យ៉ាង​ណាដែរ?» ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»
67ក្រោយមកគេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ ហើយគេ​វាយ​តប់​ព្រះអង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះអង្គ
68ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះគ្រិស្ដ​អើយ អ្នក​ណា​វាយ​ព្រះអង្គ?»
69ពេល​នោះ ​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា ហើយមាន​ស្ត្រី​បម្រើ​របស់​មហា​បូជាចារ្យ​ម្នាក់​ចូល​មក​ជិត​គាត់ និយាយថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលីឡេ​ដែរ»។
70ប៉ុន្តែ គាត់​ប្រកែក​ថានៅមុខពួកគេថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។
71ពេល​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់​ហើយ​និយាយ​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែរ»។
72លោក​ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី​ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»
73បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្តី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលីឡេ​មែន»។
74​ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «គាត់ចាប់ផ្តើមស្បថថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ» ភ្លាម​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង
75​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​មិន​ស្គាល់​ខ្ញុំបី​ដង»។ បន្ទាប់មក​​ ​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោចផ្សា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។