1ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងហើយចេញទៅទទួលស្វាមី។
2ពួកនាងប្រាំនាក់ជាស្ត្រីឥតគំនិត ហើយប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។
3ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។
4រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ ទាំងមានប្រេងបង្ការផង។
5ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។
6ប៉ុន្តែលុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា៖ «មើល៍! ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!»។
7ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើង ហើយរៀបចំអុជចង្កៀង។
8ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ។
9ប៉ុន្តែស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា៖ «ទេមិនបានទេ! បើយើងចែកឲ្យពួកនាងក្រែងមិនគ្រាន់សម្រាប់យើងផង និងសម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ»។
10នៅពេលដែលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេង ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។
11ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ស្រែកហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង»។
12ស្វាមីឆ្លើយទៅវិញថា៖ «ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!»។
13ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា ថ្ងៃណា ឬពេលណាដែលបុត្រមនុស្សមកនោះឡើយ។
14ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។
15គឺឲ្យប្រាំណែនទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី តាមសមត្ថភាពរៀងៗខ្លួន រួចគាត់ចេញដំណើរទៅ។
16អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
17ដូច្នោះដែរ អ្នកទីពីរដែលទទូលបានប្រាក់ពីរណែននោះក៍យកទៅរកស៊ី ចំណេញបានពីរណែនទៀត។
18រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។
19លុះពេលយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។
20អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន មកជូនម្ចាស់ដោយពោលថា៖ «លោកម្ចាស់អើយ! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត»។
21ម្ចាស់ក៏ពោលទៅគាត់ថា៖ «ល្អហើយ! អ្នកបម្រើដ៏ល្អ និងមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ»។
22អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជំរាបថា៖ «លោកម្ចាស់អើយ! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត»។
23ម្ចាស់ក៏ពោលទៅគាត់ថា៖ «ល្អហើយ! អ្នកបម្រើដ៏ល្អ និងមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ»។
24បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថា៖ «លោកម្ចាស់អើយ! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។
25ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឲ្យទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ»។
26ប៉ុន្តែម្ចាស់ក៏ពោលទៅអ្នកនោះថា៖ «នែ៎ អ្នកបម្រើអាក្រក់ និង ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។
27អ្នកគួរតែយកប្រាក់របស់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទាំងដើមទាំងការ។
28ចូរយកប្រាក់ពីអ្នកនេះ ហើយប្រគល់ឲ្យអ្នកដែលមានដប់ណែននោះទៅ
29ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានទៀតផង។
30ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកអ្នកបម្រើនេះទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ»។
31ពេលបុត្រមនុស្សយាងមក ប្រកបដោយសិរីរុងរឿង ជាមួយពួកទេវតា លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។
32ពេលនោះមនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក ទ្រង់នឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលញែកចៀមចេញពីពពែ
33គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។
34បន្ទាប់មក ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា៖ «អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក។
35ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារដល់យើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកដល់យើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួល យើងឲ្យស្នាក់នៅ
36កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានយកចិត្តទុកដាក់ដល់យើង កាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរសុខទុក្ឌយើងដែរ»។
37ក្រោយមកពួកអ្នកសុចរិតទូលព្រះអង្គវិញថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយកាលណា? ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់ណាដែរ?
38តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឲ្យស្នាក់នៅកាលណាដែរ? ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?
39តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់ណាដែរ?»។
40ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងប្រាកដថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ។
41បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងដៃព្រះអង្គថា៖ «ពួកត្រូវបណ្ដាសាអើយ! ថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសំរាប់ផ្ដន្ទាទោសមារសាតាំង និងបរិវាររបស់វានោះទៅ!
42ព្រោះពេលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ
43កាលយើងជាជនបរទេសអ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកមើលយើងទាល់តែសោះ»។
44បន្ទាប់មកពួកនោះនាំគ្នាទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់ណា?»។
45ព្រះអង្គនឹងមានព្រះបន្ទូលទៅគេថា៖ «យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងប្រាកដថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ។
46អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។