1ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។
2ប៉ុន្តែទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមិនឃើញអ្វីៗនៅទីនេះទេឬ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លែងមានថ្មត្រួតពីលើថ្មទៀតហើយ វានឹងត្រូវរលំបាក់បែកអស់»។
3កាលទ្រង់គង់នៅលើភ្នំដើមអូលីវ ពួកសិស្សនាំគ្នាចូលទៅគាល់ព្រះអង្គដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសំគាល់អ្វីឲ្យយើងខ្ញុំដឹងថាដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»
4ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ។
5ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំទៅប្រើដោយពោលថា៖ «ខ្ញុំនេះហើយជាព្រះគ្រិស្ដ ហើយគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។
6អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើង។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
7ប្រជាជាតិមួយនឹងតតាំងទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។
8ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ ដើមដំបូងរបស់ស្ត្រីដែលហៀបនឹងសម្រាលកូនប៉ុណ្ណោះ។
9គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។
10មានមនុស្សជាច្រើននឹងបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នា និងស្អប់គ្នាផង។
11នឹងមានព្យាការីក្លែងក្លាយជាច្រើនមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេង។
12ដោយអំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំង បណ្ដាលឲ្យការស្រឡាញ់របស់មនុស្សជាច្រើន ត្រូវធ្លាក់ចុះអន់ថយ។
13ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
14គេនឹងប្រកាសដំណឹងល្អអំពីព្រះរាជ្យនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក។
15កាលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក» (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ)
16ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។
17រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ
18ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។
19ប៉ុន្តែគ្រានោះ ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាជាពុំខាន។
20ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទឡើយ
21ដ្បិតនៅគ្រានោះ ជាគ្រាដែលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។
22ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាមួយបានរួចជីវិតឡើយ ប៉ុន្តែដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស ចំនួនថ្ងៃនឹងកាត់បន្ថយ។
23ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា៖ «មើល៍! ព្រះគ្រិស្ដគង់នៅទីនេះ» «ឬនៅទីនោះ» កុំជឿគេឡើយ។
24ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងជាព្យាការី នាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើទៅបាន។
25ខ្ញុំបាននិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។
26បើមានគេប្រាប់អ្នករាល់គ្នាថា៖ «មើល៍! ព្រះអង្គនៅវាលរហោស្ថានឯណោះ» កុំចេញទៅតាមគេឡើយ ឬមួយបើគេថា៖ «ព្រះអង្គនៅក្នុងបន្ទប់ឯណេះ» ក៏កុំជឿពាក្យគេដែរ។
27ដ្បិតបុត្រមនុស្សនឹងយាងមក ប្រៀបបីដូចជាផ្លេកបន្ទោរដ៏ភ្លឺ ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។
28សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ។
29ប៉ុន្តែលុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក។
30បន្ទាប់ ទីសម្គាល់របស់បុត្រមនុស្សនឹងលេចចេញពីផ្ទៃមេឃមក ហើយកុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង ។ គេនឹងឃើញបុត្រមនុស្សយាងមកលើពពកក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។
31លោកក៏ចាត់ពួកទេវតារបស់លោក ជាមួយសំឡេងត្រែលាន់ឮរំពងឡើង ឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។
32ចូរអ្នករាល់គ្នាយកដើមឧទុម្ពរទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។
33ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើងត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
34ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងប្រាកដថា ក្នុងពេលដែលមនុស្សជំនាន់នេះ នៅមានជីវិតនៅឡើយ ហេតុការណ៍ទាំងនោះនឹងកើតឡើង ។
35ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។
36ប៉ុន្តែរីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតានៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។
37នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ។
38ដ្បិតនៅមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។
39ហើយគេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ ដូចគ្នានេះដែរនៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។
40បើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
41បើមានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ។
42ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ព្រោះអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។
43ប៉ុន្តែអ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។
44ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត។
45បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលដែលកំណត់ជាពុំខាន?
46អ្នកបំរើនោះពិតជាមានពរហើយ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ។
47ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងប្រាកដថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវ លើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។
48ប៉ុន្តែ បើអ្នកបម្រើអាក្រក់គិតក្នុងចិត្តថា៖ «ម្ចាស់អញក្រមកដល់ណាស់»
49ហើយគាត់វាយអ្នកបម្រើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹកផងនោះ
50ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិននឹកគិត ឬនៅពេលដែលគាត់មិនដឹងនោះ
51លោកនឹងធ្វើទោសគាត់ជាទម្ងន់ ដោយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ។