1បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់មហាជន និងពួកសិស្សរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖
2ពួកអាចារ្យ និងពួកផារីស៊ី មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ។
3អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ពីព្រោះគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះឡើយ។
4ពិតមែន អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើស្មារបស់មនុស្ស ប៉ុន្តែគេមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង។
5ពួកគេធ្វើកិច្ចការទាំងនេះ គឺដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និងធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។
6ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ។
7ហើយពួកនេះជាពិសេសចូលចិត្តឲ្យគេអោនកាយគោរព នៅតាមផ្សារ និងឲ្យគេហៅខ្លួនថា «លោកគ្រូ»។
8ប៉ុន្តែរីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា «លោកគ្រូ» សោះឡើយ ដ្បិតអ្នករាល់គ្នាមានលោកគ្រូតែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
9កុំហៅនរណាម្នាក់នៅលើផែនដីនេះថា «ព្រះបិតា» ឲ្យសោះ ដ្បិតអ្នករាល់គ្នាមាន ព្រះបិតា តែមួយគត់ប៉ុណ្ណោះ គឺទ្រង់គង់នៅស្ថានបរមសុខ។
10កុំឲ្យគេហៅអ្នករាល់គ្នាថា គ្រួឡើយ ដ្បិតមានតែព្រះគ្រិស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាគ្រូរបស់អ្នករាល់គ្នា។
11ប៉ុន្តែបើអ្នកណាមានឋានៈធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។
12អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ។
13ប៉ុន្តែ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ដ្បិតអ្នករាល់គ្នាបិទទ្វារព្រះរាជ្យនៃស្ថានបរមសុខ មិនឲ្យមនុស្សចូលទៅក្នុង អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។
14ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់ជាមិនខាន។
15ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា ។ លុះពួកគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
16ឱពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន អ្នករាល់គ្នានិយាយថា បើអ្នកណាស្បថដោយយកព្រះវិហារមកធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ប៉ុន្តែ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន។
17មនុស្សកង្វាក់លេលាអើយ! មាស និងព្រះវិហារដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?
18ហើយអ្នកណាស្បថដោយយកអាសនាធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ ប៉ុន្តែបើស្បថដោយយកតង្វាយលើអាសនាធ្វើជាសាក្សី ទើបយកជាការបាន។
19ឱមនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនា និងអាសនាដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?
20ដូច្នេះ អ្នកណាស្បថដោយយកអាសនាជាសាក្សី អ្នកនោះមានទាំងអាសនា និងមានទាំងអ្វីៗនៅលើអាសនាជាសាក្សី។
21អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ និងមានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។
22ហើយអ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។
23ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ពីព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែអ្នករាល់គ្នាលះបង់ក្រឹត្យវិន័យសំខាន់ៗចោល គឺមានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ ប៉ុន្តែវិន័យទាំងប៉ុន្មាននេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះបង់ចោលណាមួយឡើយ។
24អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបអូដ្ដវិញ។
25ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។
26ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតដែរ។
27ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលលាបពណ៍ស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងអ្វីដែលមិនស្អាត់។
28ដូចគ្នានោះដែរ អ្នករាល់គ្នាសំដែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា ជាអ្នកសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។
29ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត
30ដោយខ្លួនពោលថា៖ «ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរសរបស់យើង នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ»។
31ពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។
32អ្នករាល់គ្នានៅតែបន្តកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នា!
33ឱពូជពស់វែកអើយ! តើធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបានទៅ?
34ហេតុនេះហើយ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងអាចារ្យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ ព្រមទាំងដេញពួកគេពីក្រុងមួយទៅក្រុងមួយផង។
35ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាកូនរបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ និងអាសនា។
36ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។
37យេរូសាឡឹម យេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសារមកហើយដែលខ្ញុំប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
38ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ។
39ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់»។